គ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា លោក Conor Nestor មានការពេញចិត្តទៅនឹងលទ្ធផលស្មើគ្នា ១-១ ជាមួយក្រុមកីឡាការិនីជម្រើសជាតិហុងកុង ហើយជាមួយការទទួលបាន១ពិន្ទុ ក្នុងការបើកឆាកនេះ លោក Conor អះអាងថា កូនក្រុមរបស់លោក គួរណាស់ទទួលបានការលើកទឹកចិត្តចំពោះការខិតខំនេះ ដើម្បីឈានទៅដណ្តើមបានលទ្ធផលល្អ សម្រាប់ការប្រកួត២លើកទៀត នៅក្នុងពូលGនេះ។
សម្រាប់ការប្រកួតបើកឆាកវគ្គជម្រុះពូលGនៃពានរង្វាន់ AFC Women’s Asian Cup Australia 2026 នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើមិនសូវបានល្អប៉ុន្មានទេ ជាពិសេសនៅតំបន់ការពារ ដែលខ្សែការពារ និងអ្នកចាំទី ហាក់មិនសូវយល់ចិត្តគ្នា ក្នុងការសង្រ្គោះគ្រាប់បាល់ ពីការបង្កើតឱកាសម្តងៗរបស់ក្រុមហុងកុងនៅមុខទី។
ជាមួយការលេងមិនសូវយល់ចិត្តគ្នានេះ ខ្សែការពារលេខ១៣ វិបុល សិរីសេដ្ឋា ដែលបានព្យាយាមរត់ទៅទាត់បាល់ចេញ ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Leung Hong Kiu Anke នៃក្រុមហុងកុងនោះ បែរជាបង្កើតជាកំហុស ធ្វើឱ្យលេខ Leung ដួល ក្នុងតំបន់គ្រោះថ្នាក់។ លោកអាជ្ញាកណ្តាល បានសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រទៅឱ្យក្រុមភ្ញៀវ ហើយកីឡាការិនីលេខ២២ Leung ជាអ្នកស៊ុតដោយខ្លួនឯងបានសម្រេច ជួយក្រុមនារីហុងកុង នាំមុខ ១-០ នៅនាទីទី៣១។
តែទោះបីជាយ៉ាងណា ការព្យាយាមលេងដោយភាពអំណត់របស់ក្រុមម្ចាស់ផ្ទះកម្ពុជា បានធ្វើឱ្យស្ថានភាពប្រកួតនៅក្នុងតង់ទី២ ហាក់មានភាពប្រសើរវិញ ហើយសំឡេងស្រែកហ៊ោកញ្ជ្រៀវបានលាន់ឮឡើងពេញពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីកីឡាការិនី វឿន សុថាន់ បានស៊ុតបាល់ទម្លុះសំណាញ់ទីក្រុមហុងកុង បានសម្រេច នៅនាទីទី៨១នោះ ដែលវាក៏ជាក្រុមបាល់ជួយឱ្យក្រុមទាំង២នេះ បានស្មើគ្នា ១-១ ផងដែរ។
សម្រាប់ការរកបានគ្រាប់បាល់តាមស្មើនេះ វឿន សុថាន បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំង ដែលបានទាត់បាល់បញ្ចូលទី ជួយឱ្យក្រុមរបស់យើងតាមស្មើ។ បើទោះបីជាក្រុមគេខ្លាំង ប៉ុន្តែការប្រកួតនៅថ្ងៃនេះ ក្រុមរបស់យើង បានសហការគ្នាបានល្អ និងមានឆន្ទៈខ្ពស់ ក្នុងការប្រកួត»។
យ៉ាងណាក៏ដោយ ម្ចាស់អាវលេខ២៣ វឿន សុថាន បានលើកដៃសំពះ សុំចិត្តអ្នកគាំទ្រជាជនរួមជាតិ ទៅទស្សនាផ្ទាល់ ការប្រកួត២លើកទៀតឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមនារីកម្ពុជា ព្រោះការប្រកួតជាមួយក្រុមនារីហុងកុង កាលពីយប់ថ្ងៃអាទិត្យនោះ មានអ្នកគាំទ្រផ្ទាល់តិចតួចទេ។
