គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ ថាលោកពិតជាមោទកភាពជាខ្លាំងចំពោះកូនៗទាំង៣នាក់ដែលអាចដណ្ដើមមេដាយជូនប្រទេសកម្ពុជារហូត ១០គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាម្ចាស់ផ្ទះ។
លោក ម៉េត សម្បត្តិ បានឲ្យដឹងថា លោកក៏មិននឹកស្មានថាកូនៗទាំងន៣នាក់របស់លោកបន្តចាប់អាជីពកីឡាដូចជារូបលោកនោះដែរ ថែមទាំងមានសមត្ថភាពល្អក្នុងការលេងកីឡារៀងៗខ្លួនទៅទៀត។ កូនស្រី ម៉េត ម៉ារីយ៉ាន់ ជាកីឡាការិនីឆ្នើមមួយក្នុងប្រភេទកីឡាសូហ្វតិស្នីស។ ចំណែក ម៉េត សារី និង ម៉េត សុភត្រា អ្នកទាំងពីរក៏ជាកីឡាករឆ្នើមលើប្រភេទកីឡាវូវីណាមផងដែរ។
ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នោះកូនទាំង៣នាក់របស់លោកខាងលើនេះអាចដណ្ដើមមេដាយជូនប្រទេសជាតិរហូតដល់ ១០គ្រឿងឯណោះគឺលោកពិតជាសប្បាយរីករាយជាមួយលទ្ធផលដ៏អស្ចារ្យ និងមោទកភាពជាខ្លាំងចំពោះពួកគេ។ លោកពិតជាមិននឹកស្មានថាកូនៗអាចធ្វើបានល្អដ៏ថ្នាក់ហ្នឹងនោះឡើយ ព្រោះកាលវ័យនៅតូចៗជាកុមារដែលមកហាត់កីឡាលេងតាមឪពុកដែលកំពុងគេប៉ុណ្ណោះ។
បញ្ជាក់ដែរថា លោក ម៉េត សម្បត្តិ ជាគ្រូកីឡាជើងចាស់ដែលមានសមត្ថភាពកីឡាយ៉ាងល្អ និងអាចបង្ហាត់បាល់ទាត់ អត្តពលកម្ម អប់រំកីឡាយ និងហែលទឹក។ លោកក៏ជាអតីតអាជ្ញាកណ្ដាលបាល់ទាត់ FIFA ជំនាន់ ១៩៩៩ ផងដែរ។ បច្ចុប្បន្ននេះលោកជាប្រធានការិយាល័យបណ្ដុះបណ្ដាល នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ កូនទាំង៣នាក់របស់លោកក៏ជាអ្នកកីឡាផងដែរ និងកំពុងជាប់ជម្រើសជាតិ គឺកីឡាករ ម៉េត សារី និង ម៉េត សុភក្រា លេងកីឡាវូវីណាម និងកីឡាការិនី ម៉េត ម៉ារីយ៉ាន់ ជាជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា។ មេដាយដែលកូនរបស់លោកឈ្នះទាំងឈ្នះ១០គ្រឿងជូនជាតិនោះរួមមាន មាស ២ ប្រាក់ ៣ សំរឹទ្ធ ៥ ៕
ប្រភព៖ KAMPUVHEATHME