អត្តពលិកល្បីៗ ដែលចាយប្រាក់សំណងឱ្យភរិយាច្រើនបំផុត ក្រោយលែងលះ

(បរទេស)៖ លើពិភពលោកនេះចំណងអាពាហ៍ពិពាហ៍ ការស្រលាញ់គ្នាទៅមកដោយភាពផ្អែមល្ហែម តែងកើតមានសម្រាប់មនុស្សគ្រប់រូប ហើយជួនកាលចំណងស្នេហាទាំងនោះក៏អាចរក្សាភាពល្អប្រសើរជាមួយគ្នាគង់វង្ស តែខ្លះទៀតក៏រក្សាបានត្រឹមតែពេលខ្លី ហើយក៏បែកបាក់ចែកផ្លូវគ្នារៀងខ្លួន។ តួយ៉ាងនៅក្នុងវិស័យកីឡាក៏មិនខុសគ្នា ចំណងស្នេហារវាងអត្តពលិកកីឡា ក៏ជួបរឿងរ៉ាវបែកបាក់គ្នាផងដែរ ដែលនេះជាធម្មជាតិនៃមនុស្សជាតិ។

អត្តពលិកកីឡាល្បីៗលើពិភពលោក សុទ្ធសឹងតែរកបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការប្រកួត និងការឧបត្ថម្ភ ផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ហើយរឿងរ៉ាវចំណងស្នេហាខ្លះក៏ជួបរឿងល្អ ខ្លះទៀតជួបរឿងរ៉ាវមិនចេះចប់ មិនចេះហើយ រហូតខ្លះមានជាប់ទោសទាន់ព្រោះតែបញ្ហាស្នេហាដៃគូ។ 

រឿងរ៉ាវអាស្រូវស្នេហា ការបែកបាក់ចំណងអាពាហ៍ពិពាហ៍របស់កីឡាករ-ការិនី ភាគច្រើនតែងត្រូវបានគេស្គាល់ទៅលើអត្តពលិកកីឡាល្បីៗ ស្ទើរគ្រប់វិស័យកីឡា ហើយការបែកបាក់ចំណងស្នេហាក្រុមគ្រួសារ របស់អត្តពលិកកីឡាទាំងនោះសុទ្ធសឹងតែបានចំណាយប្រាក់ជាច្រើន ទៅតាមការបែងចែកទ្រព្យសម្បត្តិក្រោយពេលភាគីសងខាងលែងលះគ្នា។ 

ខាងក្រោមនេះ ជាការបែកបាក់ចំណងស្នេហាអាពាហ៍ពិពាហ៍របស់ក្រុមអត្តពលិក ទាំង ៧ ក្នុងវិស័យកីឡា ដែលត្រូវចាយប្រាក់សំណងទៅឱ្យភរិយាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយការលែងលះ៖

១. លោក Michael Jordan និងអតីតភរិយា អ្នកស្រី Juanita Vanoy

ម្ចាស់ជើងឯកបាល់បោះ NBA ៦សម័យ និងអតីតកីឡាករបាល់បោះ លោក Michael Jordan បានលែងលះប្រពន្ធនៅក្នុងឆ្នាំ ២០០៦ ក្រោយរៀបការអស់ពេល ១៧ឆ្នាំ ការលែងលះនោះធ្វើឱ្យលោកចាយប្រាក់អស់ជាង ១៦៨លានដុល្លារ។

២. លោក Greg Norman និងអតីតភរិយា អ្នកស្រី Laura Andrassy

អតីតអ្នកវាយកូនហ្គោលជើងចាស់ដ៏ល្បី បានចែកផ្លូវជាមួយនឹងប្រពន្ធ ក្នុងឆ្នាំ ២០០៦ ក្រោយរៀបចំអស់ពេល ២៥ឆ្នាំ ហើយការលែងលះធ្វើឱ្យលោកត្រូវចាយប្រាក់ ១០៣លានដុល្លារ ក្នុងនោះរួមមានទាំងផ្ទះ គ្រឿងអលង្កា ព្រមទាំងអចលនទ្រព្យដទៃជាច្រើនទៀត។

