លោក Oleg Starynskyi ប្រាប់មូលហេតុ​ប្រើ​កីឡាករ​បរទេស​​ច្រើន​នៅ​តំបន់​ការពារ

លោក Oleg Starynskyi គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ប្រើ​ប្រាស់​កីឡាករ​បរទេស​ច្រើន​នៅ​តំបន់​ការពារ និង​តំបន់​ប្រយុទ្ធ​សម្រាប់​​រដូវ​កាល​ថ្មី​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​រង្វាន់​អន្តរជាតិ​នារដូវ​កាល​២០២៥-២៦។

បន្ទាប់​ពី​រដូវ​កាល​ចាស់​បាន​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ នៃ​លីគ​កំពូល​កម្ពុជា និង​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ក្លិប​ភ្នំពេញ​ក្រោន​ ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​បញ្ចេញ​កីឡាករ​​ល្អ​ៗ​ទាំង​កីឡាករ​ខ្មែរ និង​កីឡាករ​បរទេស។ ក្លិប​រក្សា​ទុក​កីឡាករ​បរទេស​តែ​ម្នាក់​គត់​គឺ​ខ្សែ​ការពារ​​កូរ៉េ​ខាង​ត្បូង Park Yi-young ប៉ុន្តែ​បាន​នាំ​ចូល​កីឡាករ​បរទេស​២​នាក់​នៅ​តំបន់​ការពារ​សុទ្ធ​តែ​មក​ពី​តំបន់​អឺរ៉ុប​​គឺ Raul Feher សញ្ជាតិ​រ៉ូម៉ានី និង​ Rick Ketting សញ្ជាតិហូឡង់។

ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី» លោក Oleg Starynskyi បាន​ប្រាប់​ថា ក្លិប​ភាគ​ច្រើន​នៅ​លីគ​កំពូល​កម្ពុជា ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​ជា​កីឡាករ​បរទេស​ដែល​មាន​កាយ​សម្បទាធំ​ខ្ពស់។ ប្រសិន​បើ​បច្ចេកទេស​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​កីឡាករ​ដែល​មាន​កាយ​សម្បទា​ធំ​ខ្ពស់​​ហាក់​ល្អ​ប្រសើរ​ជាង​កីឡាករ​ដែល​មាន​កាយ​សម្បទា​មិន​សូវ​ខ្ពស់។ ជាក់​ស្តែង​​​កាល​ពី​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ Marcus Haber ដែល​មាន​បច្ចេកទេស​មិន​លើស​កីឡាករ​ដទៃ​ទេ ប៉ុន្តែ​រូប​គេ​មាន​កម្ពស់​ខ្ពស់​ងាយ​ស្រួល​ក្នុង​ការ​រក​គ្រាប់​បាល់ ហើយ​បាន​ជា​រូប​គេ​បាន​ឈ្នះ​ស្បែក​ជើង​មាស​២រដូវ​កាល​ជាប់​គ្នា។ ដូច្នេះ​ខ្សែ​ការពារ​ទាល់​តែ​មាន​កាយ​សម្បទា​ខ្ពស់​ធំ​ដែរ​ទើប​អាច​ប្រជែង​នឹង​ខ្សែ​ប្រយុទ្ធ​ដែល​មាន​កាយ​សម្បទា​ធំ​ខ្ពស់។

គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​​មាន​ខ្សែ​ការពារ​ជាកីឡាករ​បរទេស​ដល់​ទៅ​ ៣ នាក់ ប៉ុន្តែ​មិន​មែន​គ្រប់​ការ​ប្រកួត​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ដាក់​ឲ្យ​លេង​នោះ​ទេ។ កីឡាករ​ម្នាក់​ៗ​មិន​អាច​លេង​បាន​ល្អគ្រប់​ការ​ប្រកួត​ពេញ​មួយ​រដួវ​កាល​នោះ​ទេ ដូច្នេះ​លោក​នឹង​ប្រើ​ប្រាស់​កីឡាករ​បរទេស​លាយ​ចម្រុះ​កីឡាករ​ខ្មែរ​ដើម្បី​ឲ្យ​លេង​ជា​មួយ​គ្នា​ដែរ។​កីឡាករ​ខ្មែរ​ក៏​​បាន​លេង ហើយ​ចាប់​ដៃ​គូ​ជា​មួយ​កីឡាករ​បរទេស​រឹត​តែ​​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​បង្កើនសមត្ថភាព។

សូម​បញ្ជាក់​ថា ភ្នំពេញ​ក្រោន មាន​ខ្សែ​​ការពារសញ្ជាតិ​កូរ៉េ​ខាង​ត្បូង Park Yi-yong ដែល​នៅ​តាំង​ពី​រដូវ​កាល​មុន និង​ខ្សែ​ការពារ​បរទេស​ថ្មី Raul Feher សញ្ជាតិ​រ៉ូម៉ានី និង​ Rick Ketting សញ្ជាតិហូឡង់។ ជា​មួយ​គ្នា​នេះ ក្លិប​ប្រើ​កីឡាករ​តំបន់​ជួរ​មុខ​ជា​​បរទេស​គឺ​កីឡាករ​អ៊ុយក្រែន Maksym Pryadun, កីឡាករ​នូវែលហ្សេឡង់ Mose Dyer និង កីឡាករ​ប៊ូឡាវី Makerlo Tellez៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top