ខ្សែប្រយុទ្ធរបស់ បារាំង និង Bayern Munich កីឡាករ Kingsley Coman កំពុងកៀកនឹងផ្លាស់ទៅចូលរួមជាមួយក្លិប Al-Nassr នៃលីគ អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League នៅរដូវក្តៅនេះ។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន អាល្លឺម៉ង់ Bild បានឱ្យដឹងថា Coman កាន់តែខិតជិតផ្លាស់ទៅចូលរួមជាមួយក្លិប Al-Nassr ហើយ បន្ទាប់ពីកាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៩ ឆ្នាំរូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបអ្នកមាន អារ៉ាប៊ីសាអ៊ូឌីត ក្នុងកិច្ចសន្យាទទួលបានប្រាក់ឈ្នួលពី ២៩ ទៅ ៣៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំពោះប្រាក់ឈ្នួលនេះ ត្រូវបានគេដឹងថា Coman នឹងទទួលបានច្រើនជាងនៅក្លិបបច្ចុប្បន្នទ្វេដង។
ប្រភពដដែលបានបន្ថែមថា ជំហានបន្ទាប់ ជាពេលដែល Al-Nassr ត្រូវចរចាជាមួយភាគីក្លិប Bayern Munich វិញម្តង ហើយនៅក្នុងការចរចាកន្លងមកត្រូវបានគេដឹងថា ភាគីក្លិប និងក្លិប គឺអាចនឹងព្រមព្រៀងគ្នាលើតម្លៃផ្ទេរចំនួន ៣៥ លានដុល្លារអាមេរិក។
ដោយឡែកប្រភពដ៏គួរឱ្យទុកចិត្តមួយទៀតពីអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ការផ្ទេររបស់ Coman ទៅកាន់ក្លិប Al-Nassr អាចនឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ហើយការផ្ទេរនេះផងដែរ គឺជាការចង្អុរបង្ហាញដោយប្រធានក្រុម Cristiano Ronaldo។
គួរឱ្យដឹងថា Coman គឺនៅសល់សុពលភាពកិច្ចសន្យាជាមួយ Bayern Munich រយៈពេល ២ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕
ប្រភព៖ KAMPUCHEATHMEY