ពីរ​សប្តាហ៍​ដំបូង ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​កំពូល​តារាងលីគ ល្អ​ឥត​ខ្ចោះ​ ដោយ​គ្មាន​ដៃ​គូ​ស៊ុត​ចូល

ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ប្រកួត​​​ពីរ​សប្តាហ៍​ដំបូង​នៃលីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥/២៦។

សប្តាហ៍​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​លើ​ក្រុម ណាហ្គាវើលដ៍ ដោយ​លទ្ធផល ៣-០ នៅ​​ក្នុង​​ផ្ទះ​របស់​ខ្លួន និង​សប្តាហ៍​ទី​២ បាន​យក​ឈ្នះ អង្គរថាយហ្គឺរ ដោយ​លទ្ធផល ៣-០ ទៀត​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។ ពីរ​ប្រកួត​ដំបួង ពួក​គេ​រក​បាន​៦​ពិន្ទុ​ពេញ និង​ស៊ុត​ចូល​ដៃ​គូ ៦ គ្រាប់ ឈរ​លើ​កំពូល​តារាង ហើយ​រក្សា​សំណាញ់​ទី​របស់​ខ្លួន​យ៉ាង​ស្អាត​ដោយ​​ដៃ​គូ​មិន​អាច​ស៊ុត​ចូល​បាន​ឡើយ។

ជា​មួយ​គ្នា​នេះ បឹងកេត រក​បាន​៤​ពិន្ទុ​ ឈរ​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពីឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ដោយ​លទ្ធផល ២-០ និង​ស្មើ​ជា​មួយ ភ្នំពេញ​ក្រោន ០-០។ ក្រុម​កង​យោធពល​ខេមរភូមិន្ទុ ក៏​រក​បាន​៤​ពិន្ទុ បន្ទាប់​ពី​ឈ្នះ វិសាខា ដោយ​លទ្ធផល ២-១ និង​ស្មើ​ណាហ្គាវើលដ៍ ១-១។

ក្រុម​ដែល​រក​បាន​ ៣ ពិន្ទុ​ដូច​គ្នា​គឺ អង្គរថាយហ្គឺរ អឹមអូអាយកំពង់ដេវ៉ា វិសាខា និង​គិរីវង់សុខសែន​ជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ១​ប្រកួត និង​ចាញ់១​ប្រកួត​ដូច​គ្នា​ ហើយ ណាហ្គាវើលដ៍ រក​បាន​១​ពិន្ទុ ពី​ការ​ស្មើ ១ និង​ចាញ់១។ ចំណែក ភ្នំពេញ​ក្រោន រក​បាន១​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ដំបូង​ដោយ​មិន​អាច​ស៊ុត​ចូល​ដៃ​គូ ហើយ​ដៃ​គូ​​ក៏​មិន​អាច​ស៊ុត​ចូល។

ក្រុម​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ​ និង អាយអេសអាយ ដង្កោសែន​ជ័យ ជា​ក្រុម​ដែល​មិន​ទាន់​រក​បាន​ពិន្ទុ។

នៅ​សប្តាហ៍​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ប្រកួត​ជា​មួយ Shan United នៅ​ថ្ងៃ​ទី​២១​ ខែ​សីហា ឆ្នាំ ២០២៥ សម្រាប់​ការ​ប្រកួត​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​​ក្លិប​អាស៊ាន ASEAN Club Championship៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top