ចំណែកលោក Conor Nestor ជាគ្រូបង្គោល បានមើលឃើញថា ក្រុមនារីកម្ពុជា ពិតជាធ្វើបានល្អ សម្រាប់ការប្រកួត នៅតង់ទី២ ហើយលោកបានទទូចសុំឱ្យមានការលើកទឹកចិត្តបន្ថែមដល់កូនក្រុមរបស់លោក ដើម្បីឱ្យពួកគេកាន់តែមានកម្លាំងចិត្ត ហើយអាចលេងបានល្អទៀត ក្នុងការឈានទៅដណ្តើមបានលទ្ធផលល្អ សម្រាប់ការប្រកួតជាមួយក្រុមក្រុមនារីហ្វីលីពីន និងក្រុមនារីអារ៉ាប៊ីសាអូឌីត។
លោក Conor Nestor បាននិយាយ ក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ជម្រើសជាតិនារីហុងកុង គឺជាក្រុមមួយ ដែលមានបទពិសោធន៍ច្រើន នៅក្នុងការប្រកួតអន្តរជាតិបែបនេះ ហេតុនេះខ្ញុំសប្បាយចិត្ត នៅពេលឮសំឡេងកញ្ចែបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើគ្នា ១-១ ព្រោះវាជាលើកដំបូងហើយ ដែលក្រុមកីឡាការិនីរបស់យើង បានលេងក្នុងកម្រិតបែបនេះ»។
គ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor បានបញ្ជាក់ថា៖ «បើសិនជាក្រុមជម្រើសជាតិនារីរបស់យើង លេងបានល្អដូចតង់ទី២ សម្រាប់ការប្រកួត២លើក ដែលនៅសល់ ខ្ញុំគិតថា ពួកយើងនឹងឈានទៅដល់ចំណុចខ្ពស់មួយ សម្រាប់ការប្រកួតពានរង្វាន់ AFC Women’s Asian Cup ក្នុងវគ្គចែកពូលនេះ អ៊ីចឹងខ្ញុំគិតថា កីឡាការិនីរបស់យើងគួរតែទទួលបានការលើកទឹកចិត្តពីការខិតខំនេះ»។
ចំណែកលោក Jose Ricardo Rambo គ្រូបង្វឹកក្រុមកីឡាការិនីជម្រើសជាតិហុងកុង បានសម្តែងការសោកស្តាយ ដែលក្រុមរបស់លោក មិនអាចរក្សាការនាំមុខ ១-០ ដល់ចប់ការប្រកួត ប៉ុន្តែលោកទទួលស្គាល់ថា នៅតង់ទី២ ក្រុមនារីកម្ពុជា ពិតជាបានដាក់សម្ពាធខ្លាំងទៅលើកូនក្រុមរបស់លោក ធ្វើឱ្យការប្រកួតមានការប្រែប្រួល និងមានគ្រាប់បាល់តាមស្មើ បានកើតឡើង។
លោកបាននិយាយ ក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «បន្ទាប់ពីយើងរកបានគ្រប់បាល់ នៅតង់ទី១ យើងរាងទម្លាក់ការលេងបន្តិច ហើយនៅដើមតង់ទី២ ក្រុមរបស់យើងធ្វើបានល្អច្រើន ប៉ុន្តែក្រុមកម្ពុជា បានដាក់សម្ពាធយើងខ្លាំង ធ្វើឱ្យយើងពិបាកក្នុងការលេង ដែលមិនអាចគ្រប់គ្រងបាល់បានយូរ។ ជាមួយស្ថានការណ៍នេះ យើងបានផ្លាស់ប្តូររបៀបលេង ប៉ុន្តែនៅតែមិនអាចធ្វើឱ្យមានភាពប្រសើរឡើងវិញ»។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃអាទិត្យនោះដែរ ក្រុមកីឡាការិនីជម្រើសជាតិហ្វីលីពីន បានយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ៣-០ ដើម្បីឈរនៅលេខ១ប្រចាំពូលG ជាបណ្តោះអាសន្ន ខណៈការប្រកួតលើកទី២ នៅថ្ងៃទី២ ខែកក្កដា ខាងមុខនេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប្រឈមជាមួយក្រុមនារីហ្វីលីពីន ហើយក្រុមនារីអារ៉ាប៊ីសាអូឌីត ត្រូវជួបក្រុមនារីហុងកុង៕