កីឡាការិនីវាយកូនបាល់អាម៉េរិក Emma Navarro ចាត់ទុកការឈ្នះជើងឯក Grand Slam ដូចជា Wimbledon ជាដើម ជាក្តីស្រម៉ៃពិតក្នុងជីវិត និងជាផ្លូវសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ Emma មិនចង់ឱ្យគេហៅថា កូនមហាសេដ្ឋី ឬស្គាល់នាងតាមរយៈឪពុកម្តាយជាអ្នកមានទ្រព្យស្តុកស្តម្ភនោះឡើយ។
នៅឆ្នាំ ២០២៥នេះ ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯកព្រឹត្តិការណ៍វាយកូនបាល់ Wimbledon បានកើនឡើងដល់ ៤,១ លានដុល្លារ លើសកាលពីឆ្នាំមុនដែលទទួលបាន ៣,៦ លានដុល្លារ។ សម្រាប់ Emma ចំនួនប្រាក់រង្វាន់នេះទំនងជាមិនធ្វើឱ្យនាងរំភើបចិត្តនោះទេ បើធៀបនឹងប្រាក់រាប់ពាន់លានដែលនាងអាចទទួលមរតកពីឪពុករបស់នាង ដែលជាមហាសេដ្ឋី។
លោក Benjamin Navarro ឪពុក Emma ដែលមានទ្រព្យ ៤,៨ ពាន់លានដុល្លារ ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Sherman Financial Group ព្រមទាំងជាម្ចាស់ធនាគារ Credit One ជាម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត។
បើតាមការផ្សាយរបស់សារព័ត៌មាន Daily Mail
មហាសេដ្ឋីអាម៉េរិក វ័យ ៦២ឆ្នាំរូបនេះ នឹងបែងចែកទ្រព្យសម្បត្តិខ្លួនឱ្យកូន ៤នាក់ ក្នុងនោះ រួមទាំង Emma ផងដែរ។
បើទោះមានឪពុកជាមហាសេដ្ឋីក៏ដោយ ប៉ុន្តែ កីឡាការិនីវាយកូនបាល់ វ័យ២១ឆ្នាំ បានបង្កើតវិន័យ និងមានគោលដៅច្បាស់លាស់សម្រាប់ជីវិតខ្លួន ដោយមិនចង់ឱ្យគេស្គាល់ខ្លួនតាមរយៈកេរ្តិ៍ឈ្មោះគ្រួសារឡើយ។
«ខ្ញុំមានទម្លាប់ក្រោកម៉ោង ៦ ព្រឹក ហើយលេងកីឡាវាយកូនបាល់។ ខ្ញុំបានរៀនពីក្រមសីលធម៌ក្នុងការងារ និងការរស់នៅ ហើយខ្ញុំមានគោលដៅ និងបំណងប្រាថ្នាដែលបង្កើតឡើងដោយខ្លួនឯង។ ខ្ញុំមិនចូលចិត្តឱ្យគេហៅខ្ញុំថា ជាកូនអ្នកមាននោះទេ»។ Emma ប្រាប់កាសែត Tatler ដូច្នេះ ដោយបន្ថែមថា នាងចង់រកប្រាក់ និងកេរ្តិ៍ឈ្មោះដោយខ្លួនឯងតាមរយៈកីឡាវាយកូនបាល់។
ប្រឡូកក្នុងវិស័យកីឡាវាយកូនបាល់អាជីព ត្រឹម២ឆ្នាំ Emma បានវិវត្តន៍ខ្លួនយ៉ាងរហ័ស ដោយសព្វថ្ងៃជាកីឡាការិនីលំដាប់ថ្នាក់លេខ១០ ពិភពលោក តាមរយៈការឈ្នះពាន WTA Tour ចំនួនពីរ និងឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅ Wimbledon និងពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open ដែលជាពានកម្រិត Grand Slam។ កាលពីដើមឆ្នាំ២០២៥ កីឡាការនីវ័យ២១ឆ្នាំរបស់អាម៉េរិករូបនេះ ឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ Australian Open និងបានឈ្នះជើងឯក WTA 500 នៅម៉ិកស៊ិក ថែមទៀត។
នៅ Wimbledon ឆ្នាំនេះ Emma បានឆ្លងកាត់ពីរជុំដំបូង ដោយឈ្នះទាំង៤សិត រួមទាំងការឈ្នះអតីតជើងឯក Petra Kvitova ផងដែរ។ នៅជុំទី៣ នាងបានទម្លាក់ម្ចាស់ការពារតំណែងជើងឯក Barbora Krejcikova មុនធ្លាក់នៅជុំទី ៤ ក្រោមថ្វីដៃ Mirra Andreeva ដែលមានវ័យ ១៨ ឆ្នាំ៕
ប្រភព: thmeythmey