(ភ្នំពេញ)៖ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ លទ្ធផល ៥-៣ គ្រងជើងឯក Super Cup ដែលជាពានបើករដូវកាលលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦។ មុនចាប់ផ្តើមប្រកួតដែលធ្វើឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាករក្រុមទាំងពីរ ស្មិងស្មាធិ៍ ដើម្បីជាការដឹងគុណ និងគោរពដល់វិញ្ញាណខ័ន្ធកងទ័ពខ្មែរ ព្រមទាំងជនរងគ្រោះដោយសារការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា។
មុនចាប់ផ្ដើមការប្រកួតរវាងក្រុមខ្លាំងទាំង២ កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រទាំងអស់ក្នុងកីឡដ្ឋាន បាននាំគ្នាគោរព និងរំលែកទុក្ខទៅដល់វិញ្ញាណខ័ន្ធវិរកងទ័ព និងជនរងគ្រោះកម្ពុជា ដែលបានស្លាប់ ដោយសារការឈ្លានពានពីថៃ។ ទិដ្ឋភាពនេះ បានបង្ហាញពីការចាប់ផ្ដើមលីគ រដូវកាល ២០២៥-២០២៦ ដែលមានបង្កប់ភាពសោកសៅបំផុត។
ការប្រកួតនេះ គឺជាជំនួបសងសឹកសម្រាប់ភ្នំពេញក្រោន ដែលធ្លាប់ចាញ់ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២៤ ក្នុងលទ្ធផល ២-១។ ក្រុមទាំង២ សុទ្ធតែបានផ្លាស់ប្ដូរសមាសភាពកីឡាករបរទេស ដើម្បីប្រកួតពេញមួយរដូវកាលនេះ ដូចគ្នា។ ដោយឡែក Yudai Ogawa ដែលជាអតីតខ្សែបម្រើកណ្ដាលរបស់ភ្នំពេញក្រោន ក៏បានទៅបន្ដអាជីព នៅព្រះខ័នរាជស្វាយរៀង ផងដែរ។
ចាប់ផ្ដើមការប្រកួត ក្រុមទាំងពីរ បានបង្ហាញពីកម្រិតលេងល្អប្រហាក់ប្រហែលគ្នា ដែលសាកសមជាការប្រកួតរវាងក្រុមជើងឯក និងជើងឯករងលីគកំពូលកម្ពុជា ហើយទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់។ ទោះជាទស្សនីយភាព នៃការប្រកួតទាក់ទាញយ៉ាងណាក៏ដោយ អ្នកគាំទ្រ នៅតែនឹកគិត ព្រួយបារម្ភចំពោះការបំពានបូរណភាពទឹកដីកម្ពុជា ពីប្រទេសថៃ។ ភាពសោកសៅនេះ បានបង្ហាញចេញតាមរយៈទឹកមុខ របស់អ្នកគាំទ្រម្នាក់ៗក្នុងកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតបានប្រព្រឹត្តទៅរយៈពេល ១៦នាទី ព្រះខ័នរាជស្វាយរៀង បានទម្លាយសំណាញ់ទី ភ្នំពេញក្រោន ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Kwame Peprah បន្ទាប់ពីកីឡាករ គឹម សុខយុទ្ធ ដែលជាមិត្តរួមក្រុមបានបញ្ជូនបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់របស់ភ្នំពេញក្រោន។ ក្រុមទាំងពីរ នៅតែបន្ដដាក់សម្ពាធគ្នាទៅវិញទៅមក ប៉ុន្ដែមិនមានគ្រាប់បាល់បន្ថែមទៀតឡើយ សម្រាប់តង់ទី១។ ចប់តង់ទី១ ព្រះខ័នរាជស្វាយរៀង នាំមុខភ្នំពេញក្រោន ១-០។
លុះចូលដល់តង់ទី២ នៅនាទី៦៨ ភ្នំពេញក្រោន វាយបកលទ្ធផល ១-១ ដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Makerlo Tellez បន្ទាប់ពីមិត្តរួមក្រុមបានលើកបាល់ពីស្លាបខាងស្ដាំ។ នៅនាទី៨៧ អ៊ុំ វិចិត្រ អ្នកចាំទីភ្នំពេញក្រោន បានព្យាយាមចេញមកសង្គ្រោះបាល់ ប៉ុន្ដែក៏ត្រូវភ្លាត់ស្នៀត ហើយត្រូវបានខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង គឺកីឡាករ Kwame Peprah ដណ្ដើមបាល់ ហើយក៏ទាត់បញ្ចូលទី។ លទ្ធផល ព្រះខ័នរាជស្វាយរៀង បាននាំមុខ ២-១។ ចូលដល់នាទី៩០+៣ ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ភ្នំពេញក្រោន កីឡាករ សារ ទី ដែលទើបផ្លាស់ប្ដូរមកពីវិសាខា បានស៊ុតបញ្ចូលទីតាមស្មើ បន្ទាប់ពី ឡុង ភារ៉ាត់ ជាមិត្តរួមក្រុម បានបញ្ជូនបាល់ហ្វ្រីឃីកទៅក្នុងប្រអប់គ្រោះថ្នាក់។ ចប់ការប្រកួតទាំងពីរតង់ ក្រុមទាំងពីរ ស្មើគ្នាក្នុងលទ្ធផល ២-២។
ការប្រកួតនេះ មិនមានការថែមម៉ោង ១៥នាទី ២ដងឡើយ ហើយតម្រូវឲ្យទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រតែម្ដង។ ព្រះខ័នរាជស្វាយរៀង បានឈ្នះការទាត់បាល់កាត់សេចក្ដីនេះ ក្នុងលទ្ធផល៥-៣។ វីរៈ ដារ៉ា អ្នកចាំទីព្រះខ័នរាជស្វាយរៀង បានសង្គ្រោះបាល់ទី៤ ដែល សារ ទី កីឡាករភ្នំពេញក្រោនជាអ្នករ៉ាប់រងស៊ុត។ សៀង ចន្ធា កីឡាករព្រះខ័នរាជស្វាយរៀងនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី៥ ឲ្យក្រុមខ្លួន បានដោយជោគជ័យ។
គួរបញ្ជាក់ផងដែរថា ការប្រកួតលីគកំពូល នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៩ និងថ្ងៃទី១០ ខែសីហា ដែលជាសប្ដាហ៍ទី១ នៃពានរង្វាន់ Cambodian Premier League 2025-2026។ នៅថ្ងៃទី៩ សីហា ឡាយហ្វព្រះសីហនុ ត្រូវស្វាគមន៍ បឹងកេត នៅកីឡដ្ឋានឡាយហ្វ៍ វេលាម៉ោង ៦:០០យប់ ស្របពេលដែលកងយោធពលខេមរភូមិន្ទ ទទួល វិសាខា នៅកីឡដ្ឋានស្ដាតចាស់។ លុះចូលដល់ថ្ងៃទី១០ សីហា វេលាម៉ោង ៦:០០យប់ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយណាហ្គាវើលដ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ទន្ទឹមពេលដែល MOI Kompong Dewa FC ជួបជាមួយ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍។ ស្របពេលជាមួយគ្នានោះ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវប៉ះជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន AIA KMH Park៕
ប្រភព៖ THMEYTHMEY