ក្លិប Real Madrid ប្រឆាំងដាច់ខាត លើគម្រោងរៀបចំការប្រកួតក្របខណ្ឌ La Liga រវាងក្លិប Barcelona ទល់នឹង Villarreal នៅទីក្រុងម៉ៃអាមី ប្រទេសអាម៉េរិក។ ក្លិបយក្សប្រចាំអេស្ប៉ាញ ក៏ព្រមានអំពីផែនការទាំងនោះថា នឹងធ្វើឱ្យបាត់ស្ថិរភាពការប្រកួតប្រជែងក្នុងលីគ និងទាមទារឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់តំបន់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ជួយរារាំង។
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) កាលពីថ្ងៃទី១១ សីហា បានអនុញ្ញាតឱ្យការប្រកួតរវាងក្លិប Barcelona និង Villarreal នៅក្របខណ្ឌ La Liga ដែលតាមគម្រោងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ផ្លាស់ពីការរៀបចំក្នុងទឹកដីអេស្ប៉ាញ ទៅរៀបចំនៅកីឡដ្ឋាន Hard Rock ប្រទេសអាម៉េរិកវិញ។
ផែនការនោះត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតក្របខណ្ឌ La Liga និងជាការប្រកួតលីគអឺរ៉ុបដំបូង រៀបចំឡើងនៅលើទឹកដីអាម៉េរិក។ Real Madrid ចេញមុខប្រឆាំង ហើយច្រានចោលសំណើផែនការនោះ ដោយចាត់ទុកថាវានឹងធ្វើឱ្យបាត់ស្ថិរភាពការប្រកួតប្រជែងក្នុងលីគ La Liga។
ក្លិប Real Madrid បានបង្ហាញពីការប្រឆាំងគម្រោងនេះថា៖«ក្លិប Real Madrid ចង់បង្ហាញទៅសមាជិក និងអ្នកគាំទ្របាល់ទាត់ទាំងអស់ ថាយើងបដិសេធដាច់ខាតចំពោះផែនការមួយចំនួនដែលសហព័ន្ធគ្រប់គ្រងបាល់ទាត់បានអនុញ្ញាត។ ដោយគ្មានការផ្តល់ព័ត៌មាន និងការប្រឹក្សាលម្អិតទៅក្លិបជាសមាជិកក្នុងការប្រកួតប្រជែងនេះ (ការរៀបចំជំនួប La Liga នៅអាម៉េរិក) រឿងនេះបានរំលោភលើគោលការណ៍សំខាន់នៃកាលវិភាគការប្រកួត ក្នុងដី និងក្រៅដី ធ្វើឱ្យការប្រកួតអស្ថិរភាព។»។
ក្លិបម្ចាស់ជើងឯក UEFA Champions League ១៥សម័យ ទាមទារឱ្យ UEFA និង FIFA ជួយរារាំងផែនការទាំងនោះផង។ ក្លិប Real Madrid ក៏ព្រមានថា ផែនការនោះនឹងធ្វើឱ្យបាត់សុច្ចរិតភាពក្នុងកីឡា ហើយថាការសម្រេចចិត្តអនុញ្ញាតឱ្យមានការប្រកួតនោះកើតឡើង ជារឿងដែលមិនអាចទទួលយកបាន។
ទោះផែនការប្រកួតក្របខណ្ឌ La Liga រវាងក្លិប Barcelona ទល់នឹង Villarreal ទទួលការអនុញ្ញាតដោយ ស្ថាប័នគ្រប់គ្រងបាល់ទាត់អេស្ប៉ាញក្តី តែបច្ចុប្បន្នសំណើនោះកំពុងរង់ចាំការអនុញ្ញាតពីសំណាក់ UEFA, សហព័ន្ធបាល់ទាត់អាម៉េរិក (US Soccer), សហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងជើង និង FIFA។ ពេលសំណើរទួលការអនុញ្ញាតទាំងអស់រួចហើយ ទើបក្របខណ្ឌ La Liga អាចអនុញ្ញាតសម្រេចចុងក្រោយ ក្នុងការនាំបាល់ទាត់អេស្ប៉ាញ ទៅប្រកួតលើទឹកដីអាម៉េរិកបាន៕
ប្រភព៖ THMEYTHMEY