ឪពុកបាញ់សម្លាប់កូនស្រីជម្រើសជាតិកីឡាវាយកូនបាល់ឥណ្ឌា ព្រោះអ្នកភូមិចម្អកថារស់ដោយសារកូន

បុរសឥណ្ឌាម្នាក់ឈ្មោះ Deepak Yadav បានបាញ់សម្លាប់កូនស្រី Radhika Yadav អតីតជម្រើសជាតិកីឡាវាយកូនបាល់ឥណ្ឌា ក្រោយពីរងការប្រមាថ និងពាក្យចម្អកពីសំណាក់អ្នកភូមិ ថារស់នៅក្រោមភាពជោគជ័យរបស់អាជីពកូនស្រី។ នេះបើតាមចម្លើយសារភាពរបស់លោក Yada​v ប្រាប់ទៅមន្ត្រីប៉ូលិសក្នុងតំបន់។
បើតាមការចុះផ្សាយរបស់កាសែត New Delhi កីឡាការិនីវាយកូនបាល់ វ័យ ២៥ឆ្នាំ ត្រូវបានឪពុកបង្កើតបាញ់សម្លាប់ក្នុងផ្ទះ នៅព្រឹកថ្ងៃទី១០ កក្កដា ក្នុងភូមិ Gurugram ក្រុង Haryana ប្រទេសឥណ្ឌា។

មូលហេតុនាំឱ្យឈានដល់អំពើឃាតកម្មលើកូនស្រីខ្លួននេះ ព្រោះតែលោក Yadav អាក់អន់ចិត្ត និងការនិយាយចម្អកពីសង្គមអ្នកភូមិរស់នៅក្បែរជាប់របងតែមួយ ហើយកូនស្រីមានឯករាជ្យភាពខ្លាំងចំពោះខ្លួននាង ជាងការគ្រប់គ្រងរបស់គ្រួសារ។ មួយវិញ លោក Yadav អះអាងថាខ្លួនបានរងការចម្អកខ្លាំងពីសំណាក់អ្នកភូមិថា រស់នៅក្រោមភាពជោគជ័យរបស់កូនស្រី។

លោក Yadav អតីតបុគ្គលិកធ្វើការធនាគា បានបាញ់ ៥គ្រាប់ សំដៅកូនស្រី ពេលកំពុងធ្វើម្ហូបពេលព្រឹក ដោយគ្រាប់កាំភ្លើងចំនួន ៣គ្រាប់ ត្រូវចំពីក្រោយ។ ឪពុកជាជនដៃដល់ ភ្លាមៗក៏បានបដិសេធ ពុំបានធ្វើឃាតកម្មលើកូនស្រី។ 

ដោយឡែកបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NDTV ជម្លោះភាពតានតឹងរវាង ឪពុកជាជនដៃដល់ និងកូនស្រី Radhika កើតឡើងខ្លាំងក្រោយពេល កីឡាការិនីវាយកូនបាល់ បង្ហាញខ្លួននៅក្នុងបទចម្រៀងឥណ្ឌាមួយមានចំណងជើងថា Karwaan ដែលអង្គុយស្និទ្ធិស្នាលជាមួយនឹងតួអង្គ ឈ្មោះ INAAM ពីខាងក្រោម ពេលថតចំប្លង់ជិះម៉ូតូធំមួយ។ ឪពុកកីឡាការិនី Radhika បានទាមទារឱ្យនាងលុបវីដេអូនោះ ប៉ុន្តែត្រូវនាងបដិសេធ។ 

រឿងទាំងនោះ បានធ្វើឱ្យអ្នកភូមិរបស់ លោក Deepak លើកយកមកនិយាយចម្អក ហើយដែលលោកគិតថាប៉ះពាល់ដល់កិត្តិយសខ្លាំង។ លោក Deepak គ្មានការងារធ្វើអស់ពេលជាច្រើនឆ្នាំ ស្របពេលមនុស្សក្នុងក្រុមគ្រួសារសុទ្ធសឹងតែមានការងារធ្វើរៀងៗខ្លួន ហើយក្រុមគ្រួសារកីឡាការិនីវាយកូនបាល់ ក៏ពុំមែនជាគ្រួសារជួបវិបត្តិហិរញ្ញវត្ថុអ្វីឡើយ។

ដោយឡែកសម្រាប់កីឡាការិនី Radhika វិញ កំពុងមានភាពលេចធ្លោរខ្លាំងក្នុងវិស័យកីឡាវាយកូនបាល់ ដោយនាងធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិឥណ្ឌា ក្នុងការប្រកួតកម្រិតយុវជន នៅការប្រកួតអន្តរជាតិរៀបចំដោយសហព័ន្ធវាយកូនបាល់អន្តរជាតិ (ITF)។ នៅក្នុងប្រទេសឥណ្ឌា នាងធ្លាប់ប្រកួតឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែព្រោះតែបញ្ហារបួសស្មា ធ្វើឱ្យនាងបង្ខំចិត្តចូលនិវត្តន៍។

កីឡាករិនីវ័យ ២៦ឆ្នាំ នាងបានបើកសាលាបណ្តុះបណ្តាលយុវជនថ្នាលផ្នែកកីឡាវាយកូនបាល់ ដើម្បីគាំទ្រចំណូលចូលក្នុងគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ សាលាបណ្តុះបណ្តាលនេះ ក៏ធ្លាប់ត្រូវបានឪពុកនាង ទទូចឱ្យបិទផងដែរ៕

ប្រភព៖ thmeythmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top