បទ​ពិសោធឆ្នាំ ២០២៣ ធ្វើ​ឲ្យ​ភ្នំពេញក្រោន​មាន​ទំនុក​ចិត្តការ​ប្រកួត​យប់​នេះ

ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ជើង​ឯកលីគ​ព្រុយណេ Kasuka វេលា​ម៉ោង​ ៧:១៥​នាទី​យប់​នេះ​ ក្នុង​វគ្គ​ជម្រុះ AFC Challenge League រដូវ​កាល ២០២៥-២៦ នៅ​ប្រទេស ព្រុយណេ ដើម្បី​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ​ចែក​ពូល។

ការ​ប្រកួត​នេះ ភ្នំពេញ​ក្រោន មាន​ទំនុក​ចិត្ត និង​ស្រេក​ឃ្លាន​ជ័យជម្នះ​ខ្លាំង​ដើម្បី​​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល បន្ទាប់​ពី​មិន​បាន​លេង​ពាន​រង្វាន់​អន្តរជាតិ​អស់​មួយ​រដូវ​កាល។ ក្នុង​បទ​សម្ភាស​ជា​មួយ«កម្ពុជា​ថ្មី»​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ព្រុយណេ លោក Oleg Starynskyi គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន បាន​និយាយ​ថា លោក​បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​របស់​លោក​គឺ​​ចង់​លេង​ខ្លាំង​មែន​ទែន។ ពួក​គាត់​មាន​សន្ទុះ​ចិត្ត និង​ឆន្ទៈ​​​​ខ្ពស់ មោះ​មុត​​ដើម្បី​ស្វែង​រក​ជ័យជម្នះ។ ឆន្ទៈ​ខ្ពស់​ទាំង​នេះ​​​គឺ​បន្ថែម​លើ​ទំនុក​ចិត្ត​ដែល​ធ្លាប់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ពាន​រង្វាន់​អាស៊ី​​តែ​មួយ​ជើង​ដូច​គ្នា ប៉ុន្តែ​ទទួល​បាន​ជោគជ័័យ​កាល​ពី​ឆ្នាំ ២០២៣។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន បាន​លើក​ឡើង​ថា ៖«យើង​មាន​បទ​ពិសោធ​ហើយ​សម្រាប់​ការ​លេង​តែ​មួយ​ប្រកួត​​បាន​កំណត់​ឲ្យ​យើង​ឡើង​ទៅ​វគ្គ​ចែក​ពូល ពាន AFC Cup កាល​ពី​ឆ្នាំ ២០២៣។ ពេល​នោះ​យើង​បាន​លេង​ជា​មួយ​ក្រុម​របស់​សិង្ហបុរី Tampines Rovers ការ​ប្រកួត វគ្គ​ទី១ ពួក​គេ​បាន​នាំមុខយើង ០-២ ទៅ​​ហើយ ប៉ុន្តែ​យើងបាន​វាយ​បក​វិញ​​ដើម្បី​យក​ឈ្នះ​ដោយ​លទ្ធផល ៣-២ ។ កីឡាករ​ទាំង​អស់​មាន​ការ​ប្តេជ្ញា​ខ្លាំង​​សម្រាប់​ការ​វាយបក​រហូត​បាន​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល»។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«អ្វី​ៗ​ទាំង​អស់​កាល​ពី​ពេល​នោះ គឺ​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នេះ​ទៀត។ កីឡាករ​ម្នាក់​ៗ​ខិត​ខំ​ហ្វឹក​ហាត់ ឆន្ទៈ​មោះ​មុត ហើយ​ពួក​គាត់​ស្រេកឃ្លាន​ជ័យជម្នះ​ខ្លាំង ពីព្រោះ​គោល​ដៅ​ចម្បង​របស់​យើង​នៅ​ពេល​នេះ​គឺ​ឡើង​ទៅ​វគ្គ​ចែក​ពូល»។

និយាយ​ពី​ក្រុម​ Kasuka ត្រូវ​បាន​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន និង​ក្រុម​ការងារ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​អន្តរជាតិ។ បើ​ទោះ​បី​ជា​លីគ​បាល់ទាត់​កំពូល​ព្រុយណេ​មាន​កម្រិត​ទាប​ជាង​កម្ពុជា និង​សូម្បី​តែ​គុណភាព​ក្លិប​ក៏​នៅ​មាន​កម្រិត ប៉ុន្តែ​ពួក​គេ​បាន​​នាំ​ចូល​កីឡាករ​បរទេស​ច្រើន​នាក់​ដើម្បី​ពង្រឹង​ក្រុម​។ ពួក​គេ​មាន​ទម្រង់​លេង​វាយ​បក​លឿន​ៗ​តាម​រយៈ​កីឡាករ​បរទេស​​ដែល​ក្លិប​របស់​លោក​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​មែន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top