ក្លិប Manchester United បន្តបង្ហាញប្រព័ន្ធលេងដ៏ល្អមួយ នៅក្នុងការប្រកួតមិត្តភាពកម្តៅ សាច់ដុំត្រៀមរដូវកាលថ្មី លើទឹកដីប្រទេសអាម៉េរិកដោយបានផ្តួលក្រុម AFC Bournemouth មកពីអង់គ្លេសដូចគ្នា លទ្ធផល ៤-១ នាការប្រកួតពានរង្វាន់មិត្តភាព Premier League Summer Series នៅថ្ងៃទី៣១ ខែកក្កដា។ នេះជាជ័យជម្នះទីពីរ របស់ Man Utd ក្នុងដំណើរប្រកួតមិត្តភាពលើទឹកដីអាម៉េរិក ក្រោយពួកគេបានយកឈ្នះ West Ham United លទ្ធផល ២-១ កាលពីសប្តាហ៍មុន។
ការបង្ហាញទម្រង់លេងដ៏ល្អ អមជាមួយនឹងកីឡាករលើទីលានសហការគ្នាធ្វើសកម្មភាពរួម ប្រយុទ្ធ ការពាររួមគ្នា រហូតធ្វើឱ្យក្រុមអាចយកឈ្នះការប្រកួតបាន។ គ្រាប់ទី១ កើតចេញពីការស៊ុតរបស់កីឡាករ Rasmus Hojlund នាទី៨ ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដែលគេរកបានគ្រាប់បើកឆាកដល់ក្រុម មុនពេលមិត្តរួមក្រុម កីឡាករ Patrick Dorgu ស៊ុតគ្រាប់ទី២ នាទី២៥ ក្នុងវគ្គទីមួយ។
ជាការកសាងទម្រង់លេង និងប្រព័ន្ធលេងការយល់ចិត្តគ្នា ជួយគ្នាជាក្រុមឱ្យបានល្អឡើងវិញ កម្លាំងរបស់កីឡាករមានភាពខ្លាំងធន់ជាងមុន ស្ថិតក្រោមការដឹកនាំពេញលេញរបស់លោក Ruben Amorim ជាអ្នកចាត់ការ ក្រុមបន្តរកបានគ្រាប់បាល់ ២គ្រាប់ថែមទៀត ក្នុងវគ្គទីពីរ ដោយកីឡាករ Amad Diallo នៅនាទី៥៣ និងគ្រាប់ជ័យជម្នះចុងក្រោយ សម្រេចបានដោយកីឡាករយុវជន Ethan Williams នៅនាទី៧២។
ដោយឡែក ក្រោយពីឃើញកីឡាករក្រុមបិសាចក្រហម កំពុងក្លាយជាក្រុមមួយរួមសហការគ្នាល្អ ក្នុងការប្រកួតខុសពីរដូវកាលមុន អ្នកគាំទ្របង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងខ្លះទៀតបានលើកឈ្មោះកីឡាករសំខាន់ៗ ក្នុងការប្រកួតនោះមកជជែក ពីការបង្ហាញទម្រង់លេង ល្អរបស់ពួកគេ។ តួយ៉ាង ខ្សែប្រយុទ្ធ Rasmus Hojlund ដែលរកបានគ្រាប់បាល់ដំបូងដើមរដូវកាលថ្មីដល់ក្រុម ស្របពេលគេបង្ហាញរបៀបលេងថ្មីប្លែក ហើយមានប្រសិទ្ធភាពនាំបាល់សំដៅប្រអប់ទីគ្រោះថ្នាក់គូប្រកួត។
ចំណែកខ្សែការពារស្លាបឆ្វេង Patrick Dorgu វិញ ក៏ទទួលបានការសរសើរពីក្រុមអ្នកគាំទ្រ ចំពោះភាពសកម្មលើទីលានរបស់គេ ក្នុងការដេញបាល់ ដាក់សម្ពាធគូប្រកួត ដ៏ដូចជាការបង្កើតឱកាសវាយសម្រុកខ្លាំងលើគូប្រកួត ហើយគេក៏រួមចំណែករកបានគ្រាប់បាល់ក្នុងការប្រកួត។
ការបង្ហាញទម្រង់លេងរួមគ្នាដ៏ល្អបែបនេះ កំពុងបង្ហាញពីការពង្រឹងសមត្ថភាពខ្លាំង របស់ ក្រុមបិសាចក្រហមត្រឡប់មកភាពល្អប្រសើរឡើងវិញ សម្រាប់រដូវកាលថ្មីខាងមុខ បន្ទាប់ពីក្រុមបានធ្លាក់ទម្រង់លេងខ្លាំងកាលពីរដូវកាលមុន ហើយធ្លាក់ឈរនៅលេខ ១៥ នៅតារាង Premier League។ Man Utd នៅរដូវកាលក្រោយ ពុំមានពានរង្វាន់ទ្វីបអឺរ៉ុបដើម្បីប្រកួតប្រជែងឡើយ ដោយក្រុមមានភារកិច្ចលេងត្រឹមតែកម្រិតពានរង្វាន់ក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះ។
ក្រោយការប្រកួតយកឈ្នះក្រុម AFC Bournemouth ការប្រកួតបន្ទាប់របស់ក្រុមបិសាចក្រហម នឹងត្រូវបន្តទៅប៉ះក្រុម Everton នៅថ្ងៃទី៣ សីហា ជាការប្រកួតចុងក្រោយលើទឹកដីអាម៉េរិក៕
ប្រភព៖ ThmeyThmey