អត្តពលិករាំកម្ពុជាដណ្តើមបានមេដាយ ៥គ្រឿង ការប្រកួតអន្តរជាតិនៅវៀតណាម

(ភ្នំពេញ)៖ កីឡាករ កីឡាការិនីរាំជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង នៅក្នុងការប្រកួតកីឡារាំ ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី០៨-១៣ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះថា ឆ្លងកាត់ការប្រកួតប្រជែងរយៈពេល២ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គឺកីឡាករ កីឡាការិនីរាំកម្ពុជាដណ្តើមបានមេដាយសរុបបណ្តោះអាសន្ន ០៥គ្រឿង ក្នុងនោះការប្រកួតកីឡារាំយុវជនកម្រិតតំបន់ (SOLO YOUTH SINLGE DANCE) រកបានដោយ២គ្រឿង ដោយកីឡាការិនី ឱ រចនី មេដាយប្រាក់ ១គ្រឿង ប្រកួតចង្វាក់ Jive និងមេដាយសំរឹទ្ធ១គ្រឿង ប្រកួតចង្វាក់ Paso Double។

ចំពោះមេដាយសំរឹទ្ធ៣គ្រឿងទៀតដណ្តើមបាននៅក្នុងការប្រកួតរាំជើងឯកអាស៊ីអាគ្នេយ៍ ដណ្តើមបានដោយកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតចង្វាក់ Paso Double មេដាយសំរឹទ្ធ ១គ្រឿង, កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតចង្វាក់ Samba មេដាយសំរឹទ្ធ ចំនួន១គ្រឿង, កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតចង្វាក់ Cha Cha Cha ទទួលបានមេដាយសំរឹទ្ធ ចំនួន១គ្រឿង។

លោកស្រី ហង់ ស៊ីមន បានពន្យល់ថា ក្នុងការប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥នេះមានវិញ្ញាសាយ៉ាងច្រើន ក្នុងនោះ SOLO YOUTH SINLGE DANCE ជាការប្រកួតយុវជនកម្រិតតំបន់ ប៉ុន្តែមិនកំណត់អាយុទេ លក្ខណៈបើកទូលាយ ខណៈជើងឯកអាស៊ីអាគ្នេយ៍ត្រូវបានកំណត់អាយុដូចការប្រកួតកីឡាស៊ីហ្គេមដែរ ហើយក្នុង១ប្រទេសត្រូវបានកំណត់អនុញ្ញាតឱ្យមានតែ២គូប៉ុណ្ណោះដែលអាចចូលរួមប្រកួតសម្រាប់វិញ្ញាសា Latin Dance និង២គូទៀត សម្រាប់វិញ្ញាសា Standard Dance។ 

លោកស្រីអគ្គលេខាធិការបានឱ្យដឹងថា ការប្រកួតកីឡារាំ ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី០៨-១៣ ខែកក្កដា ឆ្នាំ២០២៥នេះមានកីឡាករ កីឡាការិនីចូលរួមប្រមាណ ៣០០០នាក់មកពី៣៧ប្រទេស។ ចំពោះសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ២០នាក់ ទៅចូលរួម ក្នុងនោះមានកីឡាករ កីឡាការិនី ១៨នាក់ ដឹកនាំដោយលោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ ទទួលបន្ទុកប្រធានប្រតិភូ និងលោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ។ អត្តពលិករាំកម្ពុជាត្រូវប្រកួតលើវិញ្ញាសា Latin Dance, Standard Dance, Solo Latin Dance និង Solo Standard Dance៕

ប្រភព៖ AKP

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top