ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីរបស់កម្ពុជា ទាំងឈុតធំ និង U20 សុទ្ធតែរងបរាជ័យ។ ក្រុមនារីឈុតធំ ចាញ់វៀតណាម លទ្ធផល៦-០ សម្រាប់ការប្រកួតបើកឆាកពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Lach Tray ក្នុងប្រទេសវៀតណាម ឯក្រុមនារីអាយុក្រោម ២០ឆ្នាំកម្ពុជា ចាញ់ លីបង់ លទ្ធផល១-០ នៅកីឡដ្ឋាន Helan Mountain ប្រទេសចិន ក្នុងពូល E នៃវគ្គជម្រុះ AFC U-20 Women’s Asian Cup ឆ្នាំ ២០២៥។
នេះ គឺជាលើកទី៥ ដែលក្រុមនារីឈុតធំកម្ពុជា បានចាញ់ក្រុមនារីវៀតណាម។ លទ្ធផលនេះ សម្រាប់លោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមនារីឈុតធំកម្ពុជា គឺជារឿងដែលពិបាកក្នុងការប្រជែងជាមួយក្រុមម្ចាស់ផ្ទះ ដែលមានកម្រិតខ្លាំងជាង។ ម្យ៉ាងវិញទៀត ក្រុមជម្រើសជាតិកម្ពុជា ក៏បាត់បង់សមាជិក ដែលមានសក្ដានុពលមួយចំនួនមកពីក្លិបភ្នំពេញក្រោន។ ទោះជាលំបាកក៏ដោយ គ្រូជំនួយកម្ពុជារូបនេះ និយាយថា កីឡាការិនី ត្រូវតែឆ្លងកាត់ ដើម្បីការអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត។
យោងទៅលើហ្វេសប៊ុករបស់លោក ឃួន ឡាបូរ៉ាវី គ្រូជំនួយរូបនេះ បានបង្ហោះសារថា៖«នេះ ជាភារកិច្ចមួយដ៏លំបាកតែពួកយើងត្រូវឆ្លងកាត់វាទាំងអស់គ្នាដើម្បីអាចរំកិលខ្លួនទៅមួយកម្រឹតទៀត។»។
កម្ពុជា ត្រូវប៉ះជាមួយ ក្រុមនារីថៃ នៅថ្ងៃទី៩ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Lach Tray វេលាម៉ោង ៤:៣០រសៀល។
ក្នុងថ្ងៃជាមួយគ្នានេះ ក្រុមនារីអាយុក្រោម២០ឆ្នាំកម្ពុជា បានចាញ់លីបង់ លទ្ធផល១-០ ក្នុងការប្រកួតពូល E វគ្គជម្រុះ AFC U-20 Women’s Asian Cup ឆ្នាំ ២០២៥ នៅកីឡដ្ឋាន Helan Mountrain។ ទោះជាលទ្ធផលចាញ់ ប៉ុន្តែក្រុមនារីកម្ពុជា បានព្យាយាមលេងបានល្អ ដោយបានតបជាមួយក្រុម ដែលមានបទពិសោធន៍ច្រើនជាងខ្លួន ដែលស្ទើរតែមិនរបូតគ្រាប់បាល់។
ក្រុមនេះ នឹងត្រូវប្រកួតជាមួយ ក្រុមនារីចិន នៅថ្ងៃទី៨ សីហា នៅកីឡដ្ឋាន Helan Mountain វេលាម៉ោង ៧:៣៥យប់៕
ប្រភព៖ THMEYTHMEY



