លោក Oleg Starynskyi គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រើប្រាស់កីឡាករបរទេសច្រើននៅតំបន់ការពារ និងតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មីនៃលីគបាល់ទាត់កំពូលកម្ពុជា និងពានរង្វាន់អន្តរជាតិនារដូវកាល២០២៥-២៦។
បន្ទាប់ពីរដូវកាលចាស់បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា និងឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្លិបភ្នំពេញក្រោន ត្រូវបានធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់ការបញ្ចេញកីឡាករល្អៗទាំងកីឡាករខ្មែរ និងកីឡាករបរទេស។ ក្លិបរក្សាទុកកីឡាករបរទេសតែម្នាក់គត់គឺខ្សែការពារកូរ៉េខាងត្បូង Park Yi-young ប៉ុន្តែបាននាំចូលកីឡាករបរទេស២នាក់នៅតំបន់ការពារសុទ្ធតែមកពីតំបន់អឺរ៉ុបគឺ Raul Feher សញ្ជាតិរ៉ូម៉ានី និង Rick Ketting សញ្ជាតិហូឡង់។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក Oleg Starynskyi បានប្រាប់ថា ក្លិបភាគច្រើននៅលីគកំពូលកម្ពុជា ប្រើប្រាស់ខ្សែប្រយុទ្ធជាកីឡាករបរទេសដែលមានកាយសម្បទាធំខ្ពស់។ ប្រសិនបើបច្ចេកទេសប្រហាក់ប្រហែលគ្នា ប៉ុន្តែកីឡាករដែលមានកាយសម្បទាធំខ្ពស់ហាក់ល្អប្រសើរជាងកីឡាករដែលមានកាយសម្បទាមិនសូវខ្ពស់។ ជាក់ស្តែងកាលពីមុន ព្រះខ័នរាជស្វាយរៀង មានកីឡាករ Marcus Haber ដែលមានបច្ចេកទេសមិនលើសកីឡាករដទៃទេ ប៉ុន្តែរូបគេមានកម្ពស់ខ្ពស់ងាយស្រួលក្នុងការរកគ្រាប់បាល់ ហើយបានជារូបគេបានឈ្នះស្បែកជើងមាស២រដូវកាលជាប់គ្នា។ ដូច្នេះខ្សែការពារទាល់តែមានកាយសម្បទាខ្ពស់ធំដែរទើបអាចប្រជែងនឹងខ្សែប្រយុទ្ធដែលមានកាយសម្បទាធំខ្ពស់។
គ្រូបង្វឹកភ្នំពេញក្រោនរូបនេះបានបញ្ជាក់ថា បើទោះបីជាលោកមានខ្សែការពារជាកីឡាករបរទេសដល់ទៅ ៣ នាក់ ប៉ុន្តែមិនមែនគ្រប់ការប្រកួតទាំងអស់សុទ្ធតែត្រូវដាក់ឲ្យលេងនោះទេ។ កីឡាករម្នាក់ៗមិនអាចលេងបានល្អគ្រប់ការប្រកួតពេញមួយរដួវកាលនោះទេ ដូច្នេះលោកនឹងប្រើប្រាស់កីឡាករបរទេសលាយចម្រុះកីឡាករខ្មែរដើម្បីឲ្យលេងជាមួយគ្នាដែរ។កីឡាករខ្មែរក៏បានលេង ហើយចាប់ដៃគូជាមួយកីឡាករបរទេសរឹតតែធ្វើឲ្យពួកគេកាន់តែបង្កើនសមត្ថភាព។
សូមបញ្ជាក់ថា ភ្នំពេញក្រោន មានខ្សែការពារសញ្ជាតិកូរ៉េខាងត្បូង Park Yi-yong ដែលនៅតាំងពីរដូវកាលមុន និងខ្សែការពារបរទេសថ្មី Raul Feher សញ្ជាតិរ៉ូម៉ានី និង Rick Ketting សញ្ជាតិហូឡង់។ ជាមួយគ្នានេះ ក្លិបប្រើកីឡាករតំបន់ជួរមុខជាបរទេសគឺកីឡាករអ៊ុយក្រែន Maksym Pryadun, កីឡាករនូវែលហ្សេឡង់ Mose Dyer និង កីឡាករប៊ូឡាវី Makerlo Tellez៕
ប្រភព៖ KAMPUCHEATHMEY