កីឡាករបាល់ទះជប៉ុន Nishida សម្រូតខ្លួនលូនក្រាបទៅសុំទោសចៅក្រមស្រ្តីម្នាក់ ក្រោយវាយបាល់ចំ

តារាបាល់ទះជប៉ុន Yuji Nishida បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ លើសកម្មភាព​ ដែលរូបគេបានរត់សម្រូតខ្លួនលូនក្រាបលើទីលាន ដើម្បីទៅសុំទោសចៅក្រមស្រ្តីម្នាក់ បន្ទាប់ពីវាយបាល់ចំ អំឡុងកម្តៅសាច់ដុំមុនប្រកួត។

ហេតុការណ៍ដ៏ចាប់អារម្មណ៍កើតឡើងក្នុងជំនួប រវាងក្រុម Osaka Bluteon ទល់នឹងក្រុម​ Sakai Blazers នៃ​លីគ បាល់ទះជប៉ុន SV League All-Star Game កាលពីថ្ងៃទី១ ខែកុម្ភៈ។ ក្រោយបញ្ចប់សិតទី២ ដោយក្រុម Osaka Bluteon បាននាំមុខលទ្ធផល ២-០ សិតនោះ នៅអំឡុងហ្វឹកហាត់កម្តៅសាច់ដុំ ត្រៀមចូលការប្រកួតសិតទី៣ Nishida បានវាយសេវ៉ា ចេញពីម្ខាងនៃទីលាន ទៅប៉ះចំខ្នងនារីចៅក្រមម្នាក់ ដែលកំពុងអង្គុយនៅម្ខាង សំណាញ់ទី ។ គ្រាន់តែឃើញថាបាល់ត្រូវចំចៅក្រម ភ្លាមៗ កីឡាករវ័យ ២៦ឆ្នាំ ក៏បានរត់សំដៅរួចរម្អិលលូនក្រាបលើទីលាន ឆ្លងក្រោមសំណាញ់ទីលានដោយឱនក្បាល មុនពេលងើប រួចអោនក្បាលចុះឡើង ដើម្បីបង្ហាញការសុំទោស។ 

វិធីសាស្ត្រដែលកីឡាករកម្ពស់ ១,៨៦ម៉ែត្រ បានប្រើភ្លាមៗបង្ហាញការសុំទោសនោះ បើភាសាជប៉ុនហៅថា Dogeza ដែលជាទំនៀមទម្លាប់របស់ជនជាតិជប៉ុន ក្នុងការបង្ហាញការសុំទោស និងសូមការអធ្យាស្រ័យពីនរណាម្នាក់។

នារីវ័យក្មេងជាចៅក្រម ក៏មិនបានប្រកាន់ទោសអ្វីចំពោះ តារាបាល់ទះល្បីប្រចាំជប៉ុនរូបនោះ​ដែរ។ ​យ៉ាងណា បន្ទាប់ ពីសកម្មភាពដ៏ភ្ញាក់ផ្អើលរបស់ Nishida បានធ្វើឱ្យអ្នកគាំទ្រ មិត្តរួមក្រុមរបស់គេសើចសប្បាយហួសចិត្ត ខណៈវីដេអូ នោះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សលើបណ្តាញសង្គមយ៉ាងខ្លាំង។

មតិអ្នកគាំទ្រ បានកោតសរសើរដល់កីឡាករជំនាញដៃឆ្វេង ដែល​ទង្វើបង្ហាញការសុំទោសនោះ គឺផ្តល់ការគោរព ខ្លាំង ជាងការប្រើ​ពាក្យ​និយាយសុំទោសទៅទៀត។

បន្ទាប់ពីនោះ Nishida ក៏បានបន្តចូលលេងឱក្យ Osaka Bluteon របស់គេបន្ត ហើយបានជួយក្រុមយកឈ្នះ ការ ប្រកួតក្នុងលទ្ធផលសិត ៣-០។ Nishida ​ ក្លាយជាកីឡាករ ទទួលបានការចាប់អារម្មណ៍បំផុតនាជំនួបនោះ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top