ក្លិបណាហ្គាវើលដ៍ បានចាញ់ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតបើកឆាកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់បរាជ័យនៅក្រៅដីនេះ លោក ឃីម បូរី គ្រូបង្វឹកណាហ្គាវើលដ៍ បានមើលឃើញពីចំណុចខ្វះខាតច្រើនរបស់កក្រុមលោកដែលត្រូវកែប្រែសម្រាប់ការប្រកួត។
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកមានប្រសាសន៍ថា ៖«សម្រាប់ការប្រកួតថ្ងៃនេះ ក្រុមរបស់យើងមានបញ្ហាវគ្គទី១ច្រើន ហើយយើងធ្វើអត់បានល្អទៅតាមផែនការដែលបានរៀបចំ។ យើងលេងបានល្អនៅតំបន់ម្ខាង ហើយខ្វះចន្លោះនៅតំបន់ម្ខាងដែលធ្វើឲ្យគេមានឱកាសទាត់ចូលទីយើង។ ខ្ញុំគិតថា យើងត្រូវការកែក្រែចំណុចខ្វះខាតឲ្យបានច្រើនសម្រាប់ការប្រកួតបន្ទាប់។ មួយទៀតនោះគឺកីឡាករត្រូវការប្រមូលស្មារតីឲ្យបានល្អនៅពេលជួបក្រុមខ្លាំងដូចជា ព្រះខ័នរាជស្វាយរៀង»។
នៅពេលសួរថា តើលោកគ្រូយល់ឃើញយ៉ាងណាអំពីព្រះខ័នរាជស្វាយរៀង? គ្រូបង្វឹកកម្ពុជារូបនេះបានឆ្លើយថា ៖«ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ។ ពួកគេនៅតែខ្លាំង គឺកាន់តែខ្លាំង ជាពិសេសខ្សែប្រយុទ្ធរបស់ពួកគេថ្មីសុទ្ធតែល្អ។ ពួកគេមានគុណភាព យើងពិបាកក្នុងការប្រជែងដណ្តើមយល់បាល់ជាមួយពួកគាត់ណាស់។ ខ្ញុំគិតថា ព្រះខ័នរាជស្វាយរៀងឆ្នាំនេះល្អ»។
កីឡាករសញ្ជាតិប្រេស៊ីល Patrick Souza ដែលស៊ុតចូល ២ គ្រាប់នៅវគ្គទី១ និងនៅវគ្គទី២ បានបញ្ជូនបាល់ឲ្យ មិន រតនៈ ទាត់ចូលគ្រាប់ទី៣ បានក្លាយជាកីឡាករល្អប្រចាំការប្រកួត។ នៅសប្តាហ៍បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមអង្គរថាយហ្គឺរ ដែលបានយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ៦-៣៕
ប្រភព៖ KAMPUCHEATHMEY