ភ្នំពេញក្រោន ប៉ះ បឹងកេត ក្នុង​ជំនួប The Classic Match កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍

ការ​ជួប​គ្នា​រវាង​ បឹងកេត និង ភ្នំពេញ​ក្រោន ម៉ោង​ ៦ ល្ងាច​ថ្ងៃ​អាទិត្យ ទី១៧ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​​កាន់​តែ​ពិសេស​ប្លែក​។

ជំនួបនេះត្រូវបានអ្នកគាំទ្រថា The Cambodian Classic Match ដោយសាររាល់ការប្រកួតតែងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ហើយសង្គ្រាមលើទីលានស្មៅបៃតងជក់ចិត្ត។ យ៉ាងណា ប៉ុន្មានរដូវកាលចុងក្រោយ ភ្នំពេញក្រោន ជាក្រុមមានប្រៀបខ្លាំងផ្នែកធនធានកីឡាករល្អៗ ដោយសារម្ចាស់ក្លិបមានធនធានហិរញ្ញវត្ថុខ្ពស់។ ផ្ទុយទៅវិញ បឹងកេត បានព្យាយាមប្រើប្រាស់កីឡាករទាំងស្រុក និងបរទេសតាមលទ្ធភាព ប៉ុន្តែពួកគេមានអ្នកគាំទ្រស្មោះស្ម័គ្រច្រើន។

ភ្នំពេញក្រោន ទទួលបានជ័យជម្នះច្រើនជាងក្នុងប្រវត្តិជួបគ្នា ១៧ លើក គឺឈ្នះ ១១ លើក ខណៈ បឹងកេត ឈ្នះ ៣ លើក ហើយស្មើគ្នា ៣ លើក។ អ្វីគួរឲ្យកត់សំគាល់ បឹងកេត បានបំបែកកំណត់ត្រាអាក្រក់របស់ខ្លួនជាយូរមកហើយដោយបានយកឈ្នះក្នុងលទ្ធផល ៤-៣ សម្រាប់ការជួបគ្នាចុងក្រោយក្នុងលីគចុងរដូវកាលមុន។

ជួប​គ្នា​ជា​ថ្មី​​លើក​នេះ ​អ្វី​​ៗ​ស្ទើរ​តែ​ថ្មី​ទាំង​ស្រុង​ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​​បាន​ផ្លាស់​ប្តូរ​កីឡាករ​ច្រើន។ ភ្នំពេញ​ក្រោន បញ្ចេញ​កីឡាករ​បរទេស​​ស្ទើរ​អស់​កាល​ពីចុង​រដូវ​កាល​មុន។ ពួក​គេ​រក្សា​​ខ្សែ​ការពារ​កូរ៉េ​​ម្នាក់​គត់​គឺ Park Yi-yong ខណៈ​កីឡាករ​បរទេស​៥​នាក់​ទៀត​សុទ្ធ​តែ​ថ្មី​​​​គឺ​​ខ្សែ​ការពារ​រ៉ូមានី Raul Feher និង​ហូឡង់ Rick Ketting។ នៅ​តំបន់​ប្រយុទ្ធ​ពួក​គេ​ដាក់កីឡារអ៊ុយក្រែន Maksym Pryadun, កីឡាករ​នូវែលហ្សេឡង់ Mose Dyer និង​កីឡាករ​ប៊ូឡាវី Makerlo Tellez ព្រម​ទាំងកីឡាករ​ខ្មែរ សា ទី។

ចំណែក​ បឹងកេត វិញ​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ពី​ការ​នាំ​ចូល​កីឡាករ​បរទេស​ល្អ​ៗ​ច្រើន​នៅ​រដូវ​កាល​នេះ។ ពួក​គេ​រក្សា​ទុក​ខ្សែ​ការពារ​ស្កុតឡែន​ Sean Kelly, ខ្សែ​បម្រើ​អង់គ្លេស Charlie Scott  និង​ប្រយុទ្ធ​ស្លាប​ប្រេស៊ីល Iago Bento  ហើយ​បាន​នាំ​ចូល​​ខ្សែ​បម្រើ​សញ្ជាតិ​អូស្ត្រាលី Louis Zabala និងខ្សែ​ប្រយុទ្ធកាមេរ៉ូន Louis Willy Ndongo ព្រម​ទាំង​កីឡាករ​ Thabiso Brown មក​ពី​តំបន់​អាហ្វ្រិក​ខាង​ត្បូង។

សប្តាហ៍​ទី១ ភ្នំពេញ​ក្រោន មិន​ទាន់​បាន​ប្រកួត​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​បាន​ឃើញ​សមត្ថភាព​ហើយ​នៅ​ពេល​​ប្រកួត​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ពាន​ខេមបូឌាន​ស៊ុបភើ​ខាប់ និង​ចុង​ក្រោយ​ឈ្នះ​យ៉ាង​ធំ​ធេង ៦-០ លើ​ក្រុម​ម្ចាស់​ផ្ទះ​ព្រុយណេ Kasuka។

ចំណែក បឹងកេត វិញ​ ​អ្នក​គាំទ្រ​ក៏​មិន​​ទាន់​បាន​ឃើញ​ដិត​ដល់​ដែរ​នៅ​ពេល​​បានឈ្នះ ២-០ លើ​​ក្រុម ឡាយហ្វ ខេត្តព្រះ​សីហនុ ដែលអាច​ចាត់​ទុក​ជា​ក្រុម​នៅ​មាន​កម្រិត។

ចង់​ដឹង​ច្បាស់ ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ អ្នក​គាំទ្រ​នឹង​បាន​ឃើញ​ច្បាស់​ពី​សមត្ថភាព​របស់​ក្រុម​ទាំង​ពីរ​ក្នុង​ជំនួប សប្តាហ៍ទី​២ លីគ​កំពូល​កម្ពុជា ​​នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ចាំ​មើល​ថា​តើ​ក្រុម​ណា​ទទួល​បាន​៣​ពិន្ទុ​ កុំ​ភ្លេច​ទៅ​តាម​ដាន​ឲ្យ​បាន​ច្រើន​កុះករ៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top