ប្រធានក្រុម Cristiano Ronaldo បានទទូចឱ្យក្លិប Al-Nassr នាំយកអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Manchester United គឺកីឡាករ Mason Greenwood មករួមក្រុមជាមួយខ្លួននៅរដូវកាលថ្មី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ Marca។
ថ្មីៗនេះក្លិប Al-Nassr ទើបតែចុះកិច្ចសន្យាយកបាន Joao Felix ពីក្លិប Chelsea ក្នុងតម្លៃ ៥៧.៧៦ លានដុល្លារអាមេរិក បូកជាមួយលក្ខខណ្ឌបន្ថែមទឹកប្រាក់នៅពេលក្រោយចំនួន ៥៧.៧៦ លានដុល្លារអាមេរិកទៀត។ ទោះបីជាយ៉ាងណា ប្រធានក្រុម Ronaldo នៅតែមានបំណងចង់ឱ្យក្លិបយកកីឡាករដែលមានសក្តានុពលពីតំបន់ អឺរ៉ុប បន្ថែមទៀត ដើម្បីមកជួយក្រុម ក្នុងការប្រជែងពាននៅរដូវកាលថ្មី ២០២៥-២០២៦។
ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានសម្លឹងឃើញ Greenwood ជាកីឡាករដ៏សក្តិសម ដើម្បីមករួមក្រុមជាមួយខ្លួននៅរដូវកាលថ្មី ខណៈអ្នកទាំង ២ ធ្លាប់បានលេងក្នុងក្រុមជាមួយគ្នាម្តងរួចមកហើយ អំឡុងពេលនៅ Man United ចន្លោះពីឆ្នាំរដូវកាលក្តៅឆ្នាំ ២០២១ ដល់ចុងឆ្នាំ ២០២២។
គួរឱ្យដឹងថា កាលពីរដូវកាលមុន ២០២៤-២០២៥ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៣ ឆ្នាំ ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែនជាមួយក្រុម Marseille ដោយរូបគេបង្ហាញខ្លួនបានចំនួន ៣៦ ប្រកួត រកបាន ២២ គ្រាប់ និង ៦ បញ្ជូន (assist)៕
ប្រភព៖ KAMPUCHEATHMEY