សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានចូលរួមព្រឹត្តិការណ៍កីឡាធំមួយ Cycling Tour Solidarity 2025 នៅប្រទេសម៉ាឡេស៊ី ដែលមានអ្នកចូលរួមប្រមាណ ៦០០០នាក់ ជាការអបអរសារទរដែលប្រទេសមួយនេះក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយានកម្ពុជា បានឲ្យដឹងថា កម្មវិធីដែលម្ចាស់ផ្ទះម៉ាឡេស៊ីបានរៀបចំនេះមានបណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលរួមទាំងអស់សរុបប្រមាណជាង ៦០០០នាក់លេងលើប្រភេទកីឡាជិះកង់ រត់ប្រណាំង និងដើរ។
ព្រឹត្តិការណ៍ធំ Cycling Tour Solidarity 2025 ម្ចាស់ផ្ទះម៉ាឡេស៊ីរៀបចំឡើងក្នុងគោលបំណងបណ្ដុះស្មារតីយុវជនឲ្យលេងកីឡា ផ្សព្វផ្សាយតំបន់ទេសចរណ៍ផង និងជាការអបអរសារទរដែលប្រទេសរបស់គេក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៥ នេះ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានទៅចូលរួមព្រឹត្តិការណ៍ធំ Cycling Tour Solidarity 2025 នេះចំនួន ២នាក់គឺលោក នូ ចំរើន អគ្គលេខាធិការ និងគ្រូបង្វឹកមួយរូបទៀត។ កម្មវិធីនេះបិទបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ៕
ប្រភព៖ KAMPUCHEATHMEY