លោក ឃួន ឡាបូរ៉ាវី៖ ក្រុមនារីកម្ពុជា អវត្តមានកីឡាការិនីឆ្នើមច្រើនរូប នៅ Serenity Cup 2025

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយវៀតណាម ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Lach Tray វេលាម៉ោង ៧:៣០យប់។ លោក ឃួន​ ឡាបូរ៉ាវី គ្រូជំនួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា អះអាងថាទម្រង់លេង របស់កូនក្រុម នឹងមិនសូវលេចធ្លោដូចការប្រកួតក្នុងដី កន្លងមកនោះទេ ដោយសារតែបាត់សមាជិកឆ្នើមៗ ច្រើនរូប ដោយជំនួសសមាសភាពថ្មីវិញ។

ការប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 ដែលធ្វើនៅប្រទេសវៀតណាម នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៦-១៩ សីហា ឆ្នាំ២០២៥។ ដោយឡែក សមាសភាពកីឡាការិនីភ្នំពេញក្រោន ដែលមានសក្ដានុពល និងតែងតែជាប់ក្នុងក្រុមជម្រើសជាតិនារីកម្ពុជា មិនអាចចូលរួមក្នុងបេសកកម្មនេះបានទេ។ ហេតុផលនោះ គឺក្រុមនារីភ្នំពេញក្រោន ជាប់ភារកិច្ចធ្វើជាម្ចាស់ផ្ទះ ពូល E នៃពានរង្វាន់ AFC Women’s Champions League 2025-2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-៣១ សីហា។

លោក ឃួន ឡាបូរ៉ាវី បានបញ្ជាក់ថា ក្រុមកីឡាការិនីកម្ពុជា មានពេល ២សប្ដាហ៍ក្នុងការប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ពានរង្វាន់ ដែលធ្វើនៅវៀតណាមនេះ។ គ្រូជំនួយរូបនេះ មិនបានដាក់ការរំពឹងទុកខ្ពស់ឡើយ ដោយសារតែក្នុងពូល A មានក្រុម ដែលមានកម្រិតខ្លាំងជាងកម្ពុជា។ គ្រូជំនួយរូបនេះ គ្រាន់តែរំពឹងថាកីឡាការិនីរបស់ខ្លួន អាចលេងដោយមានភាពជឿជាក់ បញ្ចេញអស់ពីសមត្ថភាព និងបង្ហាញទម្រង់លេងបានល្អ។

លោក ឃួន ឡាបូរ៉ាវី បន្ថែមទៀតថា ទម្រង់លេងរបស់កីឡាការិនី អាចមានភាពខុសគ្នា បើធៀបទៅទម្រង់លេងកន្លងមកក្នុងប្រទេសខ្លួន ដូចជាការប្រកួតជាមួយកោះហ្គាំ អារ៉ាប៊ីសាអូឌីត និងហុងកុង ជាដើម។ អ្វី ដែលគ្រូជំនួយរូបនេះ សម្ដៅនោះគឺ ដោយសារតែក្រុមជម្រើសជាតិនារីកម្ពុជា មានសមាជិកថ្មីៗ មួយចំនួន ដែលត្រូវការពេលវេលា ដើម្បីសម្របខ្លួនក្នុងការលេងជាក្រុម ជាមួយគ្នា។

«យើង បានប្រមូលផ្ដុំហ្វឹកហាត់នៅកម្ពុជា​ បាន២សប្ដាហ៍ដែរ។ រាល់ការប្រកួត យើងតែងតែត្រៀមខ្លួន ហើយប្រឹងធ្វើយ៉ាងណាឲ្យបានល្អបំផុត។ លើកនេះ អាចពិបាកបន្ដិច ដោយសារយើងបាត់បង់កីឡាករល្អ និងចំបងៗរបស់យើង ជិត១០នាក់ ដែលលេងនៅភ្នំពេញក្រោន។ ជាមួយកីឡាការិនីថ្មីៗ យើងត្រូវការពេល រួមផ្សំជាមួយការលេងទៅតាមគុណភាពកីឡាការិនី ដែលយើងមានដូចគ្នា។ ដូច្នេះ ចំពោះលទ្ធផល ខ្ញុំ រំពឹងថាក្រុមយើងធ្វើបានល្អ។ ខ្ញុំគិតថា បើឲ្យប្រជែងខ្លាំងដូចអ្វី ដែលយើងលេងពីមុន ប្រហែលជារបៀបលេងខុសប្លែកគ្នាបន្ដិច ព្រោះកម្រិតកីឡាការិនីយើង មិនអាចប្រើអ្វីទៅតាមយើង ធ្លាប់លេងពីមុនបាន។​»។ គ្រូជំនួយរូបនេះ បាននិយាយដូច្នេះ។

គួរបញ្ជាក់ផងដែរថា ក្នុងពូល A ក្រុមកីឡាការិនីថៃ ត្រូវប្រកួតជាមួយ ឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០រសៀល។ លុះចូលដល់ម៉ោង ៧:៣០ ក្រុមកីឡាការិនីវៀតណាម ស្វាគមន៍កម្ពុជា នៅកីឡដ្ឋាន Lach Tray៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top