(ភ្នំពេញ)៖ ក្លិប Manchester United បិទបញ្ចប់ដំណើរប្រកួតមិត្តភាព Premier League Summer Serie លើទឹកដីអាម៉េរិក ជាមួយនឹងពានរង្វាន់កិត្តិយសមួយ ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Everton ក្នុងលទ្ធផលស្មើ ២-២ នាកីឡដ្ឋាន Mercedes Benz។
នៅក្នុងការប្រកួតនោះ កីឡាករ Bruno Fernandez ស៊ុតបាល់ពិន័យ ១១ម៉ែត្រ រកគ្រាប់បើកឆាក មុនពេលមិត្តរួមក្រុម Mason Mount រកបានគ្រាប់បាល់ទី២។ ប៉ុន្តែក្រុម Everton ដឹកនាំដោយលោក David Moyes អាចរកគ្រាប់តាមស្មើត្រឡប់មកវិញ បញ្ចប់ឱកាសឈ្នះការប្រកួត ៣លើក ជាប់គ្នារបស់ក្រុមរហស្សនាមបិសាចក្រហមលើទឹកដីអាម៉េរិក។
កីឡាករ Iliman Ndiaye ជាអ្នករកគ្រាប់តាម ១គ្រាប់ ត្រឡប់មកវិញ សម្រាប់ Everton មុនពេលកីឡាករ Ayden Heaven ខ្សែការពារវ័យក្មេងយុវជនក្រុម Man Utd ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង។ ការប្រកួតនោះ កីឡាករចំណូលថ្មី Bryan Mbeumo ត្រូវបានដាក់់ចូលលេងបង្ហាញខ្លួនលើកដំបូង។
ទោះជួបលទ្ធផលស្មើ នៅប្រកួតចុងក្រោយ ប៉ុន្តែ លោក Ruben Amorim អ្នកចាត់ការទូទៅបិសាចក្រហម អាចត្រូវបានមនុស្សជាច្រើនកោតសរសើរ ចំពោះទម្រង់លេងដ៏ល្អរបស់ក្រុម នៅប៉ុន្មានប្រកួតមកនេះ ក្នុងទឹកដីអាម៉េរិក ស្របពេលមនុស្សជាច្រើនរំពឹងមើលការបង្ហាញប្រព័ន្ធលេងល្អរបស់ Man Utd នៅរដូវកាលថ្មី។ ការប្រកួតមិត្តភាពចុងក្រោយ Man Utd នឹងត្រូវស្វាគមន៍ក្រុមមកពីអ៊ីតាលី Fiorentina ក្នុងកីឡដ្ឋាន Old Trafford មុនជំនួបបើកឆាកក្របខណ្ឌ Premier League រដូវកាល ២០២៥-២៦។
Man Utd ត្រូវចូលខ្លួនប្រកួតបើកឆាករដូវកាលថ្មីក្របខណ្ឌ Premier League នៅថ្ងៃទី១៧ សីហា ដោយត្រូវតទល់ Arsenal។
យ៉ាងណាមិញ ការប្រកួតចុងក្រោយនោះ Bruno Fernandez ជាប្រធានក្រុម បានរិះគន់មិត្តរួមក្រុមមួយចំនួន ដែលបានចូលលេង ហើយមិនសូវបង្ហាញការខំប្រឹងប្រែងខ្លាំង ដែលមើលទៅមានភាពខ្ចិលច្រអូស ដែលធ្វើឱ្យក្រុមរបូតឱកាសឈ្នះការប្រកួតចុងក្រោយនៅ Premier League Summer Serie។
ចំណែកលោក Ruben Amorim អ្នកចាត់ការក្រុមវិញ ក៏បានកាន់ជើងការលើកឡើងរបស់ Bruno ថាលោករីករាយពេលឃើញកីឡាករបង្ហាញការគិតវិជ្ជមានលើក្រុមបែបនេះ ហើយជាអ្វីដែលក្រុមត្រូវការគ្រប់ពេល រាល់ពាក្យដាស់តឿនស្មារតី។
«ខ្ញុំគិតថាខ្ញុំរីករាយសម្រាប់កីឡាករពេលពួកគេមានចិត្តនិងការគិតបែបនេះ។ វាអាចនិយាយបានថាពួកគេគឺបានយល់ពីកាលៈទេសៈ ដូចនេះវាធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ ហើយសន្ទុះកម្លាំងចិត្ត ខំប្រឹងប្រែងរបស់កីឡាករក្នុងការប្រកួតនេះ គឺពិតជាពិសេសខ្លាំង។[…]»។ លោក Amorim វ័យ ៤០ឆ្នាំ បាននិយាយបែបនេះក្រោយបញ្ចប់ការប្រកួត។
អ្នកចាត់ការក្រុមសញ្ជាតិព័រទុយហ្កាល់ដដែល បង្ហាញក្តីរំពឹងថាកីឡាករនឹងបន្តរីករាយជាមួយនឹងបរិយាកាស ក្រុមកំពុងមាន ហើយបន្តធ្វើបានកាន់តែល្អខ្លាំងថែមទៀត ស្របពេលរដូវកាលថ្មីក៏ខិតនឹងចូលមកដល់៕
ប្រភព៖ THMEYTHMEY