ហ្កាបុងហៅ ​Aubmeyang ចូលជម្រើសជាតិវិញ ក្រោយរកាំរកូសគ្នា​រឿងធ្លាក់ពី AFCON

រដ្ឋាភិបាលប្រទេសហ្កាបុង ប្រែចិត្តកោះហៅ​កីឡាករ Pierre Americk Aubameyang និង Bruno Ecuele Manga ឱ្យត្រឡប់ចូលក្រុមបាល់ទាត់ជម្រើសជាតិវិញ បន្ទាប់ពួកគេត្រូវដកឈ្មោះចេញ ដោយសារក្រុមធ្លាក់ចេញពី Africa Cup of Nations (AFCON)។ ចំណែកក្រុមគ្រូបង្វឹកក្រុមហ្កាបុងដែលត្រូវបានបញ្ចប់តំណែង មិនត្រូវបានលើកលែងឡើយ។

Aubameyang និង Manga ត្រូវបានរដ្ឋាភិបាលហ្កាបុងបណ្តេញចេញពីក្រុមជម្រើសជាតិ ខណៈក្រុមគ្រូបង្វឹកទាំងអស់ ក្នុងនោះគ្រូបង្គោលលោក Thierry Mouyouma ត្រូវបានបញ្ចប់តំណែង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦។ ចំណែកក្រុមជម្រើសជាតិទាំងមូល ក៏ត្រូវបានរំសាយចោល ព្រោះតែការធ្លាក់ចេញពីពាន AFCON ដោយងាយស្រួលពេក។

ហ្កាបុងជាក្រុមទីពីរប្រចាំព្រឹត្តិការណ៍ AFCON ដែលបានធ្លាក់ត្រឹមវគ្គចែកពូល ក្រោយចាញ់ទាំង៣ប្រកួតនៅពូល B ពោល ចាញ់កាមេរូន និង ម៉ូសំប៊ិក លទ្ធផល ១-០ និងចាញ់កូតឌឺវ័រ ៣-២។ ក្រុមធ្លាក់ពីការប្រកួតភ្លាម Aubameyang ត្រឡប់ទៅក្លិប Olympique de Marseille និង Manga បានវិលទៅក្លិប Paris 13 Atletico នៅអឺរ៉ុបរបស់គេភ្លាមដែរ ក្រោមហេតុផលព្យាបាលរបួសសាច់ដុំ ស្របពេលរដ្ឋាភិបាលក៏សម្រេចដកឈ្មោះកីឡាករទាំង ២ នៅគ្រានោះតែម្តង។

យ៉ាងណាមិញ សហព័ន្ធបាល់ទាត់ហ្កាបុង នៅថ្ងៃទី១៣ មករា នេះ បានប្រកាសថារដ្ឋាភិបាលបានប្រែចិត្តឈប់រំសាយក្រុមជម្រើសជាតិ និងកោះហៅ Aubameyang ព្រមទាំង Manga ឱ្យរួមក្រុមវិញ។

«​​រដ្ឋាភិបាលបានសម្រេចចិត្តមិនរំសាយក្រុមបាល់ទាត់ជម្រើសជាតិទៀតទេ ដោយក្នុងនោះកីឡាករ ២រូប ក៏ត្រូវបានលើកពិន័យវិញផងដែរ។ ប៉ុន្តែក្រុមការងារគ្រូបង្វឹករបស់លោក Mouyouma គឺបន្តត្រូវបានបញ្ចប់តំណែងដដែល។»។ នេះបើតាមសេចក្តីប្រកាសនោះ។

សហព័ន្ធបាល់ទាត់ហ្កាបុងថែមទាំងបង្ហាញថា រដ្ឋមន្ត្រីកីឡាថ្មីត្រូវបានតែងតាំង មានឈ្មោះថា Paul Ulrich Kessany ដើម្បីឱ្យចូលមកដោះស្រាយបញ្ហាក្នុងក្រុមជម្រើសជាតិ និងដើម្បីត្រៀមខ្លួនល្អឡើងវិញសម្រាប់ការប្រកួតជម្រុះ Africa Cup ឆ្នាំ ២០២៧៕​ 

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top