លែងមានឈ្នោះ Ronaldo-Messi ក្នុងបញ្ជីបេក្ខភាពប្រជែង Ballon d’Or

កីឡាករប្រចាំប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប Cristiano Ronaldo និង Lionel Messi បើទោះមានអាយុច្រើនហើយក្តី ប៉ុន្តែ​នៅតែអាចបន្តបង្ហាញសមត្ថភាពលេចធ្លោ។ យ៉ាងណាកំពូលខ្សែប្រយុទ្ធទាំង​ពីរ ក្នុងឆ្នាំ ២០២៥ នេះ លែងស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាពប្រជែង Ballon d’Or ចាប់តាំងពីពួកគេ បានឈានជើងចេញពីតំបន់អឺរ៉ុប។

Ballon d’Or ជាពានរង្វាន់ឯកត្តជនដ៏ពិសេសជាងគេបំផុតលើពិភពលោក ដែលត្រូវផ្តល់ទៅកាន់កីឡាករដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យខ្លាំងបំផុតប្រចាំរដូវកាល ក្នុងការរួមចំណែកជួយក្លិបរបស់ពួកគេ។ កីឡាករដែលឈ្នះពានរង្វាន់កំពូលនេះ កន្លងមកសុទ្ធសឹងតែជាកំពូលកីឡាករកម្រិតខ្ពស់ប្រចាំពិភពលោក ហើយក៏មាន Ronaldo ធ្លាប់ឈ្នះ ៥លើក និង Messi ធ្លាប់ឈ្នះដល់ទៅ ៨លើក ផងដែរ។

បច្ចុប្បន្ន Ronaldo នៅតែអាចបន្តស៊ុតគ្រាប់បាល់បញ្ចូលទីបន្តបន្ទាប់ នៅក្លិប Al Nassr ទោះបីជាមានអាយុ ៤០ឆ្នាំ ហើយក្តី។ រដូវកាលមុន ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ស៊ុតបាល់បញ្ចូលទីបាន ២៥គ្រាប់ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ហើយថែមទាំងរកបានគ្រាប់បាល់ ៨គ្រាប់ នៅការប្រកួតពានរង្វាន់ AFC Champions League Elite ថែមទៀត។

ចំណែក Lionel Messi ​វិញ គេក៏បន្តរកបានគ្រាប់បាល់ជាច្រើននៅក្លិប Inter Miami ស្ថិតនៅប្រទេសអាម៉េរិក ហើយក៏បានរួមចំណែកជាច្រើនជួយក្លិបមានម្ចាស់ជាលោក David Beckham មានកម្រិតប្រកួតប្រជែងហក់ឡើងខ្លាំង និងឈ្នះពានរង្វាន់ផ្សេងៗថែមទៀត។

តែយ៉ាងណាទោះបីកំពូលខ្សែប្រយុទ្ធទាំងពីរនៅមានកម្រិតសមត្ថភាពល្អក្នុងការប្រកួតប្រជែងក្តី ប៉ុន្តែអតីតគូប្រជែងទាំងពីរ នៅតំបន់អឺរ៉ុប ក្នុងឆ្នាំ ២០២៥ នេះ ក៏បន្តគ្មានឈ្មោះក្នុងបញ្ជីបេក្ខភាពប្រជែងពានរង្វាន់ Ballon d’Or ទៀតដែរ។ កីឡាករវ័យ ៤០ឆ្នាំ ខកខានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាព Ballon d’Or តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ ពេលគេសម្រេចចិត្តចូលរួមជាមួយនឹង Al Nassr និងជាការបាត់ឈ្មោះលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ពេលគេឈ្នះពានកីឡាករល្អមួយនេះលើកដំបូងក្នុងអាជីព។

ឆ្នាំ ២០២៣ Ronaldo គ្មានឈ្មោះ ប៉ុន្តែ Lionel Messi បន្តឈ្នះ Ballon d’Or លើកទី៨ របស់ខ្លួន ក្រោយសមិទ្ធផលគេជួយដល់អាហ្សង់ទីនឈ្នះ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។ នៅឆ្នាំ ២០២៤ Messi សម្រេចចិត្តផ្លាស់ទៅក្លិប Inter Miami ដែលជាពេលគេបានបាត់ឈ្មោះចេញពីបញ្ជី Ballon d’Or តាំងពីពេលនោះមកដល់ពេលនេះ។

តាមពិតទៅពានរង្វាន់ Ballon d’Or នេះ មិនតម្រូវតែលើកីឡាករលេងនៅក្លិបតំបន់អឺរ៉ុបតែមួយនោះឡើយ ប៉ុន្តែតាមច្បាប់ពានរង្វាន់នេះគឺត្រូវប្រគល់ដល់កីឡាករដែលលេងល្អបំផុតដាច់គេ មកពីលីគបាល់ទាត់ទូទាំងពិភពលោកតែម្តង។ យ៉ាងណាមិញ ការសង្កេតជាក់ស្តែង ពានរង្វាន់ Ballon d’Or នេះហាក់បីជាប្រគល់សំដៅទៅកាន់កីឡាករដែលលេងនៅទ្វីបអឺរ៉ុបតែមួយ ប៉ុណ្ណោះ ខណៈកីឡាករលេងនៅក្លិបស្ថិតក្នុងទ្វីបអាស៊ី ពុំសូវទទួលបានការគោរព ឬទទួលស្គាល់ពីសំណាក់អ្នកបោះឆ្នោតជ្រើសរើសបេក្ខភាព Ballon d’Or ទាំងអស់។

ដោយឡែកសម្រាប់ Ballon d’Or ឆ្នាំ ២០២៥ នេះ ទស្សនាវដ្តី France Football បានប្រកាសបញ្ជីបេក្ខភាព ៣០នាក់ចុងក្រោយ ហើយដែលខ្សែប្រយុទ្ធ Ousmane Dembele និង Lamine Yamal ជាបេក្ខភាពឈានមុខគេបង្អស់។ បញ្ជីឈ្មោះភាគច្រើនពោរពេញដោយកីឡាករជំនាន់ក្រោយ ប្រកួតប្រជែងគ្នាដណ្តើម ​Ballon d’Or ឆ្នាំ ២០២៥ ក៏បានបង្ហាញថារជ្ជកាលការប្រកួតប្រជែងពានរង្វាន់ឯកត្តជនកម្រិតកំពូលមួយនេះ សម្រាប់ Ronaldo និង Messi៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top