គ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានលើកឡើងពីកង្វះខាត ២ ចំណុច ដែលក្រុមត្រូវកែតម្រូវ ទោះដឹកនាំប្រកួតបើកឆាកលីគកំពូលកម្ពុជារដូវកាលថ្មី ទទួលបានលទ្ធផលឈ្នះយ៉ាងធំធេងក៏ដោយ។
កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១០ ខែ សីហា ឆ្នាំ ២០២៥ ក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ បន្ទាប់ពីការប្រកួតបើកឆាកក្នុងលីគកំពូល កម្ពុជា Cambodian Premier League តាមរយៈជ័យជម្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ៣ ទល់នឹង ០។
ក្រោយបញ្ចប់ការប្រកួតលោក Mathew McConkey បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសថា៖ «សម្រាប់ការប្រកួតទាំងមូល យើងមើលទៅបានល្អ។ ជាពិសេសនៅពេល យើងការពារ គឺពួកយើងធ្វើបានល្អ។ រយៈពេលប្រហែល ១០ នាទីដំបូង យើងមានបាល់ល្អៗច្រើន ប៉ុន្តែនៅពេល ណាហ្គាវើលដ៍ បានប្តូរទម្រង់លេងមួយចំនួននៅតំបន់កណ្តាល វាបានធ្វើឱ្យយើងចាប់ផ្តើមមានបញ្ហាខ្លះ»។
គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានមានប្រសាសន៍បន្តថា៖ «ពេលយើងមានបាល់ គឺដូចរាល់ដងដែរ ពួកយើងធ្វើបានល្អ ប៉ុន្តែចំណុច ដែលពួកយើងគួរកែប្រែ គឺយើងត្រូវការស៊ុតបញ្ចូលទីឱ្យបានច្រើនជាងហ្នឹងទៀត។ យើងមិនអាចបាត់បង់ឱកាសនៃការទាត់បញ្ចូលទីទេ នៅពេលយើងមានឱកាសអាចស៊ុតបញ្ចូលទីបាន។ ដូច្នេះ ចំណុចដែលត្រូវកែប្រែ គឺពួកយើងត្រូវការទំនាក់ទំនងគ្នាឱ្យបានល្អ និងបញ្ចប់ទីឱ្យបានច្បាស់»។
តាមរយៈការលើកឡើងរបស់លោក McConkey គឺលោកបានលើកសរសើរអំពីកូនក្រុមរបស់លោក ធ្វើបានល្អនៅក្នុងការប្រកួត ដែលយកឈ្នះ ណាហ្គាវើលដ៍ ៣-០ ។ ទោះបីជាយ៉ាងណា លោកមើលឃើញកូនក្រុមរបស់ខ្លួនហាក់ខ្ជះខ្ជាយគ្រាប់បាល់បន្តិច នៅពេលពួកគេមានឱកាសស៊ុតបញ្ចូលទី។ ជាមួយគ្នានេះ លោកនឹងឱ្យក្រុមទាំងមូលកែប្រែនូវចំណុចខ្វះខាត ២ ចំណុច ដោយទី ១ គឺការទំនាក់ទំនងគ្នាលើទីលាន និងទី ២ គឺការបញ្ចប់ទីសម្រាប់តំបន់ប្រយុទ្ធ។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះប្រកួតដំបូងក្នុងលីគកំពូល កម្ពុជា Cambodian Premier League កាលពីយប់មិញ បានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង ពេលនេះឈរនៅលេខរៀងទី ២ ដោយមាន ៣ ពិន្ទុពេញ និងមានគ្រាប់ចំណេញ ៣ គ្រាប់៕
ប្រភព៖ KAMPUCHEATHMEY