អ្នកប្រដាល់គុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ បានចូលហ្វឹកហាត់វិញហើយនៅពេលនេះបន្ទាប់ពីរូបគេឃ្លាតពីសង្វៀនប្រកួត និងការហ្វឹកហាត់អស់ជាច្រើនខែមកហើយដោយឧបទ្ទវហេតុរបួសដៃកន្លងទៅនេះ។
ពេជ្រ ប៊ុនសិទ្ធ បានលើកឡើងថា រូបគេអាចវិលត្រឡប់មកកាន់សង្វៀន និងការហ្វឹកហាត់បានវិញហើយបន្ទាប់ពីជាសះស្បើយពីរបួសដៃដោយសារមុតការ៉ូកន្លងទៅនេះ។ រូបគេរង់ចាំតែស្រុកទេសស្រួលបួលវិញ និងខាងសហព័ន្ធបើកដំណើរការប្រកួតវិញប៉ុណ្ណោះ។
កូនសិស្សលោក ពេជ្រ សុផាន់ រូបនេះឃើញចូលហ្វឹកហាត់ និងសមជាមួយសិស្សប្អូនក្នុងក្លឹបរួចមកហើយដែរតាមរយៈវីដេអូបង្ហោះថ្មីៗនេះ។ ដូច្នេះអាចនិយាយបានថារបួសដៃរបស់រូបគេបានជាស្រួលបួលរហូតអាចចូលហ្វឹកហាត់បានជាធម្មតាវិញហើយ។
បញ្ជាក់ដែរថា កីឡាករ ពេជ្រ ប៊ុនសិទ្ធ បានរបួសមុតដៃជាមួយការ៉ូធ្ងន់ធ្ងរអំឡុងខែមីនា ឆ្នាំ២០២៥ កន្លងទៅបន្ទាប់ពីរូបគេបានទៅជួយសាងសងតូបរបស់ប្រពន្ធ។ យ៉ាងណាកាលពីថ្ងៃទី៩ ខែសីហា នេះនៅលើផេកលោក ពេជ្រ សុផាន់ បានបង្ហោះវីដេអូពី ប៊ុនសិទ្ធ ចាប់ផ្ដើមចូលហាត់វិញហើយ៕
ប្រភព៖ KAMPUCHEATHMEY