កីឡាបាល់ទាត់ជាកីឡាមួយដ៏ពិសេសជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ដោយសឹងតែគ្រប់ប្រទេសជុំវិញពិភពលោកបានចាប់យកកីឡានេះជាកីឡាអាទិភាពនាំមុខគេមួយ។ តាមរយៈកីឡានេះ បានធ្វើឱ្យកីឡាករអាជីពជាច្រើនជុំវិញពិភពលោក រកបានចំណូលខ្ពស់ផងដែរ។
ប្រាក់ពលកម្មជាច្រើនដែលកំពូលកីឡាករបាល់ទាត់ទាំងអស់នោះ ទទួលបានតាមរយៈការចុះកិច្ចសន្យាជាមួយនឹងក្លិបដែលគេជ្រើសរើសដើម្បីប្រកពអាជីព និងខ្លះបានពីក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ។ ក្រោយពីរកបានប្រាក់ច្រើនហើយ កីឡាករបាល់ទាត់ទាំងនោះ តែងតែផ្លាស់ប្តូរជីវិតនៃការរស់នៅរបស់ពួកគេ តាមបែបស៊ីវីល័យ ប្រើប្រាស់របស់ទំនើបៗ ដូចជារថយន្តប្រណិត និងការរស់នៅផ្ទះតម្លៃថ្លៃៗជាដើម។
រីឯរថយន្តសេរ៊ីទំនើបៗវិញ ភាគច្រើនទៅហើយ ដែលកីឡាករបាល់ទាត់អាជីពល្បីៗ តែងតែបានទិញយកមកប្រើប្រាស់តាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ខ្លះទៀតទិញរថយន្តសេរ៊ីខ្ពស់ៗទំនើបពីក្រុមហ៊ុនល្បីៗលើពិភពលោក ហើយកីឡាករខ្លះមានរថយន្តទំនើបៗជាច្រើនគ្រឿង ហើយវាប្រៀបបានជាទ្រព្យបម្រុងរបស់ពួកគេ។
ខាងក្រោមនេះជារថយន្តសេរ៊ីទំនើបចំនួន ១០ ដែលមានម្ចាស់ជាកំពូលកីឡាករបាល់ទាត់ល្បីៗលើពិភពលោក៖
១. Lionel Messi មានរថយន្តសេរ៊ីចាស់ ម៉ាក Ferrari 335 S Spider Scaglietti តម្លៃប្រមាណ ៣៥លានដុល្លារ
រថយន្តសេរ៊ីចាស់ មានតម្លៃជាប្រវត្តិសាស្ត្រម៉ាក Ferrari 335 S Spider Scaglietti មានម្ចាស់ជាកំពូលខ្សែប្រយុទ្ធដ៏ល្បីល្បាញលើពិភពលោក គឺកីឡាករ Lionel Messi។ ជារថយន្តផលិតឡើងក្នុងឆ្នាំ ១៩៥៧ ហើយរថយន្តនេះ កីឡាករវ័យ ៣៨ឆ្នាំ បានឈ្នះការដេញថ្លៃ ដែលមានតម្លៃ ៣៥លានដុល្លារ។
២. Cristiano Ronaldo មានរថយន្តម៉ាក Bugatti La Voiture Noire តម្លៃខ្ពស់កប់ពពក ១៨,៦លានដុល្លារ
ក្រៅពីប្រភេទរថយន្ត Bugatti ម៉ាកដទៃផ្សេងទៀត កីឡាករកំពុងលេងនៅក្លិប Al Nassr ទទួលបានប្រាក់ខែរាប់រយលានដុល្លាររូបនេះ ក៏ជាម្ចាស់រថយន្តទំនើបម៉ាក Bugatti La Voiture Noire ដែលរថយន្តនេះប្រើប្រាស់ ១ឆ្នាំ ពេញក្នុងការផលិត ហើយការផលិតធ្វើឡើងដោយដៃទាំងអស់ពីសំណាក់សិល្បៈហត្ថកម្មនៃក្រុមហ៊ុន Bugatti ផ្ទាល់។ ជាប្រភេទរថយន្តកម្រផលិតឡើងមក និងកម្រនឹងដាក់លក់ វាមានតម្លៃប្រមាណប្រមាណ ១៨,៦លានដុល្លារ។
៣. Cristiano Ronaldo មានរថយន្ត Bugatti Chiron តម្លៃប្រមាណ ៣លានដុល្លារ
រថយន្តម៉ាក Bugatti Chiron ក៏ជាប្រភេទរថយន្តទំនើបមួយ ដែលកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់មានផងដែរ ហើយរថយន្តនេះគឺជាសេរ៊ីរថយន្តកំពូលដាច់គេ ជាមួយនឹងល្បឿន ព្រមទាំងការរចនារូបរាងវាឡើងមកដ៏ប្រណីតបំផុត ហើយមានវាតម្លៃជាង ៣លានដុល្លារនៅពេលបច្ចុប្បន្ន។
