ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski បានចាត់ទុក Lamine Yamal ជាកីឡាករដ៏ពិសេសម្នាក់ និងជាប្រភេទកីឡាករកម្រដូចកំពូលកីឡាករ Lionel Messi និង Cristiano Ronaldo ដែរ។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អេស្ប៉ាញ វ័យ ១៨ ឆ្នាំ កំពុងដើរតួនាទីជាកីឡាករដ៏សំខាន់របស់ Barcelona ជាមួយដៃគូប្រយុទ្ធខាងលើរួមមាន Robert Lewandowski និង Raphinha ជាដើម។ ជាមួយគ្នានេះ តាមរយៈទេពកោសល្យ និងសមត្ថភាពដ៏ពិសេសរបស់គេ គឺបានធ្វើឱ្យអ្នកគាំទ្រលើពិភពលោក តែងតែយករូបគេទៅប្រៀបធៀបជាមួយកីឡាករឆ្នើមៗជាច្រើន ដូចជា Neymar, Lionel Messi និង Cristiano Ronaldo។
Lewandowski ដែលជាមិត្តរួមក្រុមរបស់ Yamal ក៏បានមើលឃើញអំពីសមត្ថភាពដ៏កម្ររបស់រូបគេបែបនេះដែរ ដោយលោកចាត់ទុកខ្សែប្រយុទ្ធអេស្ប៉ាញ រូបនេះជាកីឡាករកម្រដូច Messi និង Ronaldo ហើយរយៈពេល ១០ ឆ្នាំ ទើបកើតម្តង។ ដកស្រង់ពាក្យសម្តីដើមចេញពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ វ័យ ៣៦ ឆ្នាំនិយាយថា៖ «Lamine Yamal គឺជាកីឡាករកម្រម្នាក់ ដូច Messi និង Ronaldo ផងដែរ។ កីឡាករដូចគាត់បែបនេះ អ្នកនឹងបានឃើញក្នុងរយៈពេល ១០ ឆ្នាំម្តងប៉ុណ្ណោះ»។
គួរឱ្យដឹងថា Lamine Yamal បច្ចុប្បន្នមានវ័យទើប ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកីឡាករម្នាក់ ដែលតែងតែធ្វើឱ្យក្រុមគូប្រជែងពិបាកទប់ទល់។ កាលពីរដូវកាលមុន ២០២៤-២០២៥ រូបគេបង្ហាញខ្លួនជាមួយ Barcelona សរុបចំនួន ៥៥ ប្រកួត ក្នុងនោះរកបាន ១៨ គ្រាប់ និង ២៥ បញ្ជូន (assist)៕
ប្រភព៖ KAMPUCHEATHMEY