តារា កូន​ខ្មែរ​-អាល្លឺម៉ង់ ចង់​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា

យុវជន​កូន​ខ្មែរ-អាល្លឺម៉ង់ តារា ចង់​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជា ប្រសិន​បើ​មាន​ឱកាស ខណៈ​ររូប​គេ​មាន​សកម្មភាព​លេង​បាល់ទាត់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​អាល្លឺម៉ង់។

កាល​ពី​ថ្ងៃអាទិត្យ ទី​៣ ខែ​សីហា ឆ្នាំ ២០២៥ តារា និង​ឪពុក​របស់​ខ្លួន​បាន​ទៅ​ទស្សនា​ការ​ប្រកួត​​​ពាន​បើក​រដូវ​កាល​ថ្មី ខេមបូឌាន​ស៊ុប​ភើ​ខាប់ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ទៅ​ទស្សនា​បាល់ទាត់​នៅ​រាជ​ធានី​ភ្នំពេញ​នេះ​ដោយសារ​រូប​គេ​ និង​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​សម្រាក​ពី​ការ​សិក្សា។

សារព័ត៌មាន​«កម្ពុជា​ថ្មី» បាន​ជួប​ តារា និង​ឪពុក​របស់​គេ​ដែល​កំពុង​ទស្សនា​ការ​ប្រកួត ហើយ​បាន​សាក​សួរ​ពី​ចំណាប់​អារម្មណ៍​របស់​គេ។ យុវជន​ខ្មែរ-អាល្លឺម៉ង់ បាន​ប្រាប់​ថា រូប​គេ​ពិត​ជា​ចូល​ចិត្ត​បាល់ទាត់ និង​ចង់​ក្លាយ​ជា​កីឡាករ​អាជីព។ ជា​ពិសេស​រូប​គេ​ចង់​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​ខាង​មុខ ប្រសិន​បើ​មាន​ឱកាស។

គ្រាន់​តែក្នុង​ពេល​ដំណើរ​កម្សាន្ត​មក​ប្រទេស​កម្ពុជា រូប​គេ​មិន​ទុក​ពេល​វេលា​ចោល​នោះ​ទេ​គឺ​បាន​ចេញ​ទៅ​លេង​បាល់ទាត់​ជា​មួយ​យុវជន​ផ្សេង​ទៀត​ជា​រៀង​រាល់​ថ្ងៃ​ថែម​ទៀត​ផង។ តារា ដែល​មាន​ម្តាយ​ជា​ជន​ជាតិ​ខ្មែរ និង​ឪពុក​ជា​ជន​ជាតិ​អាល្លឺម៉ង់​ទទួល​បាន​ការ​អប់រំ​យ៉ាង​ល្អ​ពី​ម្តាយ​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ និង​​ប្រទេស​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ឪពុក​ម្តាយ​តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​កូន​ក្នុង​ការលេង​បាល់ទាត់ ហើយ​ឪពុក​ម្តាយ​ក៏​ចង់​ឃើញ​កូន​​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ។ រូប​គេ​ទើប​អាយុ ១៤​ឆ្នាំ ប៉ុន្តែ​មានកាយ​សម្បទា​ខ្ពស់​ធំ​ល្អ​ដែល​មាន​អំណោយ​ផល​​​សម្រាប់​ការ​លេង​បាល់ទាត់​តែ​ម្តង៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top