៤. Son Heung Min មានរថយន្តទំនើបម៉ាក Ferrari LaFerrari តម្លៃប្រមាណជិត ៣លានដុល្លារ
Son ក៏ជាម្ចាស់រថយន្តទំនើបបំផុតមួយឈ្មោះថា Ferrari LaFerrari ដែលរថយន្តនេះផលិតឡើងមានចំនួនតិច ហើយតម្លៃបច្ចុប្បន្នប្រមាណជិត ៣លានដុល្លារ។
៥. John Terry មានរថយន្តសេរ៊ីចាស់មានតម្លៃថ្លៃ ម៉ាក Ferrari 275 GTB តម្លៃ ២,២លានដុល្លារ
អតីតខ្សែការពារក្រុម Chelsea ត្រូវបានគេដឹងថាជាម្ចាស់រថយន្តសេរ៊ីចាស់ ផលិតឡើងក្នុងឆ្នាំ ១៩៦០ របស់ក្រុមហ៊ុន Ferrari មានឈ្មោះថា Ferrari 275 GTB ដែលរថយន្តប្រណីតនេះ បានផលិតឡើងតិចតួចបំផុត ហើយវាត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃនាពេលបច្ចុប្បន្ន ហើយវាមានតម្លៃប្រមាណជិត ២,២លានដុល្លារ។
៦. Cristiano Ronaldo មានរថយន្តទំនើប Bugatti Veyron Grand Sport តម្លៃ ២លានដុល្លារ
កំពូលខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ ជាកីឡាករមួយរូបមានភាពល្បីល្បាញលើការលេងប្រើប្រាស់រថយន្តសេរ៊ីទំនើបៗជាងកីឡាករណាទាំងអស់ ភាគច្រើនរូបគេប្រមូលបានប្រភេទរថយន្តម៉ាក Bugatti ច្រើនគ្រឿងទុកក្នុងយានដ្ឋានរបស់គេ។ Ronaldo ត្រូវបានគេដឹងថាជាម្ចាស់មួយរូបរបស់រថយន្តម៉ាក Bugatti Veyron Grand Sport ក៏ទំនើប ហើយមានកម្លាំងខ្លាំងបំផុតមួយ ដែលវាមានតម្លៃ ២លានដុល្លារ មកដល់ពេលនេះ។
៧. Karim Benzemaមានរថយន្តទំនើប Bugatti Veyron Pur Sang តម្លៃ ១,៩លានដុល្លារ
រថយន្តនេះបច្ចុប្បន្នមានតម្លៃ ១,៩លានដុល្លារ លើទីផ្សារ ហើយក៏ជារថយន្តកម្រ ហើយផលិតឡើងចំនួនតិចតួចបំផុត។
៨. Samuel Eto’o មានរថយន្តសេរ៊ីទំនើប Aston Martin One-77 តម្លៃ ១,៨លានដុល្លារ
ប្រភេទរថយន្តមានកម្លាំងមាស៊ីនចំនួនរហូតដល់ទៅ ១២ (V12) រថយន្តដ៏ទំនើបនេះបច្ចុប្បន្នមានតម្លៃ ១,៨លានដុល្លារ។
៩. Lionel Messi មានរថយន្តទំនើប ម៉ាក Pagani Zonda Tricolore តម្លៃ ១,៧លានដុល្លារ
កំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បច្ចុប្បន្នប្រកបអាជីពនៅក្លិប Inter Miami ហើយរូបគេក៏ជាមនុស្សម្នាក់ដ៏មានសំណាងដែលអាចក្លាយជាម្ចាស់កម្មសិទ្ធិរថយន្តដ៏ទំនើបប្រណីតនឹងមានតម្លៃថ្លៃ ម៉ាក Pagani Zonda Tricolore ផលិតដោយប្រទេសអ៊ីតាលី ហើយរថយន្តប្រភេទនេះ មកដល់បច្ចុប្បន្នមានតម្លៃ ១,៧លានដុល្លារ។
១០. លោក Zlatan Ibrahimovic មានរថយន្តម៉ាក Ferrari Monza SP2 តម្លៃ ១,៧លានដុល្លារ
រថយន្តម៉ាក Ferrari Monza SP2 ជាម៉ាករថយន្តដែលផលិតមានចំនួនតិចតួចលើពិភពលោក ហើយបច្ចុប្បន្នរថយន្តប្រភេទនេះមានតម្លៃប្រមាណ ១,៧លានដុល្លារ៕
ប្រភព៖ THMEYTHMEY