លោក Magnus Carlsen កំពូលអ្នកលេងអុកដ៏ល្បីល្បាញលំដាប់ពិភពលោក សញ្ជាតិន័រវែស បានឈ្នះពានរង្វាន់ជើងឯកអុក ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក (Esports World Cup) ឆ្នាំ ២០២៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ Esports World Cup ជាពានដំបូង ក្រៅពីការប្រកួតកម្រិតពិភពលោកកន្លងមកដែលបុរសវ័យ ៣៤ឆ្នាំ ធ្លាប់ឈ្នះ។
ការប្រកួតលេងអុកតាមប្រព័ន្ធអេឡិចត្រូនិក លោក Carlsen បានផ្តួលដៃគូជាច្រើន រហូតអាចឡើងវគ្គផ្តាច់ព្រ័ត្រ។ ចុងក្រោយ កីឡាករវ័យ ៣៤ឆ្នាំ បានយកឈ្នះកីឡាករ Alireza Firouzja ក្នុងទីក្រុងរីយ៉ាដ ដើម្បីឈ្នះជើងឯកអុក Esports World Cup ជាមួយនឹងប្រាក់រង្វាន់ ២៥ម៉ឺនដុល្លារ។ វិញ្ញាសាអុកអេឡិចត្រូនិក មានតម្លៃប្រាក់រង្វាន់បែងចែកសរុប ១,៥លានដុល្លារ។
លោក Carlsen បានចូលរួមការប្រកួតក្នុងនាមជាសមាជិកកីឡាអេឡិចត្រូនិកមកពីក្រុម Team Liquid កំពុងឈរកំពូលតារាងជាក្រុមកីឡាអេឡិចត្រូនិកមានពិន្ទុនាំមុខគេបង្អស់ ប្រចាំព្រឹត្តិការណ៍ទាំងមូល។
កីឡាករន័រវែសរូបនេះ បច្ចុប្បន្នជាកីឡាករលេងអុកកម្រិតទី១ ពិភពលោក និងជាម្ចាស់ជើងឯកកីឡាអុក ២សម័យ នៅឆ្នាំ ២០១៣ និង ២០២៣ ហើយក៏ធ្លាប់ឈ្នះជើងឯកការប្រកួតអុក នៅតាមវិធីជាច្រើនផ្សេងទៀតផងដែរ។
ស្ថិតក្នុងព្រឹត្តិការណ៍ Esports World Cup ក្រុមកីឡាអេឡិចត្រូនិក (Esports Club) ដែលរកបានពិន្ទុខ្ពស់ជាងគេ ពីការប្រកួតតាមប្រភេទកីឡាអេឡិចត្រូនិកនីមួយៗ បានដាក់ឱ្យប្រកួត ក្រុមនោះនឹងមានឱកាសដណ្តើមបានជើងឯកជាក្រុមកីឡាអេឡិចត្រូនិក (Esports Club) ល្អប្រចាំឆ្នាំ មានតម្លៃប្រាក់រង្វាន់ប្រមាណ ៧លានដុល្លារ។ តាមប្រភេទវិញ្ញាសារកីឡាអេឡិចត្រូនិកនីមួយៗ ក៏នឹងត្រូវបានផ្តល់ប្រាក់រង្វាន់តាមប្រភេទកីឡានោះផ្សេងៗគ្នាដែរ។
ពិន្ទុរបស់ក្រុម Team Liquid ដែលមានលោក Carlsen ចូលរួមប្រកួតអុកតំណាងឱ្យ បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ២ ប្រចាំតារាងក្រុមកីឡាអេឡិចត្រូនិក រកបានពិន្ទុច្រើនប្រចាំព្រឹត្តិការណ៍ ដោយការឈ្នះវិញ្ញាសាអុករបស់ បុរសវ័យ ៣៤ឆ្នាំ ទទួលបាន ១ ០០០ពិន្ទុសម្រាប់ក្រុម។ បច្ចុប្បន្ន Team Liquid រកបាន ៣ ២០០ពិន្ទុ ឈរលេខ២ ខណៈក្រុមកីឡាអេឡិចត្រូនិក Team Falcons របស់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត នាំមុខពិន្ទុកំពូលតារាង។
ពិន្ទុរបស់ក្រុម Team Liquid មួយនេះ បានហក់ឡើងខ្លាំង បន្ទាប់ពីក្រុមកីឡាអេឡិចត្រូនិក Team Liquid PH ឈ្នះជើងឯកពានរង្វាន់ Mid Season Cup (MSC) ឆ្នាំ ២០២៥ លើវិញ្ញាសាកីឡាទូរស័ព្ទដៃ MLBB Esports រកបាន ១ ០០០ពិន្ទុ បន្ថែម។ Team Liquid PH ដែលបានផ្តួលក្រុម Selangor Red Giant មកពីម៉ាឡេស៊ី លទ្ធផលការប្រកួត ៤-១ហ្គេម ទទួលបានប្រាក់រង្វាន់ ១លានដុល្លារពីប្រកួត។
នៅការប្រកួត MSC 2025 ដែលក្រុម CFU Gaming ដែលបានតំណាងឱ្យកម្ពុជា បានចូលរួមប្រកួត ហើយបញ្ចប់ចំណាត់ថ្នាក់លេខ ៩ ដែលទទួលបានប្រាក់រង្វាន់ប្រមាណ ៦៦ ០០០ដុល្លារ ពីវិញ្ញាសា MLBB Esports។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍ Esports World Cup ឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត មានទំហំប្រាក់រង្វាន់សរុបប្រមាណជាង ៦០លានដុល្លារ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី ៨ ខែមិថុនា មកម្ល៉េះ ហើយគ្រោងនឹងបិទបញ្ចប់ព្រឹត្តិការណ៍ទាំងស្រុង នៅថ្ងៃទី២៤ ខែសីហា៕
ប្រភព៖ THMEYTHMEY