(ភ្នំពេញ)៖ ឆ្លងកាត់ការចាប់ឆ្នោតចែកពូល ពានរង្វាន់បាល់ទាត់ក្លឹបកំពូលអាស៊ាន (ASEAN Club Championship Shopee Cup) រដូវកាលថ្មី ២០២៥-២០២៦ គឺក្លឹបព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ស្ថិតក្នុងពូល B ដោយការប្រកួតទាំងមូលគ្រោងចាប់ពីថ្ងៃទី០៨ ខែសីហា ២០២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ក្លឹបព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៤-២០២៥ ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងវគ្គចែកពូលតែម្តង ខណៈក្លឹបចំនួន៤ផ្សេងទៀតត្រូវប្រកួតជម្រុះបឋម។ ក្រុមព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល B ជាមួយ ក្រុម Bangkok United FC ថៃ, Johor Darul Ta’zim FC ម៉ាឡេស៊ី, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និងក្រុមឈ្នះ១ រវាងក្រុម Kasuka FC របស់ប៊្រុយណេ ឬ Cebu FC របស់ហ្វីលីពីន ដែលត្រូវប្រកួតជម្រុះបឋម ដើម្បីឡើងមកវគ្គចែកពូលនេះ។
សម្រាប់៥ប្រកួតរបស់ក្រុមតំណាងកម្ពុជា រួមមាន៖ ប្រកួតទី១ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ រវាងក្រុមឈ្នះ Kasuka FC របស់ប៊្រុយណេ ឬ Cebu FC របស់ហ្វីលីពីន ប៉ះ ព្រះខ័នរាជស្វាយរៀង, ប្រកួតទី០២ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុម Nam Dinh FC វៀតណាម ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Thien Truong Stadium។ ប្រកួតទី៣ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង ប៉ះ Johor Darul Ta’zim FC ម៉ាឡេស៊ី នៅកីឡដ្ឋាន Morodok Techo National Stadium។ ប្រកួតទី៤ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ព្រះខ័នរាជស្វាយរៀង ប៉ះ Bangkok United FC ថៃ នៅកីឡដ្ឋាន Morodok Techo National Stadium និងប្រកួតទី៥ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ Lion City Sailors FC សិង្ហបុរី ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Bishan Stadium។ ចំពោះការប្រកួតក្នុងដី របស់ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួត ASEAN Club Championship Shopee Cup រដូវកាល ២០២៥-២០២៦ មាន១២ក្រុមចូលរួម ចែកជា២ពូល ក្នុងនោះពូល A និងពូល B មាន៦ក្លឹបចូលរួមដូចៗគ្នា។ សម្រាប់ការប្រកួតជម្រុះបឋម (Playoff) មាន៤ក្រុមរួមមាន៖ ក្រុម KASUKA FC របស់ប៊្រុយណេ, ក្រុម DH CEBU FC របស់ហ្វីលីពីន, ក្រុម EZRA FC របស់ឡាវ និង ក្រុម SHAN UNITED FC របស់មីយ៉ាន់ម៉ា។ ក្រុម KASUKA FC របស់ប៊្រុយណេត្រូវប្រកួតជាមួយក្រុម EZRA FC របស់ឡាវ ខណៈក្រុម DH CEBU FC របស់ហ្វីលីពីនត្រូវប៉ះក្រុម SHAN UNITED FC របស់មីយ៉ាន់ម៉ា ដោយពីរគូនេះត្រូវលេងចំនួន២ជើងដូចគ្នាផ្លាស់ប្តូរទឹកដី ដើម្បីស្វែងរកក្រុមឈ្នះ១ក្រុមឡើងមកវគ្គចែកពូល ក្នុងពូល A និងក្រុមឈ្នះ១ទៀត ឡើងមកពូល B។
គួររម្លឹកថា ព្រឹត្តិការណ៍ ASEAN Club Championship Shopee Cup រដូវកាលចាស់ ២០២៤-២០២៥ កន្លងទៅ គឺក្រុម Buriram United របស់ថៃ ជាអ្នកគ្រប់គ្រងជើងឯក ក្រោយឈ្នះក្រុម Cong An Hanoi របស់វៀតណាម ៣-២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នៅវគ្គផ្តាច់ព្រ័ត្រ៕
ប្រភព៖ AKP