លោក ម៉េត សម្បត្តិ ជាគ្រូកីឡាជើងចាស់ល្បីឈ្មោះមួយរូបនៅកម្ពុជា និងធ្លាប់ជាកីឡាករដែលពោរពេញដោយសមត្ថភាពល្អលើប្រភេទកីឡាបាល់ទាត់ និងអត្តពលកម្មពីជំនាន់ឆ្នាំ ១៩៨០ ផងដែរ។ នៅជំនាន់លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយនោះមកដល់ជំនាន់កូនៗក៏បន្តធ្វើឲ្យវង្សត្រកូន ម៉េត របស់លោកកាន់តែល្បីឈ្មោះថែមទៀតតាមរយៈការឈ្នះមេដាយលើប្រភេទកីឡារៀងខ្លួន។ តោះ! មកដឹងពីប្រវត្តិលោក ម៉េត សម្បត្តិ ទាំងអស់គ្នា…
លោក ម៉េត សម្បត្តិ កើតនៅឆ្នាំ១៩៦៦ ជាអ្នករាជធានីភ្នំពេញ និងបានរៀបការនៅឆ្នាំ១៩៩៤ ជាមួយលោកស្រី ប៉ុល ពេជ្រមន្នី ដែលជាអតីតកីឡាការិនីមួយរូប និងជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គ្រូកីឡាជើងចាស់រូបនេះមានកូន ៣នាក់គឺ កូនទី១ ឈ្មោះ ម៉េត សារី មានអាយុ ៣០ឆ្នាំ កូនទី២ ឈ្មោះ ម៉េត សុភត្ត្រា អាយុ ២៨ឆ្នាំ និងកូនស្រីពៅឈ្មោះ ម៉េត ម៉ារីយ៉ាន់ អាយុ ២៣ឆ្នាំ។
បច្ចុប្បន្នលោកជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងមើលការខុសត្រូវកីឡាករ កីឡាការិនីនៅពហុកីឡដ្ឋានមរតកតេជោ។ ចំណែកកូនទាំង ៣នាក់របស់លោកគឺ ២នាក់ជាកីឡាករវូវីណាម និងម្នាក់ជាកីឡាការិនីសូហ្វតិន្នីស។
ប្រវត្តិ នៃការចាប់លេងកីឡារបស់លោក ម៉េត សម្បត្តិ គឺចាប់រាប់ត្រឹមឆ្នាំ១៩៧៩ ដែលកាលនោះលោកកំពុងសិក្សានៅសាលាបាក់ទូក និងចាប់ផ្ដើមហ្វឹកហាត់រួមទាំងប្រកួតតំណាងឲ្យសាលាទទួលបានជ័យជម្នះជាបន្តបន្ទាប់។
ក្រៅពីចេះលេងបាល់ទាត់ហើយមកលោក ម៉េត សម្បត្តិ ក៏ចាប់ផ្ដើមហាត់កីឡាអត្តពលកម្ម ជាអ្នកគ្រូ លឹម ផល្លា បន្ទាប់មកចាប់ផ្ដើមចូលហ្វឹកហាត់ជាក្រុមនៅពហុកីឡដ្ឋានជាតិជាមួយលោកគ្រូ ឡាច សៀងហី និងអ្នកគ្រូ មាស ខេង រួមជាមួយគ្រូបរទេសមកពីប្រទេសសូវៀត រហូតមានសមត្ថភាពលោកកម្ពស់បានដល់ 1.75 Cm លោតចម្ងាយបានដល់ 6.60 Cm និងលោតបណ្ដាក់ ៣ដង បានចម្ងាយ 13.60 Cm។
ប្រភព៖ KAMPUCHEATHMEY