នៅ​ក្មេង​សោះ​ រិទ្ធី​ គីងកុង​ អាច​រក​ចំណូល​​ជួយ​ឪពុក​-ម្ដាយ​ បង់ធនាគារ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ រិទ្ធី គីងកុង​ ត្រឹម​ជា​ក្មេង​ប្រុស​ម្នាក់​រៀន​ថ្នាក់​ទី៣​ និង​ទើប​ហាត់​ប្រដាល់​សោះ​អាច​រក​ចំណូល​ជួយ​ដល់​គ្រួសារ​បាន​ចន្លោះ​ពី​ ២លាន​ទៅ​ដល់​ ៤លាន​រៀល​ក្នុង​​មួយ​ខែ​ៗ​​អាស្រ័យ​លើ​ការ​ប្រកួត​ជាក់ស្ដែង។​

លោក​ លឹម​ ហុង ដែល​ជា​ឪពុក​របស់​ រិទ្ធី គីងកុង​ បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​លោក​រូប​នេះ​រក​ចំណូល​ជួយ​ដល់​គ្រួសារ​បាន​ច្រើន​ពី​ការ​ឡើង​ប្រកួត​កន្ល​ងទៅនេះ។​ ប្រសិន​ក្នុង​មួយខែ​ប្រកួត​បាន​ ២ដង​គឺ​រូប​គេ​អាច​រក​ចំណូលបាន​ចន្លោះពី ២លាន​រៀល​ឡើង​ទៅគឺ​បាន​មក​ពី​តម្លៃ​ខ្លួនផង​ និង​ការ​ឧបត្ថម្ភ​ពី​អ្នក​គាំទ្រ​ផង។​

ឪពុក​របស់​ គីងកុង​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កូន​ប្រុស​រូប​នេះ​ជា​កូន​សំណាង​នាំ​លាភ​ដល់​ក្រុម​គ្រួសារ​ និង​បាន​ជួយ​ដល់​ការ​បង់​ធនាគារ​ សម្រាល​បន្ទុក​លោក​បាន​ច្រើន។​ លោក​មិន​បាន​ពឹងផ្អែក​លើ​កូន​នោះ​ទេ​ និង​មិន​បាន​ឲ្យ​កូនចូល​ហាត់​ប្រដាល់​រក​លុយ​អ្វី​នោះដែរ​ ប៉ុន្តែ​ជា​និស្ស័យ​របស់​គេ​ ការ​ស្រឡាញ់​ចង់​ហាត់​ដោយ​ខ្លួន​ឯង។​ ចំណែក​លោក​ និង​ភរិយា​ក៏​ធ្វើការងារ​រោងចក្រ​ និង​លក់​ដូរ​ជា​ធម្មតា​ដែរ។​ យ៉ាងណា​បន្ទាប់​ពី​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ​ បាន​ហាត់​ប្រដាល់​ប៉ុណ្ណេះ​ហើយ​លោក​មាន​តែ​ជួយ​ជំរុញ​លើក​ទឹកចិត្ត​រូប​គេ​ឲ្យ​ខំប្រឹង​បន្ត​ទៀត​ប៉ុណ្ណោះ។​

បញ្ជាក់​ដែរ​ថា​ រិទ្ធី​ គីងកុង​ ជា​ប្អូន​បង្កើត​របស់​ រិទ្ធី​ លីហួរ​ ពួកគេ​ជា​កីឡាករ​ថ្នាល​ និង​កំពុង​មាន​កេរ្តិ៍ល្បី​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ អ្នក​ទាំង​ពីរ​កំពុង​ហ្វឹកហាត់​ប្រដាល់​ជា​មួយ​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​​នា​ពេល​នេះ៕​

ប្រភព៖ KAMPUCCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top