៣. លោក Tiger Woods និងអតីតភរិយា អ្នកស្រី Elin Nordegren

លោក Tiger Woods ត្រូវបានគេស្គាល់ថាជាកំពូលកីឡាករវាយកូនហ្គោលមួយរូប ល្បីល្បាញទូទាំងពិភពលោក ដោយលោកមានកំណត់ត្រាឈ្នះចំនួន ៨២លើក នៅការប្រកួត PGA Tour ហើយជាកីឡាករស្មើកំណត់ត្រាជាមួយនឹងលោក Sam Snead ដែលឈ្នះច្រើនជាងគេបំភុតប្រចាំប្រវត្តិសាស្ត្រ PGA Tour។ យ៉ាងណាមិញ ជីវិតស្នេហារបស់លោក Tiger Woods ជួបរឿងមិនសូវល្អប៉ុន្មានឡើយ ដោយលោកបានលែងលះជាមួយនឹងអ្នកស្រី Elin Nordegren កាលពីឆ្នាំ ២០១០ ហើយរឿងអាស្រូវការលែងលះនោះធ្វើឱ្យលោកចាយប្រាក់ជាង ១០០លានដុល្លារ។

៤. លោក Mike Tyson និងអតីតភរិយា អ្នកស្រី Robin Givens

អតីតអ្នកប្រដាល់ជើងចាស់អាម៉េរិក លោក Tyson បានចែកផ្លូវជាមួយនឹងអ្នកស្រី Robin Givens ក្នុងឆ្នាំ ១៩៨៩ ក្រោយពីរៀបការបានត្រឹមតែ ៧ខែ ប៉ុណ្ណោះ ការលែងលះនោះធ្វើឱ្យលោក Mike Tyson ចាយប្រាក់អស់ ១០លានដុល្លារ ហើយជាប់ឈ្មោះជាបុរសអាក្រក់ជាងគេលើពិភពលោកថែមទៀត។

៥. លោក Michael Strahan និងអតីតភរិយា អ្នកស្រី Jean Muggli

អតីតកីឡាករបាល់ឧប NFL របស់អាម៉េរិក លោក Strahan បានលែងលះប្រពន្ធក្នុងឆ្នាំ ២០០៦ ហើយលែងលះនោះធ្វើឱ្យអ្នកស្រី Jean Muggli ទទួលបានប្រាក់ប្រមាណ ១៥,៣លានដុល្លារ និងប្រាក់ឧបត្ថម្ភ ១៨ ០០០ដុល្លារប្រចាំខែ។

៦. លោក Alex Rodriguez និងអតីតភរិយា អ្នកស្រី Cynthia Scurtis

តារាវាយកូនបាល់ លោក Alex Rodriguez បានលែងលះប្រពន្ធក្នុងឆ្នាំ ២០០៨ ហើយលោកត្រូវបង់ប្រាក់ប្រមាណ ១២លានដុល្លារ និងប្រាក់ខែជាប្រចាំដើម្បីគាំទ្រដល់ការចិញ្ចឹមកូន ដែលមានទំហំទឹកប្រាក់សរុបទាំងអស់ជាង ១៣លានដុល្លារ។

៧. លោក Hulk Hogan និងអតីតភរិយា អ្នកស្រី Linda Bollea

លោក Hogan ជាអតីតកីឡាករកីឡាកាស ដ៏ល្បីប្រចាំស្ថាប័នកីឡាកាស WWE ដោយលោកបានលែងលះអ្នកស្រី Linda ក្នុងឆ្នាំ ២០០៩ ហើយអ្នកស្រី Linda Bollea ទទួលបានទ្រព្យសម្បត្តិប្រមាណ ៧០ភាគរយ នៃទ្រព្យសម្បត្តិរួម, ភាគហ៊ុន ៤០ភាគរយ ពីក្រុមហ៊ុនដែលមាន និងអចលនទ្រព្យតម្លៃ ៣លានដុល្លារ។ លោក Hogan បានទទួលមរណភាពនៅអាយុ ៧១ឆ្នាំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top