កីឡាការិនីបីយ៉ាការ៉ុមជម្រើសជាតិកម្ពុជា ស្រួង ភាវី បានឈ្នះជើងឯក LPBA Charity Championship ឆ្នាំ ២០២៥-២៦ ដោយទទួលបានប្រាក់រង្វាន់ ៤០លានវ៉ុន (ជិត៣ម៉ឺនដុល្លារអាមេរិក។
ព្រឹត្តិការណ៍ប្រកួតបីយ៉ាការ៉ុមលំដាប់ពិភពលោកនេះមានកីឡាការិនីជម្រើសឈានមុខចំនួន ១២៨នាក់ដែលត្រូវប្រកួតប្រជែងជាច្រើនដំណាក់កាល និងតឹងតែងបំផុតមុនពេលឈានដល់វគ្គ ៣២ នាក់ចុងក្រោយ។
នៅវគ្គ៣២នាក់ កីឡាការិនីកម្ពុជា ស្រួង ភាវី បានទម្លាក់កីឡាការិនី Oh Do-hee ដោយពិន្ទុ ៣-១ ដើម្បីឡើងទៅកាន់វគ្គ ១៦ នាក់ចុងក្រោយ។ នៅវគ្គ១៦នាក់នេះ កីឡាការិនីកម្ពុជា បានយកឈ្នះកីឡាការិនី Kim Ye-eun ដោយពិន្ទុ ៣-២ ដើម្បីឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ ដែលបានទម្លាក់កីឡាការិនី Park Ye-won ដោយពិន្ទុ ៣-០។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្រួង ភាវី បានយកឈ្នះកីឡាការិនី Han Ji-eun ដោយពិន្ទុ ៣-២ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួបដៃគូចាស់ដ៏ស្វិតស្វាញគឺកីឡាការិនី Kim Min-a ប៉ុន្តែកីឡាការិនីកម្ពុជាមិនបានខកចិត្តឡើយ។ កីឡាការិនីកម្ពុជាបានយកឈ្នះដោយពិន្ទុ ៤-១ ដើម្បីគ្រងជើងឯក។
នេះជាជើងឯក LPBA លើកទី ៩ របស់ ស្រួង ភាវី បន្ទាប់ពីធ្លាប់ឈ្នះចំនួន ៨ ដងមកហើយ។ ជាពិសេសកីឡាការិនីកម្ពុជាបានយកឈ្នះនារីខ្លាំង Kim Min-a ដែលធ្លាប់ធ្វើឲ្យកីឡាការិនីកម្ពុជាធ្លាប់រងបរាជ័យពីរដងក្នុងអាជីព។
កីឡាការិនី ស្រួង ភាវី រកបានប្រាក់រង្វាន់ច្រើនជាងគេគឺ សរុប ៨១លានរ៉ុន ឈរចំណាត់ថ្នាក់លេខ១ នៅក្នុងរដូវកាល ២០២៥-២៦ បន្ទាប់ពីបានឈ្នះជើងឯកចំនួន ៣ លើក ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងអ្នករកបានប្រាក់រង្វាន់ច្រើនបំផុតគ្រប់សម័យកាល (All Season Money Ranking) ជាមួយប្រាក់រង្វាន់ ៣៦២លានវ៉ុន (ប្រហែល ២៥ម៉ឺនដុល្លារអាមេរិក) បន្ទាប់ពីកីឡាការិនីកូរ៉េខាងត្បួង Ga-young Kim ឈរលេខ១ដែលរកបាន ៧២៧លានវ៉ុន (ប្រហែល៥០ម៉ឺនដុល្លារអាមេរិក)៕
ប្រភព៖ KAMPUCHEATHMEY