Son ទំនងចូលរួមជាមួយក្លិបនៅអាមេរិក ក្នុងតម្លៃបំបែកកំណត់ត្រា ក្រោយចាកចេញពី Spurs ផ្លូវការ

(វ៉ាស៊ីនតោន)៖ ខ្សែប្រយុទ្ធជួរមុខ Son Heung-min ត្រូវបានគេជឿជាក់ថា នឹងចូលរួមជាមួយក្លិប Los Angeles FC លេងនៅលីគកំពូល Major League Soccer របស់សហរដ្ឋអាមេរិក ក្នុងរង្វង់តម្លៃផ្ទេរ ២០លានផោន ក្រោយពេលចាកចេញពី Tottenham Hotspur ផ្លូវការរួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង វ័យ ៣៣ឆ្នាំរូបនេះ នឹងបំបែកកំណត់ត្រាផ្ទេរខ្ពស់បំផុតប្រចាំលីគអាមេរិក ដែលបច្ចុប្បន្ន Emmanuel Latte ទិញពីក្លិប Middlesbrough មានតម្លៃ ២២.៥លានផោនថ្លៃជាងគេកាលខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្លិបរួមលីគ Atlanta United។

ទោះជាយ៉ាង ការពិភាក្សាគ្នាចុងក្រោយនេះនៅតែបន្តធ្វើឡើងដដែល មុនឈានដល់ការចុះកិច្ចសន្យាផ្លូវការ និងការពិនិត្យសុខភាពផងដែរ។

Son ដែលស្ថិតក្រោមកិច្ចសន្យាជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ដល់ឆ្នាំ២០២៦ ត្រូវបានគេគិតថា បានបង្ហាញខ្លួនលើកចុងក្រោយនៃជំនួប Spurs លេងស្មើ ១-១ ទល់នឹងក្រុមរបស់អង់គ្លេសដូចគ្នា Newcastle United ដែលបញ្ចប់ក្នុងលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ ជាមួយនឹងពិធីលាគ្នា ក៏ត្រូវបានធ្វើឡើងរួចរាល់ទៀតផង។

នេះមានន័យថា ម្ចាស់អាវលេខ៧ រូបនេះនឹងអវត្តមានពេល Spurs ប្រកួតពានបើករដូវកាលកម្មវិធីអឺរ៉ុប UEFA Super Cup 2025 ទល់នឹង PSG នាថ្ងៃទី១៣ ខែសីហា នៅប្រទេសអ៉ីតាលី ក្នុងនាម Spurs ម្ចាស់ជើងឯកពាន Europa League ហើយគូប្រជែងម្ចាស់ពាន Champions League រដូវកាល ២០២៤-២៥៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top