លោក Conor ថា ក្រុមនារី​កម្ពុជា គួរតែ​ទទួលបានការ​លើក​ទឹក​ចិត្ត ចំពោះការប្រកួត​​​ស្មើនឹង​ក្រុមហុងកុង

គ្រូបង្គោល​ក្រុមជម្រើសជាតិនារីកម្ពុជា លោក Conor Nestor មាន​ការពេញ​ចិត្ត​ទៅនឹង​លទ្ធផលស្មើ​គ្នា ១-១ ​ជាមួយ​ក្រុម​កីឡាការិនីជម្រើសជាតិហុងកុង ហើយ​ជាមួយការ​ទទួល​បាន​១ពិន្ទុ ក្នុងការ​បើក​ឆាកនេះ លោក Conor អះអាង​ថា កូនក្រុម​របស់លោក គួរណាស់ទទួលបាន​ការ​លើក​ទឹកចិត្ត​ចំពោះ​ការខិតខំនេះ ដើម្បី​ឈាន​ទៅដណ្តើម​បានលទ្ធផល​ល្អ សម្រាប់ការ​ប្រកួត​២​លើក​ទៀត នៅក្នុង​ពូល​Gនេះ។

សម្រាប់ការ​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ​ពូល​G​នៃ​ពានរង្វាន់ AFC Women’s Asian Cup Australia 2026 នៅពហុកីឡដ្ឋានជាតិ កាលពី​យប់​ថ្ងៃអាទិត្យ កន្លងមកនេះ ក្រុម​ជម្រើសជាតិនារី​កម្ពុជា ធ្វើមិនសូវបាន​ល្អប៉ុន្មាន​ទេ ជាពិសេស​នៅតំបន់ការពារ ដែល​ខ្សែការពារ និង​អ្នកចាំទី ហាក់មិនសូវយល់​ចិត្តគ្នា ក្នុង​ការ​សង្រ្គោះ​គ្រាប់បាល់ ពីការ​បង្កើត​ឱកាស​ម្តងៗ​របស់​ក្រុម​ហុងកុងនៅមុខ​ទី។

ជាមួយ​​ការ​លេងមិនសូវយល់ចិត្តគ្នានេះ ខ្សែ​ការពារលេខ​១៣ វិបុល សិរីសេដ្ឋា ដែលបានព្យាយាមរត់​​ទៅ​ទាត់បាល់​ចេញ ពីការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ Leung Hong Kiu Anke ​នៃ​​ក្រុម​ហុងកុង​នោះ បែរជា​បង្កើតជា​កំហុស ធ្វើ​ឱ្យ​លេខ​ Leung ដួល ក្នុងតំបន់​គ្រោះថ្នាក់។ ​លោកអាជ្ញាកណ្តាល បាន​សម្រេច​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ទៅ​ឱ្យ​ក្រុម​ភ្ញៀវ ​ហើយ​កីឡាការិនីលេខ​២២ Leung ជាអ្នក​ស៊ុត​ដោយ​ខ្លួនឯង​បានសម្រេច ​ជួយក្រុមនារីហុងកុង នាំមុខ ១-០ នៅនាទីទី​៣១។

តែទោះបីជា​យ៉ាងណា ការព្យាយាម​លេង​ដោយភាពអំណត់របស់​ក្រុម​ម្ចាស់​ផ្ទះកម្ពុជា បាន​ធ្វើ​ឱ្យស្ថាន​ភាព​ប្រកួត​នៅ​ក្នុង​តង់ទី​២ ហាក់មានភាពប្រសើរ​វិញ ហើយសំឡេង​ស្រែកហ៊ោ​កញ្ជ្រៀវ​បា​នលាន់ឮឡើង​ពេញ​ពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពី​កីឡាការិនី វឿន សុថាន់ បានស៊ុតបាល់​ទម្លុះសំណាញ់ទីក្រុម​ហុងកុង បានសម្រេច នៅនាទីទី​៨១​នោះ ដែល​វាក៏ជា​ក្រុមបាល់​ជួយ​ឱ្យ​ក្រុមទាំង​២នេះ បានស្មើ​គ្នា ១-១ ផង​ដែរ។

សម្រាប់ការ​រកបានគ្រាប់បាល់​តាមស្មើ​នេះ វឿន សុថាន បាននិយាយថា៖ «ខ្ញុំពិតជា​មានអារម្មណ៍រំភើបខ្លាំង ដែល​បាន​ទាត់បាល់​បញ្ចូល​ទី ជួយ​ឱ្យក្រុម​របស់​យើងតាមស្មើ។ បើទោះបីជា​ក្រុមគេ​ខ្លាំង ប៉ុន្តែ​ការ​ប្រកួត​នៅ​ថ្ងៃនេះ ក្រុម​របស់យើង បាន​សហការ​គ្នាបាន​ល្អ និង​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ប្រកួត»។

យ៉ាងណាក៏ដោយ ម្ចាស់​អាវលេខ២៣ វឿន សុថាន បានលើកដៃសំពះ សុំចិត្ត​អ្នកគាំទ្រជាជនរួមជាតិ ទៅទស្សនា​ផ្ទាល់ ការ​ប្រកួត២លើក​ទៀត​ឱ្យបានច្រើន ដើម្បី​ជា​ការលើក​ទឹក​ចិត្ត​ដល់ក្រុម​នារី​កម្ពុជា ព្រោះការ​ប្រកួត​ជាមួយក្រុមនារីហុងកុង កាលពី​យប់​ថ្ងៃអាទិត្យ​នោះ មានអ្នកគាំ​ទ្រ​ផ្ទាល់​តិចតួចទេ។

