ក្លិប Bengaluru FC នៃលីគកីឡាបាល់ទាត់កំពូលឥណ្ឌា (ISL) ឈប់បើកប្រាក់ខែដល់កីឡាករ និងក្រុមការងារគ្រូបង្វឹកទាំងអស់ ក្រោយក្រុមស្រពេចស្រពិលក្នុងការប្រកួតរដូវកាលថ្មី ស្របពេលលីគកំពូលឥណ្ឌា ផ្អាកដំណើរការបណ្តោះអាសន្ន។
បើតាមសេចក្តីថ្លែងការណ៍របស់ក្លិបជើងឯកលីគកំពូលឥណ្ឌា ឆ្នាំ២០១៨-១៩ ក្លិបស្ថិតក្នុងដំណាក់កាលសម្រេចចិត្ត និងត្រួតពិនិត្យមើលលើភាពមិច្បាស់លាស់ ចំពោះអនាគតការប្រកួតក្នុងលីគកំពូលឥណ្ឌា នៅរដូវកាលក្រោយ។
«ការរៀបចំក្រុមបាល់ទាត់មួយ និងការទ្រទ្រង់ការចំណាយក្នុងក្រុម ក្នុងបាល់ទាត់ឥណ្ឌា គឺប្រៀបបានទៅនឹងការឡើងចំណោតភ្នំខ្ពស់មួយអ៊ីចឹង យើងបានទម្លាក់ចោលរឿងរ៉ាវដទៃផ្សេងទៀត ហើយដើម្បីបង្កើនអ្វីយើងចង់បានក្នុងបាល់ទាត់ពី រដូវកាលមួយទៅ រដូវកាលមួយផ្សេងទៀត។ យ៉ាងណាមិញ ព្រោះតែកង្វះខាតភាពច្បាស់លាស់នៃអនាគតរបស់លីគកំពូលឥណ្ឌា ធ្វើឱ្យយើងគ្មានជម្រើសនោះទេ ប៉ុន្តែយើងត្រូវសម្រេចចិត្តជ្រើសរើសជំហានដ៏លំបាកមួយនេះ។»។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប Bengaluru FC។
បច្ចុប្បន្នស្ថាប័នលីគកំពូលឥណ្ឌា ISL កំពុងត្រូវបានដាក់ឱ្យផ្អាកដំណើរការបណ្តោះអាសន្ត បន្ទាប់ពីការជជែងអំពីកិច្ចសន្យាថ្មី រវាងសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) និងដៃគូសហការផ្សព្វផ្សាយរបស់ពួកគេ ជាស្ថាប័នអភិវឌ្ឍកីឡា ប្រចាំប្រទេសឥណ្ឌា (FSDL) កំពុងជាប់គាំង។
ការជជែកក្នុងការបន្តកិច្ចព្រមព្រៀងថ្មី ដែលបានធ្វើឡើងតាំងពីឆ្នាំ ២០១០ មក ត្រូវបានតុលាការកំពូលឥណ្ឌា ប្រាប់ AIFF មិនឱ្យបន្តកិច្ចព្រមព្រៀងថ្មីជាមួយនឹង FSDL រហូតទាល់តែមានសាលដីការសម្រេចថ្មីណាមួយត្រូវបានធ្វើឡើងសម្រាប់អនុញ្ញាតដល់ AIFF ជាមុនសិន។
ព្រោះតែបញ្ហាផ្ទៃក្នុងរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ក្នុងប្រទេសឥណ្ឌានេះ ហើយ បានធ្វើឱ្យអនាគតក្លិប Bengaluru និងអនាគតរបស់ក្រុមកីឡាករ គ្រូបង្វឹករបស់ក្លិបស្ថិតក្នុងភាពស្រពិចស្រពិល ហើយធ្វើឱ្យក្លិបបញ្ឈប់ការបើកប្រាក់ខែដល់ពួកគេ។
គូសបញ្ជាក់ថា មិនមែនតែក្លិប Bengaluru FC តែមួយនោះទេ ក្លិបបាល់ទាត់ចំនួន ៧ផ្សេងទៀត ក៏នឹងត្រៀមជជែកជាមួយនឹង AIFF ផងដែរ អំពីអនាគតរបស់ក្លិបស្ថិតក្នុងលីគកំពូល ISL សម្រាប់រដូវកាលក្រោយ៕
ប្រភព៖ THMEYTHMEY