ការជួបគ្នារវាង បឹងកេត និង ភ្នំពេញក្រោន ម៉ោង ៦ ល្ងាចថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងកាន់តែពិសេសប្លែក។
ជំនួបនេះត្រូវបានអ្នកគាំទ្រថា The Cambodian Classic Match ដោយសាររាល់ការប្រកួតតែងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ហើយសង្គ្រាមលើទីលានស្មៅបៃតងជក់ចិត្ត។ យ៉ាងណា ប៉ុន្មានរដូវកាលចុងក្រោយ ភ្នំពេញក្រោន ជាក្រុមមានប្រៀបខ្លាំងផ្នែកធនធានកីឡាករល្អៗ ដោយសារម្ចាស់ក្លិបមានធនធានហិរញ្ញវត្ថុខ្ពស់។ ផ្ទុយទៅវិញ បឹងកេត បានព្យាយាមប្រើប្រាស់កីឡាករទាំងស្រុក និងបរទេសតាមលទ្ធភាព ប៉ុន្តែពួកគេមានអ្នកគាំទ្រស្មោះស្ម័គ្រច្រើន។
ភ្នំពេញក្រោន ទទួលបានជ័យជម្នះច្រើនជាងក្នុងប្រវត្តិជួបគ្នា ១៧ លើក គឺឈ្នះ ១១ លើក ខណៈ បឹងកេត ឈ្នះ ៣ លើក ហើយស្មើគ្នា ៣ លើក។ អ្វីគួរឲ្យកត់សំគាល់ បឹងកេត បានបំបែកកំណត់ត្រាអាក្រក់របស់ខ្លួនជាយូរមកហើយដោយបានយកឈ្នះក្នុងលទ្ធផល ៤-៣ សម្រាប់ការជួបគ្នាចុងក្រោយក្នុងលីគចុងរដូវកាលមុន។
ជួបគ្នាជាថ្មីលើកនេះ អ្វីៗស្ទើរតែថ្មីទាំងស្រុង បន្ទាប់ពីក្រុមទាំងពីរបានផ្លាស់ប្តូរកីឡាករច្រើន។ ភ្នំពេញក្រោន បញ្ចេញកីឡាករបរទេសស្ទើរអស់កាលពីចុងរដូវកាលមុន។ ពួកគេរក្សាខ្សែការពារកូរ៉េម្នាក់គត់គឺ Park Yi-yong ខណៈកីឡាករបរទេស៥នាក់ទៀតសុទ្ធតែថ្មីគឺខ្សែការពាររ៉ូមានី Raul Feher និងហូឡង់ Rick Ketting។ នៅតំបន់ប្រយុទ្ធពួកគេដាក់កីឡារអ៊ុយក្រែន Maksym Pryadun, កីឡាករនូវែលហ្សេឡង់ Mose Dyer និងកីឡាករប៊ូឡាវី Makerlo Tellez ព្រមទាំងកីឡាករខ្មែរ សា ទី។
ចំណែក បឹងកេត វិញត្រូវបានអ្នកគាំទ្រមើលឃើញពីការនាំចូលកីឡាករបរទេសល្អៗច្រើននៅរដូវកាលនេះ។ ពួកគេរក្សាទុកខ្សែការពារស្កុតឡែន Sean Kelly, ខ្សែបម្រើអង់គ្លេស Charlie Scott និងប្រយុទ្ធស្លាបប្រេស៊ីល Iago Bento ហើយបាននាំចូលខ្សែបម្រើសញ្ជាតិអូស្ត្រាលី Louis Zabala និងខ្សែប្រយុទ្ធកាមេរ៉ូន Louis Willy Ndongo ព្រមទាំងកីឡាករ Thabiso Brown មកពីតំបន់អាហ្វ្រិកខាងត្បូង។
សប្តាហ៍ទី១ ភ្នំពេញក្រោន មិនទាន់បានប្រកួតទេ ប៉ុន្តែអ្នកគាំទ្របានឃើញសមត្ថភាពហើយនៅពេលប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ក្នុងពានខេមបូឌានស៊ុបភើខាប់ និងចុងក្រោយឈ្នះយ៉ាងធំធេង ៦-០ លើក្រុមម្ចាស់ផ្ទះព្រុយណេ Kasuka។
ចំណែក បឹងកេត វិញ អ្នកគាំទ្រក៏មិនទាន់បានឃើញដិតដល់ដែរនៅពេលបានឈ្នះ ២-០ លើក្រុម ឡាយហ្វ ខេត្តព្រះសីហនុ ដែលអាចចាត់ទុកជាក្រុមនៅមានកម្រិត។
ចង់ដឹងច្បាស់ ល្ងាចថ្ងៃអាទិត្យនេះ អ្នកគាំទ្រនឹងបានឃើញច្បាស់ពីសមត្ថភាពរបស់ក្រុមទាំងពីរក្នុងជំនួប សប្តាហ៍ទី២ លីគកំពូលកម្ពុជា នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។ ចាំមើលថាតើក្រុមណាទទួលបាន៣ពិន្ទុ កុំភ្លេចទៅតាមដានឲ្យបានច្រើនកុះករ៕
ប្រភព៖ KAMPUCHEATHMEY