Antony និង Garnacho បាត់ប្រជាប្រិយភាព និងត្រូវបានអ្នកចាត់ការក្រុម Manchester United លោក Ruben Amorim ដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកសម្រាប់រដូវកាលថ្មី។ ក្លិប SL Benfica របស់ព័រទុយហ្កាល់ បង្ហាញបំណងចង់ខ្ចី Antony ស្របពេលក្លិប Chelsea កំពុងចរចាខ្សែបម្រើវ័យក្មេង Alejandro Garnacho ទៅរួមក្រុម។
Antony ខ្សែបម្រើសញ្ជាតិប្រេស៊ីល ដែលរដូវកាលមុនបានដាក់ឱ្យខ្ចីជើងទៅក្លិប Real Betis ទឹកដីអេស្ប៉ាញ បានវិលត្រឡប់មកក្លិប Man Utd ក្រោយបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើង។ Man Utd បច្ចុប្បន្នក៏កំពុងសម្លឹងឱកាសលក់ចេញ Antony ផងដែរ ប៉ុន្តែស្ថិតក្នុងតម្លៃមួយដែលខ្ពស់សមរម្យ ក្រោយពីក្លិបបានទិញចូលមកក្នុងតម្លៃប្រមាណជាង ១០០លានដុល្លារ កាលពីឆ្នាំ ២០២២។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN Portugal ក្លិប Benfica បានបង្ហាញបំណងចង់ខ្ចីជើង យក Antony ទៅជួយពង្រឹងក្រុម និងបានទាក់ទងក្លិប Man Utd ដល់ទៅ ២លើក។ ក្លិបបិសាចក្រហមចង់ដាក់លក់ Antony តែម្តងនៅក្នុងតម្លៃជាង ៥០លានអឺរ៉ូ(៥៨លានដុល្លារ)។ ស្របពេល Benfica ចង់បាន ក៏មានក្លិប Brighton & Hove Albion, Bayer Leverkusen និង RB Leipzig ចាប់អារម្មណ៍កីឡាករប្រេស៊ីលផងដែរ។
ដោយឡែក ក្លិប Chelsea វិញ កំពុងតែឈានដល់ការជជែកជាមួយ Man Utd ក្នុងការផ្ទេរយក ខ្សែបម្រើ Alejandro Garnacho ខណៈកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានដាក់ឱ្យហាត់ដាច់ដោយឡែកពីក្រុម ក្រោយពីគេបញ្ចេញពាក្យសម្តីមិនសមរម្យចំពោះក្លិប បន្ទាប់ក្លិបចាញ់ការប្រកួត Europa League រដូវកាលមុន។
កាសែត The Athletic រាយការណ៍ថា ក្លិបម្ចាស់ជើងឯក Club World Cup ឆ្នាំ ២០២៥ បានដើរចូលតុចរចាគ្នាជាមួយក្រុមបិសាចក្រហម លើការនាំយកកីឡាករសញ្ជាតិអាហ្សង់ទីន ទៅចូលរួមក្រុម។ ចំណែកតាមការចុះផ្សាយរបស់កាសែត The Guardian វិញ តម្លៃរបស់កីឡាករវ័យ ២១ឆ្នាំ លើទីផ្សារកាលពីមុនប្រមាណ ៩៣,៧លានដុល្លារ ត្រូវបានទម្លាក់មកនៅត្រឹមតែ ៦៦,៩លានដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យ Chelsea ចាប់អារម្មណ៍ចង់បាន។
កាលពីពេលថ្មីនេះទៀតសោត ក្លិបបិសាចក្រហម និងកីឡាករអាហ្សង់ទីន ក៏ត្រូវបានគេដឹងថាបានសម្រេចចិត្តចែកផ្លូវគ្នាផងដែរ។ ក្រៅពី Chelsea ក្លិប Bayer Leverkusen ដែលស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag ក៏៏ចង់បាន Garnacho ផងដែរ។
ចូលរដូវកាលថ្មីភ្លាម កីឡាករចំនួន ៥រូប ត្រូវបានក្លិប Man Utd សម្រេចចិត្តឱ្យហ្វឹកហាត់ដាច់ដោយឡែក និងឱ្យស្វែងរកក្លិបថ្មី ក្នុងនោះរួមមាន Alejandro Garnacho, Marcus Rashford បច្ចុប្បន្នខ្ចីជើងពេលវែងទៅក្លិប Barcelona, Jadon Sancho, Tyrell Malacia និង Antony។ ការសម្រេចចិត្តដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកក៏ព្រោះតែបញ្ហាទម្រង់លេងកីឡាករទាំងនេះ និងអាកប្បកិរិយា ភាពខ្ចិលច្រអូស ការនិយាយស្តីមិនគោរពអ្នកចាត់ការក្រុមលោក Amorim៕
ប្រភព៖ THMEYTHMEY