មកស្គាល់គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ «ជំនាន់ឪពុកល្បីម្ដង ដល់ជំនាន់កូនល្បីម្តងទៀត»

លោក​ ម៉េត​ សម្បត្តិ​ ជា​គ្រូ​កីឡា​ជើង​ចាស់​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា និង​ធ្លាប់​ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ល្អ​លើ​ប្រភេទ​កីឡា​បាល់ទាត់​ និង​អត្តពលកម្ម​ពី​ជំនាន់​​ឆ្នាំ​ ១៩៨០​ ​ផង​ដែរ។​ នៅ​ជំនាន់​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ហើយ​នោះ​មក​​ដល់​ជំនាន់​កូនៗ​ក៏​បន្ត​ធ្វើ​ឲ្យ​វង្សត្រកូន​ ម៉េត​ របស់​លោក​កាន់​តែ​ល្បីឈ្មោះ​ថែម​ទៀត​តាម​រយៈ​ការ​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​រៀងខ្លួន។​ តោះ! មក​ដឹង​ពី​ប្រវត្តិ​លោក​ ម៉េត​ សម្បត្តិ​ ទាំង​អស់​គ្នា…

លោក​ ម៉េត​ សម្បត្តិ​ កើត​នៅ​ឆ្នាំ​១៩៦​៦​ ជា​អ្នក​​រាជធានីភ្នំពេញ និង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៩៤​ ជា​មួយ​លោក​ស្រី ប៉ុល ពេជ្រមន្នី ដែល​ជា​អតីត​កីឡា​ការិនី​មួយ​រូប​ និង​ជា​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ គ្រូ​កីឡា​ជើង​ចាស់​រូប​នេះ​មានកូន ៣នាក់​គឺ ​កូន​ទី១​ ឈ្មោះ​ ម៉េត​ សារី​ មាន​អាយុ​ ៣០​ឆ្នាំ​ កូន​ទី២​ ឈ្មោះ​ ម៉េត​ សុភត្ត្រា អាយុ​ ២៨​ឆ្នាំ​ និង​កូន​ស្រីពៅ​ឈ្មោះ​ ម៉េត ម៉ារីយ៉ាន់​ អាយុ ២៣​ឆ្នាំ។​

បច្ចុប្បន្ន​លោក​ជា​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ដែល​កំពុង​មើល​ការ​ខុសត្រូវ​កីឡាករ​ កីឡា​ការិនី​នៅពហុ​កីឡដ្ឋាន​មរតកតេជោ។ ​ចំណែក​កូន​ទាំង​ ៣នាក់​​របស់​លោកគឺ​ ២នាក់​ជា​កីឡាករ​វូវីណាម​ និង​ម្នាក់​ជា​កីឡា​ការិនី​សូហ្វតិន្នីស។​

ប្រវត្តិ ​នៃ​ការ​ចាប់​លេង​កីឡា​របស់​លោក ម៉េត​ សម្បត្តិ​ គឺ​ចាប់​រាប់​ត្រឹម​ឆ្នាំ​១៩៧៩​ ដែល​កាល​នោះ​លោក​​កំពុង​សិក្សា​នៅ​សាលា​បាក់ទូក​ និង​ចាប់​ផ្ដើមហ្វឹក​ហាត់​រួម​ទាំង​ប្រកួត​តំណាង​ឲ្យ​សាលា​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់។

ក្រៅ​ពី​ចេះ​លេង​បាល់ទាត់​ហើយ​មក​លោក​ ម៉េត​ សម្បត្តិ​ ក៏​ចាប់​ផ្ដើម​ហាត់​កីឡាអត្តពលក​ម្ម ​ជា​អ្នក​គ្រូ​ លឹម​ ផល្លា​ បន្ទាប់​មក​ចាប់ផ្ដើម​​ចូលហ្វឹក​ហាត់ជា​ក្រុម​​នៅ​ពហុ​កីឡដ្ឋាន​ជាតិជា​មួយ​លោក​គ្រូ​ ឡាច​ សៀងហី​ និង​អ្នក​គ្រូ​ មាស​ ខេង​ ​​រួម​ជា​មួយ​គ្រូ​បរទេសមក​ពី​ប្រទេស​សូវៀត​ រហូត​មាន​សមត្ថភាព​លោក​កម្ពស់បាន​​ដល់​ 1.75 Cm​ លោត​ចម្ងាយ​បានដល់​ 6.60 Cm និង​លោត​បណ្ដាក់​ ៣ដង​ បាន​ចម្ងាយ​ 13.60 Cm។​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top