ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុមជើងឯកលីគព្រុយណេ Kasuka វេលាម៉ោង ៧:១៥នាទីយប់នេះ ក្នុងវគ្គជម្រុះ AFC Challenge League រដូវកាល ២០២៥-២៦ នៅប្រទេស ព្រុយណេ ដើម្បីស្វែងរកកៅអីឡើងទៅវគ្គចែកពូល។
ការប្រកួតនេះ ភ្នំពេញក្រោន មានទំនុកចិត្ត និងស្រេកឃ្លានជ័យជម្នះខ្លាំងដើម្បីឡើងទៅកាន់វគ្គចែកពូល បន្ទាប់ពីមិនបានលេងពានរង្វាន់អន្តរជាតិអស់មួយរដូវកាល។ ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី»មុនពេលចេញដំណើរទៅប្រទេសព្រុយណេ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយថា លោកបានចាប់អារម្មណ៍លើកីឡាកររបស់លោកគឺចង់លេងខ្លាំងមែនទែន។ ពួកគាត់មានសន្ទុះចិត្ត និងឆន្ទៈខ្ពស់ មោះមុតដើម្បីស្វែងរកជ័យជម្នះ។ ឆន្ទៈខ្ពស់ទាំងនេះគឺបន្ថែមលើទំនុកចិត្តដែលធ្លាប់ឆ្លងកាត់វគ្គជម្រុះពានរង្វាន់អាស៊ីតែមួយជើងដូចគ្នា ប៉ុន្តែទទួលបានជោគជ័័យកាលពីឆ្នាំ ២០២៣។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន បានលើកឡើងថា ៖«យើងមានបទពិសោធហើយសម្រាប់ការលេងតែមួយប្រកួតបានកំណត់ឲ្យយើងឡើងទៅវគ្គចែកពូល ពាន AFC Cup កាលពីឆ្នាំ ២០២៣។ ពេលនោះយើងបានលេងជាមួយក្រុមរបស់សិង្ហបុរី Tampines Rovers ការប្រកួត វគ្គទី១ ពួកគេបាននាំមុខយើង ០-២ ទៅហើយ ប៉ុន្តែយើងបានវាយបកវិញដើម្បីយកឈ្នះដោយលទ្ធផល ៣-២ ។ កីឡាករទាំងអស់មានការប្តេជ្ញាខ្លាំងសម្រាប់ការវាយបករហូតបានឡើងទៅកាន់វគ្គចែកពូល»។
លោកបានសង្កត់ធ្ងន់ថា ៖«អ្វីៗទាំងអស់កាលពីពេលនោះ គឺខ្ញុំបានឃើញនៅពេលនេះទៀត។ កីឡាករម្នាក់ៗខិតខំហ្វឹកហាត់ ឆន្ទៈមោះមុត ហើយពួកគាត់ស្រេកឃ្លានជ័យជម្នះខ្លាំង ពីព្រោះគោលដៅចម្បងរបស់យើងនៅពេលនេះគឺឡើងទៅវគ្គចែកពូល»។
និយាយពីក្រុម Kasuka ត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន និងក្រុមការងារចាប់អារម្មណ៍ខ្លាំងចំពោះការត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិ។ បើទោះបីជាលីគបាល់ទាត់កំពូលព្រុយណេមានកម្រិតទាបជាងកម្ពុជា និងសូម្បីតែគុណភាពក្លិបក៏នៅមានកម្រិត ប៉ុន្តែពួកគេបាននាំចូលកីឡាករបរទេសច្រើននាក់ដើម្បីពង្រឹងក្រុម។ ពួកគេមានទម្រង់លេងវាយបកលឿនៗតាមរយៈកីឡាករបរទេសដែលក្លិបរបស់លោកត្រូវការប្រុងប្រយ័ត្នខ្លាំងមែន៕
ប្រភព៖ KAMPUCHEATHMEY