ក្រុមអត្ដពលិកទូកនាគកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ៦ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) លើវិញ្ញាសា ២០០ម៉ែត្រ ចំណុះ៨នាក់ ដែលបានប្រកួត នាព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន។ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ប្រាប់ថាអត្ដពលិកកម្ពុជា បានបំបែកកំណត់ត្រាថ្មីមួយ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ដែលមានប្រទេសខ្លាំងៗចូលរួមជាច្រើន។
វិញ្ញាសាប្រណាំងទូកនាគ ចម្ងាយ២០០ម៉ែត្រ ចំណុះ ៨នាក់ មាន១២ប្រទេសចូលរួម ហើយចែកចេញជា ២ Heat ដោយក្នុងមួយ Heat មាន៦ប្រទេស។ កម្ពុជាបានឆ្លងផុតវគ្គជម្រុះ ដោយបានជាប់លេខ២ ក្នុង Heat 1 កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៥។ លុះចូលដល់ព្រឹកថ្ងៃទី១០ សីហា អត្ដពលិកទូកនាគកម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលវគ្គនេះ មាន៦ក្រុម ក្នុងនោះមាន ឆាយនីសតាយប៉ិក ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងអ៊ុយក្រែន។
លោក គង់ សុភាព បានប្រាប់ថា អត្ដពលិកកម្ពុជា ធ្វើបានល្អ ដោយបានបំបែកកំណត់ត្រាថ្មីមួយ ក្នុងព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនេះ។ គ្រូបង្វឹករូបនេះ បានប្រៀបធៀបថា កាលពីឆ្នាំ២០២៣ អត្ដពលិកកម្ពុជា បានត្រឹមតែចំណាត់ថ្នាក់លេខ៨ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន។
គ្រូជំនួយរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា៖«អត្ដពលិកទូក បានបំបែកកំណត់ត្រាថ្មីមួយ ដោយកន្លងមកយើងចូលរួម អាស៊ានហ្គេម កាលពីឆ្នាំ២០២៣ យើងបានត្រឹមតែលេខ៨ទេ។ ចូលឆ្នាំ២០២៥ យើងបានចូលរួមក្នុង World Games យើងបានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ហើយយើងបានចំណាត់ថ្នាក់លេខ៦នេះ ពិតជាលទ្ធផលល្អ។ នេះ ក៏ជាការបំបែកកំណត់ត្រាមួយរបស់ក្រុមទូកនាគកម្ពុជាយើង។»។
គួរបញ្ជាក់ផងដែរថា វិញ្ញាសាទូកនាគ ២០០ម៉ែត្រ ចំណុះ៨នាក់នេះ ឥណ្ឌូណេស៊ី ដណ្ដើមបានលេខ១ តាមពីក្រោយដោយថៃ ចំណាត់ថ្នាក់លេខ២ និងចំណាត់ថ្នាក់លេខ៣ ឆាយនីសតាយប៉ិក។ មីយ៉ាន់ម៉ា នៅចំណាត់ថ្នាក់លេខ៤ តាមពីក្រោយ ដោយអ៊ុយក្រែន លេខ៥ និងចំណាត់ថ្នាក់លេខ៦ ក្រុមជម្រើសជាតិកម្ពុជា៕
ប្រភព៖ THMEYTHMEY