ការ​កសាង កីឡដ្ឋាន​ខេត្ត​​​ស្វាយរៀង​​ជាថ្មី ប្រើ​ពេល​ ១ ​រដូវ​កាល ជា​មួយ​​អំពូល​ភ្លើង​ LED ​ថ្មី​ ស្រប​តាម​​ស្តង់ដាអាស៊ី AFC

ក្លិប​បាល់ទាត់​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាប់​ផ្តើម​សាង​សង់​កីឡដ្ឋាន​ជា​ថ្មី កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៥ ​ដើម្បី​បំពេញ​ទៅ​តាម​កម្រិត​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី។

លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង បាន​ប្រាប់«កម្ពុជា​ថ្មី» នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ ២០២៥ ថា ការ​សាង​សង់​ជា​ថ្មី​នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​​គឺ​ ត្រូវ​ប្រើ​ពេល​ពេញ​មួយ​រដូវ​កាល​ថ្មី​ ២០២៥-២៦​ ដោយ​គ្រោង​បញ្ចប់ និង​ប្រើ​ប្រាស់​នៅ​​ដើម​រដូវ​កាល ២០២៦/២៧។

ការ​សាង​សង់​ជា​ថ្មី​នេះ កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ ៧២០០​ នាក់ និង​មាន​បន្ទប់​ភ្ញៀវ​ពិសេស (VIP) ​ចំនួន ១២។ ស្មៅ​ធម្មជាតិ​កម្រិត​ស្តង់ដា​ដូចរដូវ​កាល​មុន ប៉ុន្តែ​ដាក់​ស្មៅ​ធម្មជាតិ​ជប៉ុន និង​ប្រព័ន្ធ​រំដោះ​ទឹក​ថ្មី។

លោក​បាន​បញ្ជាក់​ថា ៖«អគ្គិសនី​​នឹង​ដំឡើង​​​កម្លាំង​បន្ថែម​ ជា​មួយ​អំពូល​ភ្លើង​ LED ថ្មី ​​ដែល​មាន​កម្រិត LUX of 1,400+ ​​ស្រប​ទៅ​តាម​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី»។

កីឡដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ក្លាយ​ជា​កន្លែង​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​​ផ្ទាល់​ច្រើន​ជាង​គេ​បំផុត​នា​ពីរ​រដូវ​កាល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ កន្លង​មក កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​​ផ្ទាល់​ប្រមាណ ៤០០០​នាក់​ប៉ុណ្ណោះ ខណៈ​ចំនួន​អ្នក​ទស្សនា​បាន​កើន​ឡើង​ជា​លំដាប់។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្លិប​មាន​ភារកិច្ច​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ចំនួន ២ ផ្សេង​គ្នា ប៉ុន្តែ​រៀបចំ​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សម្រាប់​រដូវ​កាល​ថ្មី ២០២៥-២៦ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សម្រេច​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោទាំង​ការ​ប្រកួត​ពាន​រង្វាន់​ក្នុង​ស្រុក និង​ពាន​អន្តរជាតិ។ បន្ទាប់​ពី​ការ​សាង​សង់​ទី​លាន​ជា​ថ្មី​រួច​រាល់ ក្លិប​នឹង​ប្រើ​ប្រាស់​កីឡដ្ឋាន​ថ្មី​ទាំង​ការ​ប្រកួត​​​​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ៕

ប្រភព៖​ Kampucheathmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top