(ភ្នំពេញ)៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍អំពីល្បឿន និងសមត្ថភាពស៊ុតបញ្ចូលទីដ៏ប៉ិនប្រសប់របស់គេយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតដណ្តើមពានបើករដូវកាល Cambodian Super Cup កាលពីល្ងាចថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។
Kwame Peprah បានរួមចំណែកយ៉ាងធំធេង ដោយរូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម ភ្នំពេញក្រោន ក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាល Cambodian Super Cup។ ការប្រកួត ៩០ នាទីពេញ ក្រុមទាំង ២ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ខណៈចុងក្រោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣។
ក្រោយការប្រកួតនេះបញ្ចប់ Kwame Peprah ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត។ អ្នកគាំទ្របានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៤ ឆ្នាំរូបនេះជាខ្លាំង។ ជាពិសេស គឺល្បឿនដ៏លឿនរបស់គេនៅលើទីលានតែម្តង ដែលធ្វើឱ្យខ្សែការពារពិបាកមែនទែន ដើម្បីរកក្បាច់មកចាប់រូបគេ។ ជាក់ស្តែង ក្នុងការប្រកួតកាលពីម្សិលមិញ ភ្នំពេញក្រោន ពិតជាប្រយ័ត្នជាមួយកីឡាកររូបនេះជាខ្លាំង ដោយតែងឱ្យមានខ្សែការពារម្នាក់នៅចាំកៀកជាមួយ Kwame ជានិច្ច។ ប៉ុន្តែចុងក្រោយ ខ្សែការពារមាឌធំ និងកម្ពស់ខ្ពស់ទាំងនោះនៅតែមិនអាចបិទរូបគេជាប់ ដោយបណ្តោយឱ្យគេស៊ុតបញ្ចូលទីបាន ២ គ្រាប់។
គួរបញ្ជាក់ជាថ្មីថា Kwame Peprah គឺជាអតីតកីឡាកររបស់ក្លិប Kerala Blasters FC នៃលីគកំពូល ឥណ្ឌា។ រូបគេត្រូវបានព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាមកចូលរួមជាមួយក្លិបនៅរដូវកាលនេះ ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធ ប្រេស៊ីល Pablo Augusto ដែលបានចាកចេញ។ សម្រាប់ការបង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀង រូបគេតែងតែងរកបានគ្រាប់ ទាំងការប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសម៉ាឡេស៊ី៕
ប្រភព៖ KAMPUCHEATHMEY