Al Hilal ប្រឈមបម្រាមពីការប្រកួត Saudi Super Cup រដូវកាល ២០២៦-២៧

Al Hilal ប្រឈមមុខការហាមឃាត់ពីការប្រកួតពានរង្វាន់ Saudi Super Cup រដូវកាល​ ២០២៦​-២៧ ដោយសារពួកគេបានដកខ្លួនចេញពីការប្រកួតនេះ នៅដើមរដូវកាល ២០២៥-២៦។ នេះបើតាមការប្រកាសរបស់គណៈកម្មការផ្នែកវិន័យ របស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF)។

ការសម្រេចចិត្តហាមឃាត់នេះ ធ្វើឡើង​ក្រោយពីក្លិប Al Hilal សម្រេចចិត្តដកខ្លួនចេញពីការប្រកួត Saudi Super Cup ដោយយកពេលសម្រាក ត្រៀមការប្រកួតរដូវកាលថ្មី ២០២៥-២៦ ក្រោយពីក្រុមបញ្ចប់ភារកិច្ចប្រកួត FIFA Club World Cup ឆ្នាំ២០២៥ នៅប្រទេសអាម៉េរិករួចមក។ 

ដើមឡើយពានរង្វាន់ Saudi Super Cup ត្រៀមធ្វើឡើងនៅលើទឹកដីហុងកុង ដោយមានក្រុមចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមាន Al Nassr, Al Ittihad, Al Hilal និង Al Qadisiyah ប៉ុន្តែក្រោយ Al Hilal ដកខ្លួនចេញ ក្លិប Al Ahli ម្ចាស់ពានរង្វាន់ AFC Champions League បានចូលជំនួសវិញ។

ចំណែក Al Hilal វិញ ក្រោយបញ្ចប់រដូវកាលភ្លាម ពួកគេបានបន្តដំណើរទៅកាន់ការប្រកួតពានរង្វាន់ Club World Cup នៅអាម៉េរិកភ្លាម ដែលនាំឱ្យក្រុមគ្មានពេលសម្រាកគ្រប់គ្រាន់ ក្នុងការត្រៀមខ្លួនប្រកួតរដូវកាលថ្មី។ Al Hilal ជាក្រុមឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ប៉ុន្តែពួកគេបានចាញ់ក្រោមថ្វីជើងក្រុមប្រេស៊ីល Fluminense លទ្ធផល ២-១ ធ្លាក់ចេញពីការប្រកួត កាលពីថ្ងៃទី៤ ឧសភា។

បើតាមសេចក្តីថ្លែងការណ៍របស់ SAFF ក្លិប Al Hilal មិនត្រឹមតែប្រឈមមុខការហាមឃាត់មិនឱ្យប្រកួតក្នុងពានរង្វាន់ Saudi Super Cup រដូវកាលក្រោយនោះឡើយ ក្លិបមួយនេះក៏រងពិន័យជាប្រាក់ប្រមាណ ១៣៣ ០០០ដុល្លារផងដែរ ពីការបំពានច្បាប់ការប្រកួត។

រដូវកាលមុន Al Hilal ក៏ជាក្រុមឈ្នះជើងឯក Saudi Super Cup ផងដែរ ក្រោយពួកគេផ្តួលក្រុមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្រុម Al Nassr ហើយបន្តកំណត់ត្រាឈ្នះពានរង្វាន់នេះ ៥រដូវកាលជាប់គ្នា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top