គោរមៈ​ ច័ន្ទរាជ្យ​ យកការ​ប្រកួត​មួយ​នេះបង្ហាញពិភពលោក​​ថា «​កម្ពុជាមិន​ចង់​មាន​សង្គ្រាម​ទេ»

គោរមៈ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ការប្រកួត​​នៅ​ឯ​វៀតណាម​នេះ​គឺ​តានតឹង​ និង​លំបាក​ក្នុង​ការ​យក​ជ័យជម្នះ​លើ​កីឡាករ​ម៉ាឡេស៊ី​ Tan bo Meng ព្រោះ​ដៃគូ​ល្អ​ចាប់​ និង​បុក​ខ្លាំង​ពី​ដើម​ទឹក​ទី១​ មក​ម្ល៉េះ។​ ប៉ុន្តែ​ការ​ខំប្រឹង​តស៊ូ​ការពារ​ និង​វាយ​កែង​បាន​ល្អ​ទើប​ធ្វើ​ឲ្យ​កីឡាករ​ ម៉ាឡេស៊ី​ ខ្លាច​កែង​ និង​ស្រុត​កម្លាំងម្ដង​បន្តិចៗ​រហូត​ខ្លួន​អាច​ផ្ដួល​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។​

ការប្រកួតនៅឯវៀតណាមនេះគឺមានសារសំខាន់ចំពោះខ្លួនជាខ្លាំង ព្រោះជាការដណ្ដើមជ័យជម្នះជូនប្រជាជនកម្ពុជា បង្ហាញពីក្បាច់គុនខ្មែរ និងជាការផ្ញើសារទៅកាន់ពិភពលោកថា «ប្រទេសកម្ពុជារបស់ខ្ញុំមិនចង់មានសង្គ្រាមទេ» ដូច្នេះហើយបើទោះជាពិបាកខ្លាំងក៏ត្រូវតស៊ូយកឈ្នះដែរ។ សម្ដី គោរមៈ ច័ន្ទរាជ្យ។

កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ បន្ថែមទៀតថា សូមប្រជាជនកម្ពុជាទាំងអស់រីករាយនូវជ័យជម្នះមួយនេះបន្ទាប់ពីការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត នាពេលកន្លងមកពីការឈ្លានពានរបស់ប្រទេសជិតខាងកាលពីប៉ុន្មានថ្ងៃមុននេះតាមបណ្ដោយព្រំដែន។

បញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ កីឡាករ គោរមៈ ច័ន្ទរាជ្យ បានផ្ដួលកីឡាករម៉ាឡេស៊ី ឲ្យអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី២ នៃការប្រកួតដណ្ដើមខ្សែក្រវាត់ GMA នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ឥលូវនេះគ្រូបង្វឹក កីឡាករកម្ពុជាទាំង ៣រូបបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយកាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ៕

ប្រភព៖ KAMPUCHEA THMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top