ចំណែក​​​លោក Conor Nestor ជា​គ្រូ​បង្គោល បានមើលឃើញ​ថា ក្រុម​នារី​កម្ពុជា ពិតជាធ្វើបានល្អ សម្រាប់ការ​ប្រកួត នៅតង់ទី​២ ហើយ​លោក​បានទទូច​សុំ​ឱ្យមានការ​លើក​ទឹកចិត្ត​បន្ថែម​ដល់កូន​ក្រុមរបស់​លោក ដើម្បីឱ្យ​ពួកគេ​កាន់តែ​មាន​កម្លាំងចិត្ត ហើយអាច​លេង​បាន​ល្អទៀត ក្នុងការ​ឈានទៅដណ្តើម​បានលទ្ធផលល្អ សម្រាប់ការ​ប្រកួតជាមួយក្រុម​ក្រុមនារី​ហ្វីលីពីន និង​​ក្រុមនារីអារ៉ាប៊ីសាអូឌីត។

លោក Conor Nestor បាន​និយាយ ក្នុងសន្និសីទ​កាសែត ក្រោយ​ការ​ប្រកួត​​ថា៖​ «ជម្រើសជាតិនារីហុងកុង គឺជា​ក្រុម​មួយ ដែល​មានបទពិសោធន៍​ច្រើន នៅក្នុង​ការ​ប្រកួត​អន្តរជាតិ​បែបនេះ ហេតុនេះខ្ញុំសប្បាយចិត្ត នៅពេល​ឮ​សំឡេង​កញ្ចែ​បញ្ចប់ការ​ប្រកួត​ជាមួយ​លទ្ធផលស្មើ​គ្នា ១-១ ព្រោះ​វាជា​លើក​ដំបូង​ហើយ ដែល​ក្រុមកីឡាការិនី​របស់​យើង បាន​លេង​ក្នុងកម្រិត​បែបនេះ»។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor បានបញ្ជាក់​ថា៖ «បើ​សិនជា​ក្រុមជម្រើសជាតិនារី​របស់យើង លេងបាន​ល្អដូច​តង់ទី​២ សម្រាប់​ការ​ប្រកួត​២​លើក ដែល​នៅសល់ ខ្ញុំ​គិតថា ពួក​យើងនឹងឈាន​ទៅដល់ចំណុច​ខ្ពស់មួយ​ សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់​ AFC Women’s Asian Cup ក្នុង​វគ្គចែកពូលនេះ អ៊ីចឹង​ខ្ញុំគិតថា កីឡាការិនីរបស់យើងគួរតែទទួលបាន​ការ​លើកទឹកចិត្តពីការខិតខំនេះ»។

ចំណែក​លោក Jose Ricardo Rambo គ្រូ​បង្វឹក​ក្រុមកីឡាការិនី​ជម្រើសជាតិ​ហុងកុង បាន​សម្តែងការ​សោកស្តាយ ដែល​ក្រុម​របស់លោក មិន​អាច​រក្សា​ការនាំ​មុខ ១-០ ​ដល់​ចប់​ការ​ប្រកួត ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា នៅតង់ទី​២ ក្រុមនារីកម្ពុជា ពិតជា​បានដាក់ស​ម្ពាធ​ខ្លាំង​ទៅលើ​កូន​ក្រុម​របស់​លោក ធ្វើ​ឱ្យ​​ការ​ប្រកួត​មានការ​ប្រែប្រួល និង​មានគ្រាប់បាល់​តាមស្មើ បានកើត​ឡើង។

លោក​បាន​និយាយ ក្នុងសន្និសីទកាសែត ក្រោយ​ការ​ប្រកួត​​ថា៖ ​«​បន្ទាប់ពី​យើងរក​បានគ្រប់បាល់ នៅតង់ទី​១ យើងរាង​ទម្លាក់​ការ​លេង​បន្តិច ហើយនៅ​ដើម​តង់ទី​២ ក្រុម​របស់​យើង​​ធ្វើ​បានល្អ​​ច្រើន ប៉ុន្តែ​ក្រុម​កម្ពុជា បានដាក់សម្ពាធ​យើង​ខ្លាំង ធ្វើ​ឱ្យ​យើងពិបាកក្នុងការ​លេង ដែលមិនអាច​គ្រប់​គ្រង​បាល់​បាន​យូរ។ ជាមួយ​ស្ថានការណ៍នេះ យើងបានផ្លាស់ប្តូរ​របៀបលេង ប៉ុន្តែ​នៅតែមិនអាច​ធ្វើ​ឱ្យមានភាពប្រសើរ​ឡើង​វិញ»។

សម្រាប់ការ​ប្រកួត នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ក្រុមកីឡាការិនីជម្រើសជាតិ​ហ្វីលីពីន បាន​យក​ឈ្នះក្រុម​កីឡាការិនីជម្រើសជាតិ​អារ៉ាប៊ីសាអូឌីត ក្នុង​លទ្ធផល ៣-០ ដើម្បី​ឈរ​នៅលេខ​១​ប្រចាំពូល​G ជាបណ្តោះអាសន្ន ខណៈ​ការ​ប្រកួត​លើក​ទី​២ នៅថ្ងៃ​ទី​២ ខែកក្កដា ខាងមុខនេះ ក្រុមម្ចាស់​ផ្ទះ​កម្ពុជា ត្រូវ​ប្រឈមជាមួយក្រុមនារី​ហ្វីលីពីន ហើយ​ក្រុមនារីអារ៉ាប៊ីសាអូឌីត ត្រូវជួបក្រុមនារីហុងកុង៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top