U23 Asian Cup៖ វៀតណាម ក្រុមពីអាស៊ីអាគ្នេយ៍មួយប៉ុណ្ណោះ ឈានទៅវគ្គ៨ក្រុម

ការប្រកួតជើងឯកអាស៊ីក្រោមអាយុ ២៣ឆ្នាំ AFC U23 Asian Cup ឆ្នាំ ២០២៦ ដែលអារ៉ាប៊ីសាអូឌីតធ្វើម្ចាស់ផ្ទះ បានបញ្ចប់វគ្គចែកពូលហើយ។ ក្នុងចំណោម៨ក្រុម វៀតណាមជាក្រុមតែមួយគត់ពីអាស៊ីអាគ្នេយ៍ បានកៅអីឡើងវគ្គ ១/៤ផ្តាច់ព្រ័ត្រ ដោយត្រូវតទល់អេមីរ៉ាតអារ៉ាប់រួម។

U23 វៀតណាម បានបង្កើតភាពភ្ញាក់ផ្អើលក្នុងការប្រកួតសន្សំពិន្ទុពូល A ដោយបីប្រកួតឈ្នះទាំងបី មាន៩ពិន្ទុពេញ។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូង Kim Sang-sik បានយកឈ្នះក្រុមខ្លាំងៗដូចជា ហ៊្សកដានី ២-០, ឈ្នះ កៀហ្ស៊ីស៊ីស្ថាន ២-១ និង ឈ្នះម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ១-០។

ជ័យជម្នះនេះបានជួយវៀតណាម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាមួយកំណត់ត្រាល្អបំផុតមិនធ្លាប់មាន ស្រពពេលថៃ ធ្លាក់ត្រឹមវគ្គចែកពូល ដោយបញ្ចប់ចំណាត់ថ្នាក់បាតតារាងពូល D។

ក្នុងចំណោម ៤ពូលនៃវគ្គសន្សំពិន្ទុ មានតែវៀតណាម និងម្ចាស់ការពារតំណែងជើងឯកជប៉ុនប៉ុណ្ណោះ ដែលឈ្នះទាំងបីប្រកួតដូចគ្នា។ ជប៉ុន ដែលឈរកំពូលតារាងពូល B បានយកឈ្នះ អេមីរ៉ាតអារ៉ាប់រួម ស៊ីរី និងកាតា។

ពូល A វៀតណាម និងហ៊្សកដានី ចាប់ដៃគ្នាឡើងទៅវគ្គខ្វែង ជាមួយជប៉ុន និងអេមីរ៉ាតអារ៉ាប់រួមពីពូល B។ ពូល C អ៊ូសបេគីស្ថាន និងកូរ៉េខាងត្បូង និងពូល D អូស្ត្រាលី និងចិន ឡើងវគ្គ៨ក្រុមចុងក្រោយ។

ការជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយ U23 Asian Cup ឆ្នាំ ២០២៦ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៦ ខែមករា៖

– វៀតណាម តទល់ អេមីរ៉ាតអារ៉ាប់រួម

– អ៊ូសបេគីស្ថាន ប៉ះ ចិន

– ជប៉ុន ជួប ហ៊្សកដានី

– អូស្ត្រាលី ប៉ះ កូរ៉េខាងត្បូង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top