ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងត្រូវប្រកួតជាមួយចិន ក្នុងជំនួបទីពីរ ពូល E នៃវគ្គជម្រុះ AFC U-20 Women’s Asian Cup ឆ្នាំ២០២៦ នាថ្ងៃទី៨ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Helan Mountain ប្រទេសចិន ម៉ោង ៦:៣៥យប់ [ម៉ោងនៅកម្ពុជា]។
ចិន ជាក្រុមមានបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិច្រើន ស្របពេលក្រុមនារីកម្ពុជា U20 ទើបមានបទពិសោធន៍ប្រកួតអន្ដរជាតិ ៣លើកប៉ុណ្ណោះ។ បទពិសោធន៍ខ្ចីនេះ អាចពិបាកសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួន ជួបជាមួយក្រុមខ្លាំង។
ការប្រកួតទី១ ក្នុងពូល E កម្ពុជា បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមលីបង់ លទ្ធផល១-០ កាលពីថ្ងៃទី៦ សីហា។ រីឯចិន ដែលជាម្ចាស់ផ្ទះពូលនេះ បានលត់ ស៊ីរី លទ្ធផល ៦-០។ ក្នុងថ្ងៃជាមួយគ្នានេះ ស៊ីរី ត្រូវប្រកួតជាមួយ លីបង់ វេលាម៉ោង ២:៣០រសៀល។
ចិន ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល E ដោយមាន ៣ពិន្ទុ ស្មើគ្នាជាមួយលីបង់ ដែលឈរនៅចំណាត់ថ្នាក់លេខ២។ កម្ពុជា ស្ថិតនៅលេខ៣ មិនមានពិន្ទុ ដូចគ្នានឹងក្រុមស៊ីរី ដែលនៅចំណាត់ថ្នាក់លេខ៤។ ការប្រកួតក្នុងវគ្គចែកពូលនេះ មាន ៣២ក្រុមចូលរួម ដោយចែកចេញជា ៨ពូល។ ពូលនីមួយៗ នឹងចម្រាញ់យកលេខ១ ទាំងអស់ ព្រមទាំងលេខ២ល្អជាងគេ ចំនួន៣ ក្រុម ដើម្បីឡើងទៅវគ្គបន្ទាប់៕
ប្រភព៖ THMEYTHMEY



