កីឡាករបរទេស ២៤សញ្ជាតិ ត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ចុងសប្ដាហ៍នេះ ខណៈប្រេស៊ីលច្រើនជាងគេ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី៩-១០ ខែសីហាចុងសប្ដាហ៍នេះ ហើយក្រុមនីមួយៗ ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្លិបសមាជិកទាំង ១១ សុទ្ធតែបានបំពេញកូតាកីឡាករបរទេស ៦រូបដូចៗគ្នា ពោលគឺមានកីឡាករបរទេស ៦៦នាក់ ស្មើនឹង ២៤សញ្ជាតិ ដែលប្រយុទ្ធលើសមរភូមិវាលស្មៅ នារដូវកាលថ្មីនេះ។

ក្នុងចំណោមកីឡាករបរទេសទាំង ២៤សញ្ជាតិខាងលើ គេឃើញមានកីឡាករសញ្ជាតិប្រេស៊ីលច្រើនជាងគេសរុបចំនួន ១៨នាក់ ដែលលេងឲ្យក្លិបចំនួន ៧ ។ បន្ទាប់មកទៀត មានកីឡាករជប៉ុន ១៥នាក់ លេងឲ្យក្លិបចំនួន ៧ដូចគ្នា, កីឡាករកូរ៉េខាងត្បូង ៥នាក់ លេងនៅក្លិបចំនួន ៣, កីឡាករហ្គាណា ៣នាក់ លេងនៅក្លិបចំនួន ៣, កីឡាករនីហ្សេរីយ៉ា ៣នាក់ លេងនៅក្លិបចំនួន ៣, កីឡាករហូឡង់ ២នាក់, កីឡាករអង់គ្លេស ២នាក់ និងកីឡាករឥណ្ឌូនេស៊ី ២នាក់។

រីឯកីឡាករបរទេស ១៦នាក់ផ្សេងទៀត គឺមកពី ១៦សញ្ជាតិផ្សេងគ្នា ខណៈកីឡាករខ្លះ ទើបមកប្រកបអាជីពលើកដំបូងនៅកម្ពុជា ក្នុងនោះមានដូចកីឡាករមកពីឡេសូតូ, បូលីវី, រ៉ូម៉ានី, នូវែលសេឡង់, អូស្ដ្រាលី, កាណាដា, សៀរ៉ាឡេអូន, នេប៉ាល់, កេនយ៉ា, ព័រទុយហ្គាល់, ឡាតវី, អ៊ុយក្រែន, កាមេរ៉ូន, អ៊ូបេគីស្ថាន ឡាវ និងទីម័រខាងកើតជាដើម។

គួរដឹងថា លីគកំពូលកម្ពុជា រដូវកាលថ្មី ដែលនឹងចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ក្លិបនីមួយៗ បានពង្រឹងក្រុមខ្លាំងគួរឲ្យចាប់អារម្មណ៍ ពិសេសការនាំចូលកីឡាករបរទេស សុទ្ធតែមានគុណភាព និងធ្លាប់មានបទពិសោធន៍លេងនៅលីគធំៗលើពិភពលោក ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងទន្ទឹងរងចាំការប្រកួតមកដល់ ហើយក៏សង្ឃឹមថា នឹងទទួលបាននូវបទពិសោធន៍ និងទស្សនីយភាពកាន់តែប្លែក ជក់ចិត្ត ជាមួយការប្រកួតប្រជែងកម្រិតខ្ពស់ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ខាងមុខផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top