កីឡាករបន្លំចូលសញ្ជាតិម៉ាឡេស៊ី ៧នាក់ អាចបន្តអាជីព តែមិនទាន់រួចខ្លួនឡើយ

តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានព្រមានទៅកាន់កីឡាកររងពិន័យករណីក្លែងបន្លំឯកសារចូល សញ្ជាតិម៉ាឡេស៊ី ចំនួន៧នាក់ថា ពួកគេគ្រាន់តែទទួលបានអនុញ្ញាតឱ្យត្រឡប់ចូលបន្តអាជីពជាប្រក្រតី តែមិនមែនបានន័យថា រួចផុតទណ្ឌកម្មទាំងស្រុងនោះទេ។ កន្លងមក CAS សម្រេចចិត្តលើកពិន័យ ត្រឹម តែរយៈពេលខ្លីជាបណ្តោះ អាសន្នប៉ុណ្ណោះ។

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ប្រកាសថាតុលាការ CAS បាន សម្រេចចិត្តផ្អាកការអនុវត្តការហាមឃាត់រយៈពេល ១ឆ្នាំ ដែលសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បាន ដាក់ពិន័យលើកីឡាករបរទេសទាំង៧នាក់។ CAS អនុញ្ញាតឱ្យកីឡាករ ៧នាក់ អាចវិលត្រឡប់ចូលប្រកប អាជីពបាល់ទាត់ឡើងវិញ។ 

ទន្ទឹមនឹងសេចក្តីប្រកាសនោះ ក៏មានការយល់ច្រឡំដែរថាកីឡាករទាំង ៧នាក់ ដែលបានក្លែងបន្លំឯកសារ ចូលសញ្ជាតិម៉ាឡេស៊ី នឹងត្រូវរួចផុតទណ្ឌកម្មពី FIFA។ 

នៅពេលនេះ CAS ក៏បានចេញមុខមកបញ្ជាក់ជាថ្មី និងព្រមានថា ការអនុញ្ញាតផ្អាកការអនុវត្តការហាម ឃាត់ គឺត្រឹមរយៈពេលបណ្តោះអាសន្ន មិនបានន័យថាកីឡាកររួចខ្លួនទាំងស្រុងនោះឡើយ។

លោកស្រី Vanessa Tracey ប្រធានផ្នែកទំនាក់ទំនងប្រចាំ CAS ប្រាប់កាសែត New Straits Times ដូច្នេះថា៖ «កន្លងមក CAS បានចេញវិធានការបណ្តោះអាសន្នទាក់ទងនឹងការព្យួរកីឡាករទាំង ៧នាក់ ដែលរងទណ្ឌកម្ម ពីសំណាក់ FIFA។ វាបានន័យថា ការផ្អាកនោះត្រូវបានធ្វើឡើងទៅតាមច្បាប់ ឬការ ផ្អាកអនុវត្តទណ្ឌកម្មរយៈពេលខ្លីប៉ុណ្ណោះ រហូតទាល់តែមានសេចក្តីសម្រេចចុងក្រោយ ត្រូវបានប្រកាសពី តុលាការ។»។

ដោយឡែក CAS ព្រមានថា ​បញ្ហាស្នូលរឿងក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី នៅមិនទាន់ដោះ ស្រាយដាច់ស្រេចនៅឡើយ ហើយក្លិបដែលចង់ដាក់កីឡាករ កំពុងតែមានបញ្ហា អាចនឹងជារឿងប្រថុយ ប្រថានបំផុតមួយដែរ។ ការបញ្ជាក់ពី CAS ផ្អាកអនុវត្តពិន័យ ក៏មិនបានន័យថា កីឡាករ នឹងអាចវិលចូល លេងឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ី ឬលេងនៅក្លិបរបស់ពួកគេបានជាប្រក្រតីវិញនោះដែរ។

ម្យ៉ាងវិញទៀត ការ​ផ្អាកពិន័យបណ្តោះអាសន្តនេះ គឺក្រោមការណែនាំរបស់ CAS ប៉ុណ្ណោះ តែមិនមែន ក្រោមការលើកលែងពី​ FIFA ដែលជាអ្នកដាក់ទណ្ឌកម្មនោះឡើយ។ 

បើការសម្រេចចុងក្រោយរបស់ CAS គាំទ្រការសម្រេចដាក់ទណ្ឌកម្មរបស់ FIFA វិញនោះ ក្លិបដែលដាក់ កីឡាករជាប់ពិន័យទាំង ៧នាក់ ឱ្យចូលលេង ក៏អាចនឹងរងទណ្ឌកម្មដូចគ្នា។ តាមច្បាប់ FIFA ក្លិប ដែល ដាក់កីឡាករកំពុងជាប់ពិន័យចូលលេង នឹងត្រូវកាត់ក្តីឱ្យចាញ់ការប្រកួត ៣-០ ស្វ័យប្រវត្តិតែម្តង។ 

FIFA ដាក់ពិន័យ FAM ជាប្រាក់ជាង ៤០ម៉ឺនដុល្លារ និងកីឡាករ៧រូប មិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់ ១២ខែ និងជាប្រាក់ ២ ៥០០ដុល្លារក្នុងម្នាក់។ កីឡាករទាំង៧រូប រួមមាន Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top